សិល្បៈករបុរាណខ្មែរម្នាក់ ប្រកាសជ្រើសរើសយុវជននិងយុវនារី ដែលមានបំណងចង់ហាត់រៀនសិល្បៈទម្រង់ល្ខោនខោល និងទម្រង់សិល្បៈរបាំបុរាណផ្សេងៗទៀត ដោយមិនយកថវិកា។
លោក ហង់ ភូមិរ៉ា សិល្បៈករបុរាណ បានបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនថា លោកត្រូវការជ្រើសរើសយុវជន ១៥នាក់និងយុវនារី១០នាក់ ដើម្បីចូលរួមហាត់រៀនល្ខោន របាំបុរាណ ដែលក្នុងនោះយុវជនយុវនារីត្រូវមានអាយុពី ១១ ទៅ៣០ ឆ្នាំ។
តាមរយៈវីដេអូលើបណ្តាញសង្គមហ្វេសប៊ុក លោកបានបញ្ជាក់ថា ក្រុមសិល្បៈយុវជនល្ខោនខោលជំនាន់ថ្មីនិងក្រុមសិល្បៈយុវនារីរបាំបុរាណជំនាន់ថ្មី ចាប់ផ្តើមទទួលពាក្យចុះឈ្មោះចូលហាត់រៀនសិល្បៈបុរាណ ដោយមិនមានការបង់ប្រាក់ឡើយ ហើយការចុះឈ្មោះនេះចាប់ផ្តើមពីខែសីហានេះតទៅ និងឈប់ទទួលពាក្យនៅថ្ងៃទី០៥ ខែកញ្ញាឆ្នាំ២០២០។
លោកថា៖ « សូមយុវជនយុវនារីចូលរួមហាត់រៀន ទម្រង់សិល្បៈល្ខោនខោល និងរបាំបុរាណទាំងអស់គ្នា ដើម្បីលើកស្ទួយនិងថែរក្សាវប្បធម៌សិល្បៈរបស់ដូនតា។ យុវជនយុវនារីទាំងអស់ដែលមានបំណងចង់ចូលរួមហាត់រៀនសិល្បៈអាចចូលរួមចុះឈ្មោះហាត់រៀនដោយសេរី និងមិនមានការចំណាយថវិកាឡើយ »។
គួរជម្រាបផងដែរថា លោក ហង់ ភូមិរ៉ា ចាប់ផ្តើមបណ្តុះបណ្តាលសិល្បៈបុរាណតាំងពីទសវត្សទី៩០មកម្ល៉េះ ហើយសម្រាប់ការត្រៀមបណ្តុះបណ្តាលយុវជន យុវនារី ចូលហាត់រៀនសិល្បៈទម្រង់ល្ខោនខោល និងទម្រង់សិល្បៈរបាំបុរាណជំនាន់ថ្មីនេះ ជាជំនាន់ទី៩មកហើយ ដោយ៨ជំនាន់កន្លងទៅ ធ្លាប់មានយុវជនចូលរួមប្រមាណជាង៥០០នាក់៕
រូបភាពពី នាដក ហង់ ភូមិរ៉ា