មានសិស្សនិស្សិត បញ្ញាវ័នជាច្រើនប្រាថ្នាសិក្សានិងរស់លើទឹកដីអភិវឌ្ឍន៍ ដូចជាប្រទេសជប៉ុនជាដើម ក៏ប៉ុន្ដែយុវជន ប៉ុក អ៉ីឡុង ដែលទទួលបានអាហារូបករណ៍សិក្សាផ្នែកស្រាវជ្រាវពីប្រព័ន្ធផ្សព្វផ្សាយសង្គមនៅប្រទេសជប៉ុនដែលអាចបន្តការងារឬរស់នៅក្នុងប្រទេសជប៉ុនរយៈពេលយូរ ជាមួយឱកាសក្លាយជាពលរដ្ឋជប៉ុនបានបោះបង់ឱកាសនេះរួចក៏ត្រឡប់មកធ្វើការងារនៅប្រទេសកម្ពុជាវិញ។
និយាយពីសមាសភាពរបស់យុវជន ប៉ុក អ៉ីឡុង វិញ ជាក់ស្ដែងយុវជនម្នាក់នេះ គឺជាម្ចាស់ ផេកហ្វេសប៊ុក Saint ដែលមានការគាំទ្រលើស្នាដៃបែបគំនូរឌីជីថលភ្ជាប់ជាមួយខ្លឹមប្លែកៗអប់រំ និងចំនេះដឹងរាប់ម៉ឺននាក់លើបណ្តាញសង្គម ហ្វេសប៊ុក។ ផេករបស់អ៉ីឡុង តែងតែច្នៃរូបភាព និងបានលើកឡើងនូវប្រធានបទរំឭកឡើងវិញនូវអត្តសញ្ញាណជាតិ ក្បួនក្បាច់ខ្មែរនិងការច្នៃប្រឌិតបន្ថែមដែលបង្កើតជាទស្សនីយភាព និងរូបភាពថ្មីប្លែកបែបខ្មែរក្លាយ។
អ៉ីឡុង ក៏បញ្ជាក់ដែរថា Saint គឺជា Lab ឬការពិសោធន៍ជំនាញរបស់ខ្លួនក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គមឬ Social Media នេះ។ យុវជនវ័យ ២១ឆ្នាំនេះក៏ប្រាប់ដែលថា ខ្លួនមិនប្រាថ្នារកភាពល្បីល្បាញឬបង្កើតផេក Saint ជាអាជីពឡើយ តែពិតជាសប្បាយមែន និងរំភើបពេលដែលមានការទទួលស្គាល់និងមានការគាំទ្រយ៉ាងច្រើន តាំងពី ១Like រហូតដល់ រាប់ម៉ឺនLike ដោយលទ្ធផលនេះលាក់ជិតឈឹងពីមិត្តភ័ក្រ្ត និងមនុស្សដែលស្គាល់យុវជនម្នាក់នេះខាងក្រៅ។
ទើបត្រឡប់មកដល់ប្រទេសខ្មែរក្រោយ Covid-19 មានការស្ងប់ស្ងាត់បន្តិចកំឡុងខែមិថុនា អ៉ីឡុង ក៏មានការងារយ៉ាងមមារញឹកខាងផ្នែក ឌីជីថល ឌីហ្សាញ (Digital Design) សម្រាប់ក្រុមហ៊ុនធំមួយ ហើយក៏នៅតែបន្តការងារផ្សព្វផ្សាយនិងស្រាវជ្រាវបន្ថែមពីមាតិកាថ្មីៗ ដើម្បីបង្ហោះផ្សាយនៅលើផេក Saint របស់ខ្លួន។ អ្វីដែលគួរឱ្យកត់សម្គាល់ផងនោះ ការងាររបស់ Saint ក៏មានការទទួលស្គាល់ព្រមទាំងមានអ្នកចង់វិនិយោគឬចង់ទិញគំនូរទាំងនោះមកបោះពុម្ព តែត្រូវបាន អ៉ីឡុងច្រានចោលដោយមិនស្ដាយចំណូលបន្ថែមយ៉ាងច្រើនដែលអាចរកបានពី ផេក Saint។
