ខ្លាំងមែន! គណនី Twitter របស់ក្រុមហ៊ុន Apple, Barack Obama, Bill Gates, Jeff Bezos, Elon Musk ត្រូវបានជនអនាមិកលួចបាន

កាលពីប៉ុន្មានម៉ោងមុននេះគណនី Twitter របស់ក្រុមហ៊ុនធំៗ ព្រមទាំងអ្នកល្បីៗមួយចំនួនដូចជា Apple, Uber, Bill Gates, Jeff Bezos, Elon Musk និង Barack Obama ត្រូវបានជនអនាមិកជ្រៀតចូល។ ការវាយប្រហារនេះ អាចចាត់ទុកជាការវាយប្រហារខ្នាតធំមួយ ដែលមានផែនការច្បាស់លាស់ ព្រោះគណនីដែលរងការប៉ះពាល់បានបង្ហាញសារស្រដៀងៗគ្នាទាក់ទងនឹងការផ្ញើលុយ Bitcoin ឱ្យពួកគេ 1000 ដុល្លារហើយគេនឹងផ្ញើឱ្យវិញមួយជា២ដង ឬ 2000 ដុល្លារ។

បច្ចុប្បន្នក្រុមហ៊ុន Twitter បានខិតខំប្រឹងប្រែងទាញយកគណនីទាំងនោះពីក្រុមអ្នកវាយប្រហារវិញ ហើយក្រុមហ៊ុនក៏កំពុងធ្វើការស្រាវជ្រាវដើម្បីកែសម្រួលបញ្ហានេះផងដែរ។

ទោះជានៅប្រទេសកម្ពុជាយើងមិនសូវជាមានអ្នកប្រើប្រាស់ Twitter ច្រើនក៏ដោយនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមឱ្យអ្នកប្រើប្រាស់ទាំងអស់មានការប្រុងប្រយ័ត្នចំពោះការឆបោកនេះ ព្រោះជនខិលខូចអាចប្តូរយុទ្ធសាស្ត្រពីការប្រើប្រាស់កម្មវិធី Twitter ទៅប្រើកម្មវិធី Facebook ដែលកំពុងមានការពេញនិយមនៅប្រទេសយើងនោះ។ សូមបងប្អូនមានការពិភាក្សា ឬតេបញ្ជាក់អត្តសញ្ញាណមុននឹងធ្វើការឆ្លើយតប ទាក់ទងនឹងការសុំឱ្យផ្ញើលុយតាមរយៈបណ្តាញទំនាក់ទំនងសង្គមណាមួយនោះ៕