ម៉ាស៊ីនផលិតទឹកបរិសុទ្ធ ដោយបរិយាកាស៥គ្រឿង​ តម្លៃជាង៣០ម៉ឺនដុល្លារ ត្រូវបានផ្ដល់ដល់មន្ទីរពេទ្យធំៗ

រាជធានីភ្នំពេញ៖ ម៉ាស៊ីនផលិតទឹកបរិសុទ្ធដោយបរិយាកាស-WATERGEN (ប្រភេទ GEN-M) ៥គ្រឿង​ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ត្រូវបានប្រគល់ជូនដល់មន្ទីរពេទ្យ​និងកាកបាទក្រហមកម្ពុជា ដោយលោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានគូសបញ្ជាក់អំពីលក្ខណៈពិសេសម៉ាស៊ីនផលិតទឹកបរិសុទ្ធដោយបរិយាកាសធម្មជាតិ-WATERGEN (ប្រភេទ GEN-M) ជាបច្ចេកវិទ្យាមកពីប្រទេសអ៊ីស្រាអែល មានសមត្ថភាពអាចផលិតទឹកបរិសុទ្ធដោយស្វ័យប្រវត្តិពីខ្យល់ក្នុងបរិយាកាសបានប្រមាណ៨០០លីត្រក្នុងមួយថ្ងៃ ដោយមិនចាំបាច់តភ្ជាប់ជាមួយប្រភពទឹកទុយោនិងអាចផ្គត់ផ្គង់ទឹក ប្រកបដោយគុណភាពនិងសុវត្ថិភាពខ្ពស់កាត់បន្ថយផលប៉ះពាល់បរិស្ថានផ្សេងៗថែមទៀតផង ដែលតម្លៃលក់ក្នុងទីផ្សារអាច១គ្រឿង ថ្លៃជាង៦ម៉ឺន

លោកទេសរដ្ឋមន្រ្តីបានលើកឡើងថា៖ ម៉ាស៊ីននេះអាចផ្តល់អត្ថប្រយោជន៍សម្រាប់បងប្អូនប្រជាពលរដ្ឋដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីពេទ្យជួយឱ្យពួកគាត់អាចសន្សំសំចៃថវិកា បានមួយចំណែក និងបានបន្ថែមថា៖ម៉ាស៊ីននេះក៏អាចយកទៅប្រើប្រាស់បាននៅតាមសាលារៀន មន្ទីរពេទ្យមណ្ឌលសុខភាពរបស់បណ្ដាភូមិ ឃុំ ស្រុកទាំងឡាយណាដែលខ្វះខាតទឹកប្រើប្រាស់បានផងដែរ។

ការប្រគល់ជូនម៉ាស៊ីននេះទៅឱ្យមន្ទីរពេទ្យគន្ធបុប្ផា ចំនួន០១គ្រឿងមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈចំនួន០១គ្រឿងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ចំនួន០១គ្រឿង និងកាកបាទក្រហមកម្ពុជាចំនួន០១គ្រឿង(រួមជាមួយនឹងរថយន្តចល័ត និងម៉ាស៊ីងភ្លើងមួយឈុតដើម្បីធ្វើសកម្មភាពមនុស្សធម៌នៅតាមមជ្ឈដ្ឋាននានានៅក្នុងព្រះរាជាណាចក្រកម្ពុជាដែលអាច ជួបគ្រោះរាំងស្ងួត ឬមានតម្រូវការប្រើប្រាស់ទឹកស្អាតជាចាំបាច់៕