ស្ថិតក្នុងយុគ្គសម័យបច្ចេកវិទ្យានេះ មនុស្សស្ទើរតែទាំងអស់លើពិភពលោក បានប្រើប្រាស់បណ្តាញបច្ចេកវិទ្យា និងជាពិសេសគឺបណ្តាញសង្គម។
ការប្រើប្រាស់បណ្តាញសង្គមនេះ បានធ្វើឱ្យមនុស្សកាន់តែច្រើនឡើងៗមានឱកាសក្នុងការបង្ហាញភាពមានបាន ភាពហ៊ឺហារនិងសម្ភារនិយមទំនើបៗជាច្រើន។ កត្តានេះបានធ្វើឱ្យអ្នកទស្សនាឬអ្នកលេងបណ្តាញសង្គមខ្លះ បានឈ្លក់វង្វេងជាមួយនឹងភាពហ៊ឺហារនេះ ហើយខិតខំធ្វើគ្រប់យ៉ាងដើម្បីបានបង្ហាញភាពមានបានក្លែងក្លាយក្នុងបណ្តាញសង្គមដូចគេដូចឯង។
លោកស្រី ចេន សុភាព ស្ថាបនិកកីតម្បាញខ្មែរនិងជាសហគ្រិនកម្ពុជាមួយរូប បានលើកឡើងថា សម័យសេដ្ឋកិច្ចឌីជីថល សម្ភារៈឌីជីថល មនុស្សឌីជីថល ទ្រព្យសម្បត្តិឌីជីថល កិត្តិយសមុខមាត់ឌីជីថល ទើបធ្វើឱ្យបុគ្គលមួយចំនួន ឱ្យតម្លៃលើជោគជ័យនិងតម្លៃរបស់មនុស្ស ដែលកើតឡើងដោយការកាឡៃ។ បច្ចុប្បន្ននេះអ្នកណាមានការគាំទ្រច្រើនក្នុងបណ្តាញសង្គម ពេលផ្សព្វផ្សាយអ្វីទៅ មានអ្នកមើលច្រើន គាំទ្រច្រើន ទាំងវីដេអូនិងការកាឡៃរូបថត អ្នកនោះត្រូវបានគេហៅថា ជាអ្នកជោគជ័យ ជាមនុស្សពូកែជាដើម។ បន្ថែមពីលើនេះ មានអ្នកដែលបង្ហាញឡានទំនើបៗ បង្ហាញមាសប្រាស់ ទ្រព្យសម្បត្តិ ផ្ទះធំៗត្រូវបានគេហៅថាជាមនុស្សជោគជ័យ ដោយមិនខ្វល់ច្រើនថា អ្នកនោះជាមនុស្សបែបណា មានចំណេះដឹងកម្រិតណា មានក្រមសីលធម៌នៃការរស់នៅកម្រិតណានោះទេ។ ឱ្យតែពូកែរកលុយបានច្រើន គឺគេរាប់ថាជាមនុស្សពូកែ និងអស្ចារ្យទាំងអស់។
លោកស្រី ចេន សុភាព បាននិយាយថា៖ «គាំទ្រការបង្ហាញពីភាពជោគជ័យ ការខិតខំប្រឹងប្រែងដើម្បីជៀសផុតពីភាពក្រីក្ររបស់បុគ្គលគ្រប់រូប។ ខំប្រឹងឱ្យក្លាយជាអ្នកមាន គឺជារឿងត្រឹមត្រូវ មានឱកាសច្រើនជួយដល់សង្គម តែខ្ញុំគាំទ្រចំពោះបុគ្គលដែលចេះដឹង បុគ្គលដែលជាអ្នកមានពិតប្រាកដ មានគុណធម៌ មានវប្បធម៌ចែករំលែក ជាមួយសណ្តានចិត្តមេត្តា មិនមែនមានទ្រព្យតែម្យ៉ាងនោះទេ ពីព្រោះ ភាពខ្លាំង ពូកែ និងស្រស់ស្អាតរបស់មនុស្សគឺភាពខុសគ្នាហ្នឹងឯង»។
សហគ្រិនខាងលើបានលើកឡើងផងដែរថា សូមកុំវាយតំលៃមនុស្សដោយសារតែភាពសាមញ្ញដែលបុគ្គលម្នាក់ៗមាន សូមមើលខ្លឹមខាងក្នុង គុណតម្លៃពិត ហើយកុំយកបុគ្គលណាម្នាក់ទៅប្រៀបធៀបជាមួយបុគ្គលផ្សេងទៀត ។ ផលិតផលដែលថ្លៃកប់ពពក គឺជាផលិតផលដែលសាមញ្ញមិនមានម៉ូតច្រើនរញ៉េរញ៉ៃ ហើយប្រើប្រាស់បានយូរ ជាមួយគុណភាព ប្រណិត គឺប្រណិត៕
លោកស្រី ជេន សុភាព ស្ថាបនិកកីតម្បាញខ្មែរ