សិក្ខាសាលាមួយឬកិច្ចពិភាក្សាមួយ អាចមានភាពរស់រវើកទៅបានលុះត្រាតែមានអ្នករៀបចំកម្មវិធី ដែលក្នុងនោះក៏មានអ្នកសម្របសម្រួលកម្មវិធីជជែកពិភាក្សាដែរ ព្រោះពួកគេជាអ្នកដាស់ភាពរស់រវើកនិងឆ្កឹះចំណុចរសើបក្នុងប្រធានបទដើម្បីឱ្យវាគ្មិនឆ្លើយបកស្រាយ។
មានមនុស្សជាច្រើនណាស់ចាប់អារម្មណ៍លើការធ្វើជាអ្នកសម្របសម្រួលវេទិកាពិភាក្សា ឬចង់ក្លាយជាអ្នកសម្របសម្រួលល្អ តែពួកគេមិនដឹងវិធីសាស្រ្តក្នុងការអនុវត្តដើម្បីក្លាយជាអ្នកសម្របសម្រួលល្អម្នាក់ក្នុងវេទិកា។ ខាងក្រោមនេះជាវិធីសាស្ត្រមួយចំនួន សម្រាប់អ្នកដែលចង់ក្លាយជាអ្នកសម្របសម្រួលកម្មវិធីកិច្ចពិភាក្សានានា។
១.ស្គាល់ប្រធានបទ និងវាគ្មិន
អ្នកសម្របសម្រួលកិច្ចពិភាក្សា (moderator) ជាអ្នកដែលដឹកនាំកម្មវិធីពិភាក្សាទាំងមូល ឱ្យមានរបៀបរៀបរយនិងបំផុសឱ្យអ្នកចូលរួមមានចម្ងល់ ឬរីករាយតាមការកែច្នៃជាក់ស្តែងរបស់គាត់ ទៅតាមស្ថានការណ៍នៅលើឆាក។ ដើម្បីបង្កើត និងដឹកនាំកិច្ចពិភាក្សាបានល្អ លុះត្រាតែអ្នកសម្របសម្រួលស្គាល់ប្រធានបទច្បាស់ និងវាគ្មិនឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន។
ការស្គាល់ប្រធានបទច្បាស់ អាចកើតចេញពីការពិភាក្សាជាមួយអ្នករៀបចំប្រធានបទ សម្រាប់វាគ្មិនម្នាក់ៗនិងសិក្សាស្រាវជ្រាវពីរឿងរ៉ាវសំខាន់ៗ ពាក់ព័ន្ធនឹងប្រធានបទដែលវាក៏ជាតម្លៃសំខាន់មួយសម្រាប់អ្នកសម្របសម្រួលផងដែរក្នុងការតម្រង់ទិសវេទិកា ប្រសិនបើវាគ្មិនឆ្លើយមិនស្របនឹងស្ថានភាពជាក់ស្តែងឬខុសពីអ្វីដែលជាការពិត។ ម្យ៉ាងវិញទៀត ការស្គាល់និងភាពប៉ិនប្រសប់ក្នុងការមើលមនុស្ស ជាចំណុចសំខាន់មួយដែលអ្នកសម្របសម្រួលត្រូវតែចេះព្រោះថា វាគ្មិនអាចមានចរិតផ្សេងគ្ នាដោយអ្នកខ្លះចូលចិត្តឱ្យមានការសួរដេញដោលលើចំណុចរសើប អ្នកខ្លះចូលចិត្តលេងសើចអ្នកខ្លះប្រកាន់ច្រើន ឬអ្នកខ្លះទៀតចូលចិត្តពង្វាងចម្លើយជាដើម។ នៅពេលដែលអ្នកសម្របសម្រួលស្គាល់ពីស្ថានភាពរបស់អ្នកឆ្លើយបានហើយ គាត់នឹងអាចច្នៃសំណួរនិងប្រើប្រាស់ពាក្យពេចន៍ដើម្បីធ្វើយ៉ាងណាដឹកនាំកិច្ចពិភាក្សាឱ្យទទួលបានជោគជ័យ។
៣.ចាប់ចំណុចមិនសូវច្បាស់ ឬចំណុចរសើបដើម្បីសួរលម្អិត
