អនាគត ភាសាមួយនេះ នឹងគ្របដណ្តប់គេហទំព័រពិភពលោក តែមិនមែនភាសាអង់គ្លេស

បច្ចុប្បន្ននេះ ភាសាដែលប្រើប្រាស់ច្រើននៅលើពិភពបច្ចេកវិទ្យាគឺភាសាអង់គ្លេស តែអនាគតទៅភាសានេះអាចនឹងលែងមានឥទ្ធិពលខ្លាំងជាងគេទៀតហើយ ព្រោះបច្ចុប្បន្ននេះ បើមើលលើទិន្នន័យដែលបញ្ជាក់ដោយកាសែត Washington Post ដែលផ្សាយថ្មីៗនេះបានឱ្យដឹងថា ភាសាចិនជាភាសាទី1ដែលមានជនជាតិដើម(native speaker) និយាយច្រើនជាងគេ។

ស្ថាប័នដដែលបានបញ្ជាក់ថា ភាសាដែលមានប្រជាជននិយាយ ជាភាសាកំណើតច្រើនជាងគេ លើពិភពលោកនាពេលបច្ចុប្បន្ននេះគឺភាសាចិន បើរាប់ជាចំនួនគឺ 1.39ពាន់លាននាក់ ខណៈភាសាអង់គ្លេសឈរនៅលំដាប់ថ្នាក់លេខ3។

តាមការព្យាករណ៍របស់អ្នកជំនាញផ្នែកព្យាករណ៍ និងយុទ្ធសាស្រ្ត បណ្ឌិត Patrick Dixon បានបញ្ជាក់ថា ភាសាចិនកុកងឺ ជាភាសាដែលអ្នកប្រើប្រាស់អ៊ីនធើណិតរហូតដល់ទៅ ៨០០លាននាក់ ស្របពេលដែលបច្ចុប្បន្ននេះប្រទេសចិនជាទីផ្សារពាណិជ្ជកម្ម​តាមប្រព័ន្ធអេឡិចត្រូនិក (e-commerce) ធំជាងគេបំផុតលើពិភពលោក។ បើគិតពីចំណែកទីផ្សាររួមរហូតមកដល់ពេលនេះ ចិនក្រោបក្តាប់ទីផ្សារតាមប្រព័ន្ធអេឡិចត្រូនិក ៤០ភាគរយបាត់ទៅហើយ។

អ្នកជំនាញខាងលើបានបញ្ជាក់ថា ក្រុមហ៊ុន Alibaba ជាក្រុមហ៊ុនលក់រាយធំជាងគេបំផុតក្នុងប្រទេសចិន និងក៏ជាបណ្តាញបច្ចេកវិទ្យាយក្សដ៏លេចធ្លោរផងដែរលើពិភពលោក។ ប្រាក់ចំណូលនៃក្រុមហ៊ុននេះកំពុងកើនឡើងជាលំដាប់ហើយវាអាចនឹងវ៉ាដាច់ក្រុមហ៊ុន​ទីផ្សារតាមបច្ចេកវិទ្យាធំៗជាច្រើនផ្សេងទៀតលើពិភពលោក។ បើគិតពីកំណើនប្រាក់ចំណូលវិញឃើញថា ចំណូលរបស់ Alibaba បានកើនឡើង​ប្រមាណ50% ក្នុងមួយឆ្នាំ ដោយសារតែក្រុមហ៊ុននេះមានទំនិញរាប់លានមុខ ហើយវាបានបើកទីផ្សារយ៉ាងធំទូលាយសម្រាប់សហគ្រាសក្នុងស្រុករបស់ប្រទេសចិន។ ក្រុមហ៊ុននានា​អាចលក់ផលិតផល​រហូតដល់រាប់លានដុល្លារ តាមបណ្តាញលក់រាយតាមបច្ចេកវិទ្យាយក្សមួយនេះ។

តាមចរន្តនេះ លោកបណ្ឌិត Patrick លើកឡើងថាភាសាចិនកុកងឺ នឹងគ្រប់គ្រង​គេហទំព័រនាពេលអនាគតព្រោះមនុស្សកាន់តែច្រើននឹងចាប់ផ្តើមប្រើប្រាស់បណ្តាញបច្ចេកវិទ្យារបស់ចិន ហើយ​វាក៏ជាចរន្តក្នុងការពង្រីកទីផ្សារថ្មីរហូតដល់រាប់រយលាននាក់ក្នុងមួយឆ្នាំៗ៕