បុរស៥០លាននាក់ នឹងមិនអាចមានកូននៅឆ្នាំ ២០៥០

ពិភពលោកនៅយុគ្គសម័យចុងក្រោយនេះ បានប្រែប្រួលយ៉ាងឆាប់រហ័សទាំងរឿងវិជ្ជមាន និងអវិជ្ជមាន។ ចំណុចវិជ្ជមាន គឺការរស់នៅរបស់មនុស្សពីមួយថ្ងៃទៅមួយថ្ងៃ កាន់តែមានលក្ខណៈងាយស្រួល ដោយសារតែរបស់គ្រប់យ៉ាងត្រូវបានគេផលិតដោយវិទ្យាសាស្រ្តទំនើប ហើយចែកចាយ​យ៉ាងទូលំទូលាយ។ ទន្ទឹមនឹងនេះ វាក៏មានរឿងអវិជ្ជមានផងដែរដោយសារតែរបស់របរប្រើប្រាស់ទាំងអស់​លើពិភពលោកបច្ចុប្បន្ននេះ ជាពិសេស​ផលិតផលធ្វើពីប្លាស្ទីកបានធ្វើឱ្យប៉ះពាល់ដល់លទ្ធភាពបន្តពូជរបស់មនុស្ស។

តាមរយៈ​អត្ថបទនៅក្នុងស្នាដៃ The Future of almost everything បានលើកឡើងថាត្រឹមឆ្នាំ ២០៥០មនុស្សប្រុសប្រមាណជាង ៥០លាននាក់ អាចនឹងមិនមានលទ្ធភាពបង្កើតកូនបាន។ បញ្ហានេះបណ្តាលមកពីផលប៉ះពាល់់នៃ​បរិស្ថាន​ដែលកំពុងកើតមាននាពេលបច្ចុប្បន្ននេះ។ លោកថា​នៅពេលនេះ បរិស្ថាននៃអេកូអុកស៊ីដបរិស្ថាន ជាពិសេស​សារធាតុ Phthalates ពីប្លាស្ទីក ​បានក្លាយជាដើមហេតុដ៏សំខាន់ក្នុងការ​កាត់បន្ថយចំនួនមេជីវិតឈ្មោល​ឱ្យថយចុះប្រមាណពាក់កណ្តាល​។

តាមរយៈការស្រាវជ្រាវបែបវិទ្យាសាស្ត្របានបង្ហាញថា ចំនួនមេជីវិតនៅលើពិភពលោកបានថយចុះចំនួន ៦០% ដោយក្នុងនោះគេសង្កេតឃើញថា បច្ចុប្បន្ននេះមានមនុស្សប្រុសប្រមាណ ២០% ក្នុងប្រទេស​ដាណឺម៉ាក មិនមានកូននោះទេ។ វាជាចរន្តដ៏គួរឱ្យព្រួយបារម្ភ ខណៈរឿងដូចគ្នានេះនឹងកើតឡើងលើពិភពលោក ដែលធ្វើឱ្យមនុស្សកាន់តែច្រើនដែលគ្មានលទ្ធភាពបង្កើតកូនក្នុងរយៈពេល ៨០ឆ្នាំខាងមុខ។

អ្នកជំនាញខាងលើបានបញ្ជាក់ផងដែរថា ដោយសារតែ​បញ្ហាការបំពុលបរិស្ថាន ដោយសារតែធាតុគីមីលើពិភពលោក ក៏អាចបណ្តាលឱ្យមនុស្សប្រុសជាច្រើននាក់ មានជំងឺមហារីក​ពងស្វាស ដែលក៏វាមានឥទ្ធិពលពីឪពុកទៅកូនផងដែរ។ កត្តានេះក៏អាចប៉ះពាល់ផងដែរ ដល់លទ្ធភាពបង្ករកំនើតរបស់មនុស្សលើពិភពលោក។

តាមរយៈការស្រាវជ្រាវរបស់អ្នកវិទ្យាសាស្ត្របានរកឃើញថា សារធាតុពុល Phthalates នេះត្រូវបានគេរកឃើញនៅក្នុងរបស់ប្រើប្រាស់ជាច្រើន ដែលមានជាតិប្លាស្ទីកដូចជា ជែល សាប៊ូ ប្រេងរំអិល ថ្នាំដុសធ្មេញ ស្ព្រាយពណ៌ និង​ថ្នាំមួយចំនួនទៀត។ ហេតុនេះហើយទើបបច្ចុប្បន្ន អ្នកវិទ្យាសាស្ត្រកំពុងស្វែងរកវិធីសាស្រ្តដោះស្រាយដើម្បីធ្វើយ៉ាងណាកាត់បន្ថយផលប៉ះពាល់ដែលអាចនឹងកើតមានឡើងនេះ។ ទោះជាយ៉ាងនេះក្តី កត្តានេះក៏ត្រូវការការចូលរួមពីមនុស្សគ្រប់គ្នាផងដែរលើពិភពលោកក្នុងការគិតគូរពីបរិស្ថាននិងកត្តារួមផ្សំជាច្រើនផ្សេងទៀតក្នងការរស់នៅដើម្បីចូលរួមចំណែកតាមលទ្ធភាពដែលអាចធ្វើបានលើអនាគតនៃពិភពលោកដែលយើងកំពុងរស់នៅ៕