ខេត្តកំពង់ចាម៖ កសិករ ឃាង ស៊ីផូ នៅភូមិព្រែកជីក សង្កាត់សំបួរមាស ក្រុងកំពង់ចាម បានដាំដុះដំណាំបន្លែសុវត្ថិភាពក្នុងវគ្គទី១ លើផ្ទៃដីក្នុងផ្ទះសំណាញ់ ទំហំ ១០×៣៦ម (៣៦០ម៉ែត្រការ៉េ) ហើយបន្លែទាំងនោះមានដូចជាស្ពៃចង្កឹះ ស្ពៃតឿ ស្ពៃក្ងោក ស្ពៃផ្កា ស្ពៃឆាយស៊ីម និងខាត់ណាដើមផងដែរ។ ការដាំបន្លែនេះ បើតាមការរៀបរាប់គឺ បានទទួលការគាំទ្រនូវបច្ចេកទេសថ្មី តាមរយៈការប្រើប្រាស់និងដាំដុះក្នុងផ្ទះសំណាញ់ពីកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE)។
លើទំហំផ្ទៃដីប៉ុណ្ណេះ កសិករ ឃាង ស៊ីផូ គឺអាចទទួលបានបរិមាណផលសរុបក្នុងការដាំដុះវគ្គទី១នេះមកវិញបានចំនួន ៥៥០គក្រ និងលក់បានតម្លៃជាមធ្យម ៦ ០០០រៀល/គក្រ។ ហើយក្នុងវគ្គទី១ ដែលមានរយៈពេល១ខែកន្លះ គាត់អាចទទួលបានប្រាក់ចំណូលពីការដាំដុះ សរុបបានចំនួន ៣លាន ៣០ម៉ឺនរៀល។
គួរបញ្ជាក់ថាបន្លែសវុត្ថិភាពរបស់កសិករ ឃាង ស៊ីផូ ក៏ទទួលបានការបញ្ជាក់វិញ្ញាបនបត្រការអនុវត្តកសិកម្មល្អ(GAP)ពីមន្ទីរកសិកម្ម រក្ខាប្រមាញ់និងនេសាទខេត្តកំពង់ចាម ហើយបច្ចុប្បន្ននេះគាត់ក៏បាននឹងកំពុងរៀបចំការដាំដុះវគ្គទី២បន្តទៀតផងដែរ៕