កម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិឆ្នាំ ២០២០ ផ្ដើមជម្រុះវគ្គ១

រាជធានីភ្នំពេញ៖ កម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិឆ្នាំ ២០២០ត្រូវបានបើកដំណើរការក្រោមអធីបតិភាព លោក សេរី ជំនះ អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជននិងកីឡា នាថ្ងៃ ២៥ កក្កដា ឆ្នាំ២០២០ នៅអគាររដ្ឋបាលក្រសួងអប់រំ។

កម្មវិធី​នេះ​ធ្វើឡើង​ដើម្បី​បណ្តុះបណ្តាលយុវជនឱ្យ​ចេះប្រើប្រាស់នូវវប្បធម៌សន្ទនាតាមរយៈការជជែកដេញដោលក្នុងការរួមចំណែកដោះស្រាយបញ្ហាជាតិ ឬបញ្ហាផ្សេងៗដែលពួកគេជួបប្រទះ។

ដោយបរិបទនៃការរីករាលដាលជាសកលនៃជម្ងឺកូវីដ១៩បានធ្វើឲ្យដំណើរនៃកម្មវិធីមួយចំនួនត្រូវបានពន្យា រី​ឯគោលដៅនៃការជ្រើសរើសសិស្ស គឺអាចធ្វើបានតែក្នុងរាជធានីភ្នំពេញប៉ុណ្ណោះ។ទោះជាយ៉ាងណាក៏ដោយ អគ្គនាយកដ្ឋានយុវជន បានខិតខំបំពេញការងារ រហូតមកដល់ការជម្រុះវគ្គទី១ដោយល្អប្រសើរផងដែរ។ នេះបើតាមការលើកឡើងរបស់លោក។

លោក សេរី ជំនះ ក៏បានបញ្ជាក់បន្ថែមថា កម្មវិធីនេះនឹងជួយជម្រុញឲ្យប្អូនៗបង្ហាញនូវសមត្ថភាព សាមគ្គីភាព មានភាពរឹងមាំ ចាស់ទុំទាំងគំនិត ដែលជាគ្រាប់ពូជនៃសង្គមនិងក្លាយជាធនធានបញ្ញារបស់ជាតិ។

សូមជម្រាបជូនដែរថា ជាង១០០វិទ្យាល័យ ដែលក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសនិងជូនដំណឹង ក្រសួងទទួលបាន៤០វិទ្យាល័យ។ ហើយក្នុងចំណោម ៤០វិទ្យាល័យ ក្នុងរាជធានីភ្នំពេញ មានតែ ១៦ក្រុមដែល តំណាងឲ្យ១៦វិទ្យាល័យ អាចចូលជម្រុះលើកទី១៕