មនុស្សគ្រប់គ្នាសទ្ធតែមានគោលបំណងក្នុងការរស់នៅរៀងៗខ្លួន តែពួកគេមិនមែនសុទ្ធតែអាចសម្រេចគោលដៅជីវិតនោះទេ ព្រោះវាទាមទារឱ្យមានវិធីសាស្រ្ត និងការយកចិត្តទុកដាក់ខ្ពស់ដើម្បីអនុវត្តដំណាក់កាលនានាក្នុងដំណើរជីវិត។
- សូមទាញយកកម្មវិធី Krama Post ទូរសព្ទដៃ Android សូមចុច https://bit.ly/2QiVDk8
- សម្រាប់ទូរសព្ទដៃ Apple (iOS) សូមចុច https://apple.co/33dkMTr
លោក ចេង បូរិទ្ធ អតីតសិស្សពូកែរូបវិទ្យាទូទាំងប្រទេស និងជាសាស្រ្តាចារ្យគណិតវិទ្យា បានលើកឡើងថា ការតាំងចិត្តគឺជាអាវុធដ៏មុតស្រួច ក្នុងការសម្រេចគោលដៅជីវិត ព្រោះមិនថាធ្វើអ្វីនោះទេ ឱ្យតែមានការតាំងចិត្តខ្ពស់ នោះយើងនឹងអាចសម្រេចបានគ្រប់យ៉ាង។ ការតាំងចិត្តនេះ មិនមែនជារឿងងាយស្រួលប៉ុន្មាននោះទេ ព្រោះវាជារឿងដែលងាយចាប់ផ្តើមតែមិនងាយរក្សា។ មនុស្សជាច្រើនមានការតាំងចិត្ត តែពីដំណាក់កាលដំបូងៗ ឬពេលចិត្តពុះកញ្ជ្រោលចង់ធ្វើអ្វីមួយតែមួយភ្លែត បន្ទាប់មកក៏បោះបង់ការតាំងចិត្តនោះចោលវិញ។ ការធ្វើបែបនេះ ទោះខំធ្វើការងាររាប់រយ ក៏មិនអាចសម្រេចមួយណាបានដែរ ព្រោះគ្មានការងារណាអាចសម្រេចបានដោយស្រួលៗនោះទេ។
លោក ចេង បូរិទ្ធ បាននិយាយថា៖ «ដំណើរជីវិតប្រៀបដូចជាការហែលទឹក ប្រសិនបើយើងហែលទៅដល់គោលដៅ នោះយើងនឹងរីករាយជាមួយអ្វីដែលយើងធ្វើ តែប្រសិនបើយើងឈប់កណ្តាលទន្លេ យើងនឹងអស់កម្លាំងកាន់តែខ្លាំងហើយអាចលង់ស្លាប់។ ហេតុនេះការតាំងចិត្តដើម្បីធ្វើអ្វីមួយ ចាំបាច់ត្រូវតែរក្សាកម្លាំងចិត្តធ្វើវាឱ្យបានដល់គោលដៅដែលចង់ទៅ ទោះជាលទ្ធផលល្អឬមិនសូវល្អក៏ដោយ ឱ្យតែយើងច្បាស់លាស់ថាធ្វើវាឱ្យដល់កន្លែងដែលយើងចង់ទៅដល់យើងនឹងអាចកើតជាទម្លាប់វិជ្ជមានក្នុងការសម្រេចសម្មិទ្ធិផលក្នុងជីវិត»។
អ្នកអប់រំខាងលើក៏បានលើកជាឧទាហរណ៍ផងដែរថា ក្នុងការសិក្សាក៏ដូចគ្នា ការប្រកួតប្រជែងនានា វាមិនមែនជារឿងងាយស្រួលនោះទេ តែប្រសិនបើយើងចង់ជោគជ័យក្នុងការសិក្សា យើងអាចប្រឹងប្រែងដោយការតាំងចិត្តខ្ពស់ដើម្បីធ្វើវាបាន។ វាមិនអាចជោគជ័យ ដោយទទួលបានលទ្ធផលល្អ ឬជាប់អាហារូបករណ៍ទៅក្រៅប្រទេសភ្លាមៗនោះទេ តែវាត្រូវការការតាំងចិត្តយូរអង្វែង ដើម្បីដុះខាត់សមត្ថភាពលើមុខវិជ្ជានីមួយៗ។ បន្ថែមពីលើនេះ លោកក៏បានបញ្ជាក់ផងដែរថា លោកក៏ជាមនុស្សដែលមានពិការភាពផងដែរ តែការតាំងចិត្ត បានជំរុញឱ្យលោកក្លាយជាមនុស្សរឹងមាំម្នាក់។ ជាក់ស្តែង ទោះបីជាលោកមានបញ្ហាស្វិតជើង តែលោកអាចជិះកង់បានរាប់រយគីឡូម៉ែត្រ និងខិតខំប្រឹងប្រែងថែរក្សារាងកាយដោយហាត់ប្រាណឱ្យរឹងមាំ បានយ៉ាងល្អថែមទៀតផង។
បន្ថែមពីលើនេះ នៅពេលលោកសិក្សានៅប្រទេសថៃ ទោះបីជាលោកមិនសូវចេះភាសាថៃ តែលោកនៅតែព្យាយាមដោយការតាំងចិត្តខ្ពស់ ដើម្បីអានសៀវភៅទាំងភាសាថៃនិងភាសាផ្សេងៗទៀត រហូតយល់បានស៊ីជម្រៅ។
ត្រង់ចំណុចនេះ លោក បូរិទ្ធ បានបញ្ជាក់ថា មនុស្សម្នាក់ៗមានសមត្ថភាពខ្លាំងហួសពីការស្មានរបស់យើង ហេតុនេះកុំបារម្ភថារឿងណាមួយដែលយើងចង់ធ្វើនោះមិនអាចទៅរួច។ សំខាន់យើងតាំងចិត្តព្យាយាមកុំបោះបង់ នោះយើងនឹងឃើញថា ទោះលទ្ធផលយ៉ាងណាក៏យើងនៅតែរីករាយជាមួយដំណើរជីវិតខ្លួនឯងដែរ៕