តោះ!!!មកដឹងពីអត្ថប្រយោជន៍ផ្សិតប៉ក់

ខេត្តព្រះវិហារ៖ ផ្សិតប៉ក់ ផ្សិតផក់ ឬក៏អ្នកខ្លះហៅថាផ្សិតផូងផាំង ដែលភាសាអង់គ្លេសហៅថា Barometer Earthstars, Hygroscopic Earthstar, False Earthstar វាគឺជាប្រភេទផ្សិតដែលអ្នកវិទ្យាសាស្រ្តឲ្យឈ្មោះថាAstraeus hygrometricus piers Morgan ផ្សិតប្រភេទនេះស្ថិតនៅក្នុងអំបូរពូជផ្សិត Diplocystaceae។                                               

ផ្សិតប៉ក់ដែលមួយឆ្នាំមានដុះតែម្តគត់នោះជាប្រភេទផ្សិតដែលមានដុះនៅតាមតំបន់ភ្នំនិងតំបន់ខ្ពង់រាប និងកើតចេញពីដីល្បាយខ្សាច់ ផេះផង់នៃភ្លើងឆេះព្រៃកន្លងមក លុះត្រូវបានការស្រោចស្រពដោយដំណក់ទឹកភ្លៀងក៏កើតចេញជាផ្សិតនេះឡើង។ ផ្សិតប្រភេទនេះ គឺវាខុសពីផ្សិតធម្មតាដោយវាដុះនៅក្នុងដី និងមានរាងមូលដូចពងក្រួចហើយគេអាចសម្គាល់រកវាបានដោយឃើញមានដីពើងប្រះឡើងលើនៅតំបន់ដែលធ្លាប់មានភ្លើងឆេះព្រៃកន្លងមក។

ផ្សិតប៉ក់នេះចាប់ផ្តើមដុះក្នុងអំឡុងខែមេសានិងឧសភា ដោយវាចាប់ផ្តើមដុះនៅម្តុំដីដែលមានសភាពសើមៗ ជាប់រហូត និងដុះដោយផ្តុំគ្នា ភាគច្រើននៅម្តុំគុម្ពស្មៅនៅម្តុំស្លឹកឈើជ្រុះស្ងួតៗ។ ក្នុងនោះផងដែរ ក៏មានផ្សិតប៉ក់ខ្លះបានដាំដុះនៅតាមកសិដ្ឋានដោយប្រើបច្ចេកទេសឲ្យស្របតាមធម្មជាតិ។ ផ្សិតប៉ក់នេះត្រូវបានប្រជាពលរដ្ឋអះអាងថាមានរស់ជាតិឆ្ងាញ់ចម្លែកខុសពីផ្សិតដ៏ទៃទៀត។

ប្រជាជនជនជាតិដើមភាគតិចកួយរស់នៅក្នុងឃុំប្រមេរស្រុកត្បែងមានជ័យ ខេត្តព្រះវិហារបានប្រាប់ឲ្យដឹងថាមានឈ្មួយកណ្តាលចាំទទួលទិញ និងលក់បន្តទៅប្រទេសថៃដោយប្រជាជនថៃពេញនិយម និងជឿរជាក់ថាផ្សិតនេះ គឺប្រភេទផ្សិតដែលមានរស់ជាតិឆ្ងាញ់ ជំនួយកម្លាំងជួយខាត់ឈាម ផ្សះស្មាមរបួស បន្ថអារៈហើមជាំ កាត់បន្ថយការរមាស់ដៃជើង និងជួយកាត់បន្ថយគ្រុនក្តៅផងដែរ។ចំណែកឯតម្លៃវិញត្រូវបានប្រជាជនជាតិដើមភាគតិចកួយប្រាប់ឲ្យដឹងទៀតថាពេលដែលរដូវចាប់ផ្តើមទទួលផលដំបូងគឺអាចលក់បានចាប់ពីតម្លៃ៤ម៉ឺនរៀល ទៅ ៥ម៉ឺនរៀល ក្នុងមួយគីឡូក្រាម។

អ្នកស្រី ពឿន ជឿនប្រជាជនជនជាតិដើមភាគតិចកួយ ដែលកំពុងរស់នៅឃុំប្រមេរ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារបានលើកឡើងថា៖ «ឥឡូវអស់រដូវផ្សិតប៉ក់ហើយ…មុនដំបូងម៉ាគីឡូ ៤ម៉ឺន ហើយបើវានៅខ្ចីអី! ម៉ាគីឡូ​ ៤ម៉ឺន ចុះមក ៣ម៉ឺន២ម៉ឺន រហូតដល់ម៉ាគីឡូ…វាចាស់ហើយ! ឥឡូវរាល់ង៉ៃនៅម៉ាគីឡូ៤ពាន់ អាផ្សិតចាស់អីណ្នឹងណាស់!»។

សូមបញ្ជាក់ថា «ផ្សិតប៉ក់»ជាប្រភេទរុក្ខជាតិម្យ៉ាង ដែលពលរដ្ឋកម្ពុជា ក៏ដូចជាពលរដ្ឋប្រទេសមួយចំនួនទៀតនិយមយកទទួលទានដោយកែច្នៃចេញជាមុខម្ហូបច្រើនមុខដូចជា ស្ងោ ឆា ខ និងស្លរ ជាដើម ដោយសារវាមានរស់ជាតិឆ្ងាញ់ខុសប្លែកពីផ្សិតដ៏ទៃទៀត។