ពាក្យទាំង៥នេះ មានតែសេដ្ឋីទេដែលយល់ច្បាស់ជាងអ្នកដទៃ

ជោគជ័យរបស់សេដ្ឋី ឬសហគ្រិន មួយចំនួន កើតចេញពីកន្លែងផ្សេងៗគ្នានិងមានវិធីសាស្រ្ដ ក្នុងការរកលុយផ្សេងៗគ្នា ដែលដំណើរដើម្បីអាច​ក្លាយ​ខ្លួន​ជា​មហាសេដ្ឋី​បានគឺ​មាន​ការ​ប្រកួត​ប្រជែង​ខ្លាំង។

អ្នកត្រូវ​តែធ្វើ​ការងារ​ជាច្រើន​​ដែល​មនុស្ស​ធម្មតា​មិន​អាច​ធ្វើបាន។ ខាងក្រោមនេះជាពាក្យមួយចំនួនដែលសេដ្ឋីទាំងនោះបានយល់ច្បាស់ជាងមនុស្សធម្មតា៖

១. ដែន​កំណត់

មហាសេដ្ឋី​គ្រប់រូប ដែល​ប្រឹង​ប្រែង​ខិតខំ​ធ្វើ​ការងារបង្កើន​ចំណូល​ដោយខ្លួនឯងពួក​គេ​ដឹង​យ៉ាង​ច្បាស់​ ពី​ពាក្យ​ថា​ដែន​កំណត់​ ដោយ​ពួក​គេ​យល់​ថា មហិច្ឆតា​សក្ដានុពល និង គោលបំណង​របស់​មនុស្ស គឺគ្មាន​ដែន​កំណត់​នោះទេ។ 

បុគ្គល​ជា​មហាសេដ្ឋី​ក៏​ដឹង​ដូច​គ្នា​ដែរ​ថា មនុស្ស​សាមញ្ញ​មិន​ធ្វើ​អ្វី​សោះ​ ព្រោះ​ពួក​គេ​យល់​ថាខ្លួន​មិន​មាន​លទ្ធភាព​ដើម្បី​ជម្នះរាល់​ឧបសគ្គ​ទាំង​ឡាយដែលមាន​នៅ​ចំពោះ​មុខ។ រីឯសម្រាប់​បុគ្គល​ដែល​ជោគជ័យ​ពិត​យល់​ឃើញ​ថាបើ​ពួក​គេ​ខិត​ខំ​ប្រឹង​ប្រែង​ពួក​គេ​នឹង​អាច​បំបែក​រាល់​អ្វី​ដែល​ជា​ឧបសគ្គ​នៅ​ចំពោះ​មុខ។ 

២. ភាព​ភ័យ​ខ្លាច

ដើម្បី​ទទួល​បាន​ជោគជ័យ អ្នក​​ត្រូវ​តែ​ជម្រុះ​ចោល​ភាព​ភ័យ​ខ្លាចឲ្យបាន។​ភាព​ភ័យ​ខ្លាច មាន​ច្រើន​ប្រភេទ​ណាស់ដូចជា ខ្លាច​បរាជ័យ ​ខ្លាច​ក្ស័យធន​ ​ខ្លាច​​អាម៉ាស់ឬខ្លាច​បាត់​បង់​មិត្តភ័ក្ដិ​ និង ការ​គោរព​ពី​អ្នកដទៃ​ជា​ដើមដែល​មក​រារាំង​សកម្មភាព​របស់អ្នក​ មិន​ឲ្យ​ដល់​គោល​ដៅ។ ហើយសម្រាប់​មហាសេដ្ឋី​វិញ​ដឹង​ថា​ ភាព​ភ័យ​ខ្លាច​ទាំង​នេះ ​គឺ​ជា​ឧបសគ្គ​ដ៏​ធំ​ដែល​ពួក​គេ​ត្រូវ​ការ​យក​ឈ្នះ​ ដើម្បី​ទទួល​បាន​ជោគជ័យ។ 

​ភាព​ភ័យ​ណាក៏ដោយ ប្រសិន​បើ​អ្នក​ពិត​ជា​រស់​នៅ​ជាមួយ​ភាព​ភ័យ​ខ្លាច​នោះអ្នក​នឹង​មិន​អាច​ដើរ​ដល់​គោលដៅដែលខ្លួនបានកំណត់ឡើយ។

៣. ការ​តស៊ូព្យាយាម

ប្រសិន​បើ​អ្នក​មិន​មាន​ឆន្ទៈ​ ពុះពារក្នុងពេលវេលាដែលជួបលំបាក​នោះ​ទេអ្នក​នឹង​មិន​អាច​ក្លាយ​ខ្លួន​ជា​សហគ្រិន​ល្អ ឬសេដ្ឋី​បាន​ឡើយ។ ការគ្រប់គ្រងអាជីកម្មដោយខ្លួនឯង​គឺ​ជា​រឿង​មួយ​ដ៏​លំបាក ដោយសារ ​ត្រូវប្រឈមមុខនឹងកំហុស​​ច្រើន ជួបការ​បរាជ័យ និងមេរៀនដែលអ្នកត្រូវទទួលយកជាប់រហូតដែល​ជួយ​ធ្វើ​ឲ្យ​អ្នកក្លាយជា​មនុស្ស​ម្នាក់កាន់ល្អប្រសើរ ជាពិសេសនៅពេល​ដែល​ អ្នក​មាន​ឆន្ទៈក្នុងការតស៊ូ ព្យាយាមធ្វើការឲ្យអស់ពីចិត្ត ដើម្បីដល់គោលដៅដែលអ្នកចង់បាន។

៤. ភាព​អត់ធ្មត់

អ្នកត្រូវយល់ឲ្យបានច្បាស់ពីពាក្យ ​អត់ធ្មត់ បើមិនដូច្នោះទេអ្នក​ក៏​មិន​អាច​ក្លាយ​ខ្លួន​ជា ​អ្នកជំនាញ ឬ ឈាន​ដល់​គោលដៅហិរញ្ញវត្ថុ​ដូចការគ្រោងទុកដែរ។ប្រសិន​បើ​អ្នក​ចង់​ក្លាយជាអ្នកមាន អ្នក​ត្រូវ​តែ​មាន​ភាព​អត់​ធ្មត់​ ព្រោះ​រឿងទាំងនោះវាមិនអាច​កើត​ឡើង​តែមួយយប់នោះទេ ដែលផែនការខ្លះ អាច​ចំណាយ​ពេលរាប់​សិបឆ្នាំ ដូច្នេះអ្វីដែលអ្នកត្រូវការ គឺ​ភាព​អត់ធ្មត់ខ្ពស់។ 

៥. គោល​ដៅ

គោលដៅ ​ជា​ពាក្យ​មួយ​ដែលមាន​សារៈសំខាន់​បំផុត សម្រាប់អ្នកជោគជ័យដែលមនុស្សភាគច្រើន មិនបានយល់ច្បាស់ពីវា​ តែសម្រាប់សហគ្រិន ពួកគេដឹងថា ពួកគេរស់នៅ និងស្លាប់ដោយសារតែគោលដៅនោះ។  ត្រូវមានក្ដីសុបិនឲ្យធំគោលបំណងឲ្យខ្ពស់ នឹងត្រូវធ្វើអ្វីគ្រប់យ៉ាងក្នុងផ្លូវល្អ ដើម្បីសម្រេច​គោល​បំណងនិង ក្តី​សុបិន​របស់​ខ្លួន​ នោះ​អ្នក​នឹង​អាច​ក្លាយ​ ​ជា​មហាសេដ្ឋី​ មួយ​រូបដូចគេផងដែរ៕