អ៉ីឡុងបានបកស្រាយថាការមិនទទួលសំណើទិញឬលក់គម្រោងសិល្បៈ ឬផេក Saint ព្រោះរូបគេចង់រក្សាផ្នត់គំនិតដើមរបស់ខ្លួន ដើម្បីចាប់ទុក Saint ជាសហគមន៍មួយដែលមានតែការចែករំលែកប៉ុណ្ណោះ ណាមួយរូបគេផ្ទាល់ ចង់រក្សាជំហរបង្ហាញនូវអ្វីដែលជាចំនេះដឹងដែលមិនមានឡើយរឿង ពាណិជ្ជកម្មជាប់ទាក់ទងឡើយ ក្រៅតែពីយក Saint ជាអ្នកជាតំណាងផ្សព្វផ្សាយផ្ដាច់មុខ ដោយរក្សាភាពដើមរបស់តួអង្គ Saintនិងតួអង្គដទៃទៀតក្នុងផេក Saint និងស្របតាមលក្ខខណ្ឌផ្សេងៗរបស់Saint។
តួអង្គគំនូរជីវចលរបស់អ៉ីឡុងមានឈ្នោះ Saint គឺជាតួអង្គបែបកំប្លែងបង្គប់ដោយអត្ថន័យ និងប្រកបដោយភាពឆ្នៃប្រឌិត។ ប្រហែល ១ឆ្នាំនេះ អ៉ីឡុងតែងព្យាយាមបង្ហោះ មាតិការបស់ខ្លួនជាប្រចាំថ្ងៃ លើផេកហ្វេប៊ុន Saint តាំងតែកំពុងរស់នៅរៀនសូត្រក្នុងប្រទេសជប៉ុនហើយស្ទើរតែគ្មានអ្នកណាដឹងឡើយថា សិល្បករគំនូរឌីជីថលវ័យក្មេងម្ចាស់ផេក Saint គឺជា អ៉ីឡុង សូម្បីតែបងប្អូនមិត្តភ័ក្រ្តរបស់គាត់ក៏មិនដឹងថា Saintគឺជា អ៉ីឡុងដែរ។
គួរតែដឹងដែរថាសិល្បៈគំនូរប្លែករបស់ អ៉ីឡុង ឬ Saint តែងតែភ្ជាប់ជាមួយសំនេរខ្លីខ្លឹមនិងបង្ហាញអត្តចរិករបស់តួអង្គ ដែលបង្កើតបានជាការពិភាក្សា ឬជាការវែកញែកបង្ហាញនូវអត្ថន័យ ឬចំនេះដឹងថ្មីៗ និងបង្កប់ទស្សនៈបែបសេរីនិយម ហើយសំនេររបស់ អ៉ីឡុងតែងផ្តល់ជាចំនេះដឹងប្លែកៗ ជាមួយរូបភាពដ៏គួរឱ្យខ្នាញ់។
បើតាមការបកស្រាយរបស់ អ៉ីឡុង Saint គឺជាការបង្កើតសិល្បៈបែបបង្ហាញចេញនូវអារម្មណ៍ផ្ទាល់ខ្លួនក៏ដូចជាការចែករំលែកបទពិសោធន៍ ចំនេះដឹងដែលខ្លួនយល់ថាត្រូវ និងគួរតែផ្តល់ដោយសេរីលើទម្រង់ឌីជីថលនេះ។ ម្យ៉ាងវិញទៀត អ៉ីឡុងចង់ឱ្យមានការអានដែលមានខ្លឹមសារ និងចំនេះដឹងឱ្យបានកាន់ច្រើនតាមតែអាចធ្វើបាន តាមរយៈការច្នៃប្រឌិតថ្មីនេះ។
អ៉ីឡុង ក៏ប្រាប់ឱ្យដឹងដែលថា មិនលក់សិទ្ធឬគំនូរ Saint នេះទេ តែយុវជននេះស្ម័គ្រចិត្តផ្តល់ជូនគ្រប់គ្នាដែលចង់រូបគំនូរ ឌីជីថល Saintឬរូបភាពផ្សេងក្នុងផេក Saint ទៅប្រើប្រាប់ក្នុងការពង្រីកចំនេះដឹងរបស់ខ្លួនដោយសេរីនិងមិនគិតថ្លៃឡើយ។
យុវជនរូបនេះក៏បន្តទៀតដែរថាត្បិតតែមមាញឹកខ្លាំងយ៉ាងណាក៏ដោយ ក៏រូបគេនៅតែព្យាយាមបន្ថែមដើម្បីគូរូប Saint ជាមួយមាតិកាស្រាវជ្រាវបន្ថែមៗ ដើម្បីចែករំលែកដល់អ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមទៀត តាមលទ្ធភាពរបស់ខ្លួន ដោយចាត់វាចូលក្នុងការចូលរួមចែករំលែកក្នុងសង្គមរបស់ខ្លួន៕
យុវជន ប៉ុក អ៊ីឡុង និងស្នាដៃខ្លះរបស់គាត់