ព័ត៌មានជាច្រើនបានបង្ហាញពីការផ្លាស់ប្តូរជីវិត ពីស្រ្តីមេផ្ទះមកធ្វើតំណាងចែកចាយ ហើយក្លាយជាសេដ្ឋី ឬផ្លាស់ប្តូរពីអ្នកក្រមកក្លាយជាអ្នកមាន ដោយវិធីងាយៗ បានជំរុញឱ្យយុវជនជាច្រើនចាប់ផ្តើមចង់ផ្លាស់ប្តូរជីវិត លក់ទ្រព្យសម្បត្តិឬយកថវិកាសន្សំយ៉ាងលំបាក មករកស៊ីដោយគ្មានមូលដ្ឋានគ្រឹះ។ ការធ្វើបែបនេះ បានបង្ករជាវិបត្តិជាច្រើនដល់ប្រជាជន ជាពិសេសអ្នកខ្លះ ត្រូវចាញ់បោកគេអស់លុយកាក់រាប់ម៉ឺនដុល្លារក៏មាន។
ពាក់ព័ន្ធនឹងបញ្ហានេះ អ្នកនាង លីម វីរិយា សាស្ត្រាចារ្យនិងជាសហគ្រិនមួយរូប បានលើកឡើងថា មនុស្សយើង បើគ្រាន់តែទម្លាក់ចបចោល ហើយរត់ទៅរកស៊ីទាំងទទឹងទិស ទម្លាក់វែកឆាចោល រត់ទៅកាត់ស្ដុកពីព្រះម៉ែ ហើយជោគជ័យភ្លាមៗ ដូចពាក្យឃោសនារបស់គេមែននោះ គេមិនបង្កើតមហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្មទេ។
បច្ចុប្បន្ន មហាវិទ្យាល័យនេះ ត្រូវបានគេធ្វើបន្ទាន់សម័យ ហៅថាមហាវិទ្យាល័យគ្រប់គ្រងធុរកិច្ច (Faculty of Business) ដែលមានបង្រៀនទ្រឹស្ដីជាច្រើន ទាក់ទងនឹងរបៀបគ្រប់គ្រងដឹកនាំមុខរបរជំនួញ ចាប់ពីកំប៉ិកកំប៉ុក រហូតដល់លំដាប់អន្តរជាតិ។
អ្នកនាង លីម វីរិយា បាននិយាយថា៖ «ក្នុងនាមខ្ញុំជាសាស្ត្រាចារ្យបង្រៀនក្នុងមហាវិទ្យាល័យធុរកិច្ច រយៈពេលយូរជាង១២ឆ្នាំ និងប្រឡូកក្នុងវិស័យជួញដូរតាំងពីក្មេង ក្រោមការដឹកនាំរបស់ឪពុកម្ដាយនិងបងស្រី ខ្ញុំសូមចែករំលែកមាតិកាចំណេះដឹងខ្លះ ជូនដល់ស្ត្រីខ្មែរក្មេងៗដែលកំពុងឈ្លក់វង្វេងនឹងទ្រឹស្ដីផ្ដេសផ្ដាស របស់អ្នកជោគជ័យឥតគុណធ៌ម រហូតផុងខ្លួនរើលែងរួច និងខ្លះកំពុងត្រដរខ្យល់ ត្រៀមខ្លួនស្លាប់»។
ហេតុអ្វីអ្នកត្រូវវិនិយោគលើការសិក្សា មុននឹងចាប់ផ្ដើមហក់ចូលការវិនិយោគសាច់ប្រាក់ពិតប្រាកដ?
នៅក្នុងថេរវេលា៤ឆ្នាំ នៃការបណ្ដុះបណ្ដាលនៅមហាវិទ្យាល័យធុរកិច្ច អ្នកនឹងបានក្រេបចំណេះដឹងដែលអ្នកត្រូវប្រើជាចាំបាច់ពេលចេញរកស៊ី។ វារួមមានដូចជា៖ ការធ្វើទីផ្សារមុនចេញលក់ ការគ្រប់គ្រងទីផ្សារអំឡុងពេលលក់ សិល្បៈប្រកួតប្រជែងគ្នា ការដឹកនាំក្រុមការងារ និងការគ្រប់គ្រងក្រុមហ៊ុន របៀបជ្រើសរើសធនធានមនុស្ស វិធីគ្រប់គ្រងហានិភ័យ ការប្រឈមនឹងភាពផ្លាស់ប្ដូរវិធីសាស្ត្រដោះស្រាយសម្រាប់អាជីវកម្មឆ្លងខេត្តឬក្រុង លំហូរវប្បធម៌ចម្រុះនិងការប្រឈម ដំណោះស្រាយហិរញ្ញវត្ថុ ការគ្រប់គ្រងគណនីក្រុមហ៊ុនតូចធំការគ្រប់គ្រងពន្ធដារ ការគ្រប់គ្រងជម្លោះរបស់បុគ្គលិក ភាពជាសហគ្រិនធុរកិច្ចសេដ្ឋកិច្ច ច្បាប់កិច្ចព្រមព្រៀងផ្សេងៗ ក្នុងជំនួញនិងមេរៀនតូចៗរាប់រយផ្សេងទៀតដែលរៀបរាប់មិនអស់។ អ្វីដែលពិសេស មុខវិជ្ជានីមួយៗនឹងញែកដល់យុទ្ធសាស្ត្រ និងដំណោះស្រាយសម្រាប់ផលិតផលជាក់លាក់ទៀតផង។
ក្នុងនោះ មានមុខវិជ្ជាមួយដែលគេបង្រៀននៅឆ្នាំចុងក្រោយ មុននិស្សិតប្រលងបញ្ចប់ គឺ “អភិសមាចារ្យធុរកិច្ច“ (Business Ethic) ដែលពេញមួយឆមាស និស្សិតត្រូវរៀនសូត្រពីក្រមសីលធម៌មុខជំនួញ។ អ្នកចេញរកស៊ីដើម្បីរកប្រាក់ចំណេញពិតមែន ប៉ុន្តែអ្នកក៏មិនអាចល្មើសសីលធ៌ម និងគុណធម៌ជាដាច់ខាត ទោះក្នុងកាលទេសៈពិបាកដល់កម្រិតក្រោមសូន្យក៏ដោយ។
យ៉ាងណាមិញ បើសិនជាអ្នកមិនបានរៀនដោយផ្ទាល់ទេ សូមស្វែងរកក្រុមហ៊ុនប្រឹក្សាយោបល់ផ្នែកជំនួញ មុនចេញរកស៊ី បើគ្មានបទពិសោធទាល់តែសោះ។ អ្នកផ្ដល់សេវាប្រឹក្សានោះ គឺជាអ្នកបានរៀនផ្ទាល់ ហើយគេនឹងផ្ទេរចំណេះដឹងជូនអ្នកឆ្ងល់តាមរយៈការពិគ្រោះ។
សង្ឃឹមថាសារខ្លីនេះ នឹងអាចដាស់ស្មារតីមនុស្សឱ្យព្រមជឿថា គ្មានកិច្ចការណាមួយដែលមិនចេញពីការអប់រំជាមុនទេ។ សូមទាត់ចោលឱ្យអស់ពីខួរក្បាល នូវទ្រឹស្ដីពពួកមនុស្សជោគជ័យត្បាញអាយ ដែលនិយមលើកឈ្មោះមហាសេដ្ឋីគេចសាលាពីរបីនាក់ ដើម្បីបញ្ឆោតដួងចិត្តអ្នកឱ្យផុងជ្រៅក្នុងរណ្ដៅងងឹតក្នុងរយៈកាលកន្លងមក!