ទឹក ជាប្រភពយ៉ាងសំខាន់សម្រាប់ជីវិតមនុស្សម្នាក់ៗ ព្រោះមនុស្សអាចអត់បាយបានយូរថ្ងៃ តែមិនអាចអត់ទឹកបាននោះទេ។ បច្ចុប្បន្ននេះយើងឃើញថា ការបំពុលទឹកលើពិភពលោកចាប់ផ្តើមមានការកើនឡើងដែលធ្វើឱ្យប្រទេសមួយចំនួនត្រូវជួបបញ្ហាជាច្រើនជាពិសេសបញ្ហាខ្វះទឹកស្អាតប្រើប្រាស់។
ពាក់ព័ន្ធនឹងបញ្ហានេះ បណ្ឌិត Patrick Dixon អ្នកជំនាញផ្នែកយុទ្ធសាស្រ្តនិងព្យាករណ៍បញ្ហាលើពិភពលោកបានបញ្ជាក់ថា កាលពីជាង២០ឆ្នាំមុន លោកបានព្រមានរួចហើយពីសង្គ្រាមទឹក ដែលទឹកនឹងក្លាយជាបញ្ហាសន្តិសុខជាតិ។ បន្ទាប់មកបញ្ហានេះក៏បានកើតឡើងពិតប្រាកដមែននៅក្នុងប្រទេសស៊ីរី និងប្រទេសអ៊ីរ៉ាក់។ លោកថាទន្លេប្រឡាយ ទំនប់ រោងចក្រប្រព្រឹត្តកម្មទឹក និងបណ្តាញបំពង់បង្ហូរទឹកទាំងអស់ បានក្លាយជាគោលដៅរបស់យោធា។ទីក្រុងទាំងមូលនៅតំបន់វាលខ្សាច់ ត្រូវបានដាក់ឱ្យស្ថិតក្នុងតំបន់ដែលមានទឹកតិចឬមិនសូវមានសោះ។
អ្នកជំនាញខាងលើបានបញ្ជាក់ថា យើងអាចមើលឃើញពីសង្គ្រាមដណ្តើមទឹកកើតឡើងរវាងប្រទេសដោយឈ្លោះប្រកែកគ្នា អំពីកម្រិតបរិមាណទឹកហូរចូលក្នុងប្រទេសមួយ ស្ថិតនៅតាមដងទន្លេដ៏វែងឬកម្រិតអនុញ្ញាតឱ្យប្រទេសមួយមានការបំពុលដល់ការផ្គត់ផ្គង់ទឹករបស់ប្រទេសដទៃ។ នៅឆ្នាំ ២០០៦ មានគ្រោះរាំងស្ងួតកើតឡើងនៅទ្វីបអាហ្វ្រិកខាងកើត ដែលបណ្តាលឱ្យកម្រិតទឹកនៅបឹងVictoriaធ្លាក់ចុះ។ នៅពេលនោះដែរ រដ្ឋាភិបាល Uganda បានសម្រេចចិត្ត កាត់បន្ថយបរិមាណទឹកតាមរយៈទំនប់វារីអគ្គិសនី ដែលហូរចេញពីបឹង Victoria ចូលទៅក្នុងប្រភពទន្លេនីល។ សកម្មភាពនេះ បានគំរាមកំហែងដល់វិបត្តិសម្រាប់ប្រទេសមួយចំនួនដូចជា ប្រទេសស៊ូដង់ដែលជាប្រទេសពឹងលើទន្លឹងដ៏ធំមួយនេះ។
ងាកទៅអឺរ៉ុបវិញ ប្រទេសអាល្លឺម៉ង់និងប្រទេសអូទ្រីស ត្រូវបានប្តឹងដោយរដ្ឋជាច្រើននៅតំបន់សមុទ្រខ្មៅតាមរយៈសហភាពអឺរ៉ុប ពីបទបំពុលទន្លេ Danube។ ឥទ្ធិពលនៃជាតិពុលនៅក្នុងទឹកដែលបង្ករដោយសកម្មភាពប្រទេសទាំងពីរនេះបានបណ្តាលឱ្យសមុទ្រខ្មៅ រងផលប៉ះពាល់យ៉ាងច្រើន ដូចជាត្រីរាប់លានក្បាលបានងាប់និងបំផ្លាញជីវៈចម្រុះចំនួន ៤០ប្រភេទផ្សេងទៀត។ លោកព្យាករថា អនាគតទៅអាចនឹងមានបញ្ហាជាច្រើនទៀត ចំពោះភាគីពាក់ព័ន្ធនានានៅម្តុំខ្សែទឹកខាងលើនិងក្រោមទន្លេ ដូចជាកសិករ ភូមិរបស់ប្រជាជន និងប្រទេសមួយចំនួនដែលរងផលប៉ះពាល់។
ហេតុនេះប្រសិនបើការបំពុលបរិស្ថាននៅតែកើតមានឡើង នោះស្ថានភាពអាក្រក់នឹងកាន់តែកើតមានឡើងលើពិភពលោក ព្រោះមនុស្សគ្រប់គ្នាត្រូវការទឹកជាចាំបាច់បំផុតសម្រាប់ការរស់នៅ៕
រូបភាពពី reviewonline.co.za