នៅក្នុងសង្គមជាក់ស្តែងមានរឿងជាច្រើន ដែលជាចម្ងល់សម្រាប់មនុស្សទូទៅហើយចម្ងល់ទាំងអស់នោះ ក៏អាចជាចម្ងល់របស់អ្នកចូលរួមស្តាប់កិច្ចពិភាក្សាដែរ ហេតុនេះប្រសិនបើអ្នកជាអ្នកសម្របសម្រួលល្អម្នាក់ អ្នកចាំបាច់ត្រូវតែស្រាវជ្រាវព័ត៌មានឱ្យបានច្បាស់ ហើយដាក់សំណួរឱ្យវាគ្មិនបកស្រាយបន្ថែមលើគំនិតដែលស្រពេចស្រពិលទាំងអស់នោះ។ អ្នកសួរអាចចាប់ផ្តើមដោយពាក្យថា «ខ្ញុំមិនច្បាស់ថា» រួចបង្កើតជាសាច់រឿងមួយដែលគ្រប់គ្នាកំពុងគិត ហើយបញ្ចប់ដោយពាក្យថា «សូមវាគ្មិនបកស្រាយលើចំណុចដែលកំពុងខ្វែងគំនិត ឬមិនទាន់ច្បាស់លាស់នេះ» ដើម្បីស្វែងរកឱ្យឃើញនូវគំនិតយោបល់ ពីអ្នកជំនាញសម្រាប់សាធារណជន ជាពិសេសដើម្បីជាចំណុចចាប់ផ្តើមសម្រាប់បំផុសឱ្យអ្នកចូលរួមកាន់តែមានគំនិតច្រើនក្នុងការចូលរួមចោទសួរ។
ការធ្វើបែបនេះ អាចធ្វើឱ្យវេទិកាមួយចាប់ផ្តើមមានសកម្មភាព និងគុណតម្លៃស្របគ្នាដែលវាគ្មិនក៏អាចសប្បាយចិត្តមិនមែនសួរឱ្យតែបានសួរនោះទេ។
3.ចេះបង្វែរស្ថានការណ៍ និងគ្រប់គ្រងពេលវេលាឱ្យបានល្អ
មនុស្សម្នាក់ៗមានគំនិតខុសគ្នា មានការយល់ឃើញផ្សេងគ្នា លើគ្រប់រឿងរ៉ាវដែលកើតមានឡើងនៅក្នុងការរស់នៅហេតុនេះ ការធ្វើប្រធានបទពិភាក្សាណាមួយមិនអាចចៀសផុតពីការខ្វែងគំនិតឬនិយាយចេញនូវគំនិតដែលអាចប៉ះពាល់ ឬអាចចេញឆ្ងាយពីប្រធានបទហេតុនេះអ្នកសម្របសម្រួលមានតួនាទីក្នុងការហៅមកវិញនូវភាពវិជ្ជមានក្នុងកិច្ចពិភាក្សានិងគ្រប់គ្រងស្ថានការណ៍ឱ្យបាន។
វិធីសាស្ត្របង្វែរស្ថានការណ៍ អាចធ្វើបានដោយការចោទជាសំណួរផ្ទុយ ឬបង្កើតសំណួរបន្ថែមដើម្បីរុញចំណុចសំខាន់ឱ្យចេញ។ វិធីសាស្ត្រមួយផ្សេងទៀត គឺអាចបង្វែរសំណួរទៅកាន់វាគ្មិនបន្ទាប់ដោយការកាត់សាច់រឿងប្រកបដោយភាពសមរម្យមួយឬដោយការលើករឿងសាមញ្ញមួយដែលអស់សំណើចដើម្បីបង្វែរការគិតរបស់មនុស្សគ្រប់គ្នាមុននឹងឈានចូលសំណួរថ្មី។
ចំណែកឯបញ្ហាពេលវេលា ក៏ជារឿងសំខាន់មួយដែរសម្រាប់ការផ្តល់ភាពស្មើគ្នាដល់វាគ្មិនម្នាក់ៗអ្នកសួរ និងវេទិកាទាំងមូល ហេតុនេះអ្នកសម្របសម្រួលគឺត្រូវតែជាអ្នកមានភាពឆ្លាតវៃ ក្នុងការគ្រប់គ្រងឬទប់អ្នកដែលកំពុងតែចង់ដឹងកុំឱ្យខឹង ឬអន់ចិត្តនៅមុនពេលនឹងបញ្ចប់វេទិកា៕