ក្រុមគ្រួសារអ្នកស្រី សុំ ទទួលបានកញ្ចប់ជំនួយស្បៀងអាហារ (រូបថតដោយលោក តារា ឈឹម, បុគ្គលិកអង្គការទស្សនៈពិភពលោក)
រាជធានីភ្នំពេញ៖ ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០- អង្គការទស្សនៈពិភពលោកនៅកម្ពុជា ក្នុងភាពជាដៃគូជាមួយសម្ព័ន្ធ Joining Forces និង គណៈកម្មាធិការដើម្បីសិទ្ធិ កុមារនៅកម្ពុជា បានចេញរបាយការណ៍វាយតម្លៃដំបូងគេស្ដីពីផលរងប៉ះពាល់ជំងឺកូវីដ១៩ ដែលបង្ហាញឲ្យដឹងថា ៧២% នៃអ្នកចូលរួមការស្ទង់មតិបានរាយការណ៍ថា ពួកគេបានជួបប្រទះនូវការបាត់បង់ឬថយចុះនូវប្រាក់ចំណូល។ ដើម្បីទប់ទល់ នឹងការបាត់បង់ទាំងនេះ ៤៣%នៃពួកគាត់បានរាយការណ៍ថា ពួកគាត់ត្រូវតែកាត់បន្ថយរបបអាហារ ហូបចុកប្រចាំថ្ងៃ ។
“នៅថ្ងៃដែលមិនមានលទ្ធភាពទិញស្បៀងអាហារ គ្រួសាររបស់យើងមានតែអង្ករសម្រាប់បរិភោគ ហើយវាបានបំពេញ ការផ្គត់ផ្គង់ដល់យើងបានពីរទៅបីថ្ងៃ។ យើងនៅសល់អង្ករច្រកឆ្នាំងក្នុងពាងចុងក្រោយគេ ល្មមគ្រប់សម្រាប់ដាំបបរប៉ុណ្ណោះ នៅពេលដែលយើងមិនទាន់ទទួលបានការគាំទ្រពីអង្គការទស្សនៈពិភពលោក” នេះបើតាមសម្ដីរបស់ស្រ្តីមេម៉ាយម្នាក់ មានឈ្មោះសុំអាយុ៤៣ឆ្នាំ ដែលសព្វថ្ងៃនេះគាត់បានបាត់បង់ការងារដោយសារជំងឺកូវីដ១៩។ អ្នកស្រីសុំគឺជាមេគ្រួសារម្នាក់ ដែលត្រូវធ្វើការ ដើម្បីចិញ្ចឹមកូនតូចៗចំនួនបីនាក់នៅក្នុងបន្ទុក។
យោងតាមរបាយការណ៍“គំហើញនៃផលប៉ះពាល់នៃជំងឺកូវីដ១៩លើកុមារងាយរងគ្រោះនៅអាស៊ី”ដែលធ្វើឡើងដោយអង្គការទស្សនៈពិភពលោកអាស៊ីប៉ាស៊ីហ្វិក បានបង្ហាញថាសេដ្ឋកិច្ច ចិត្តសង្គម និងសំពាធរាងកាយគ្រួសារដែលពាក់ព័ន្ធនឹងជំងឺកូវីដ១៩បាន ជះឥទ្ធិពលអវិជ្ជមានគ្រប់វិស័យ លើផ្នែកសុខុមាលភាពកុមារដែលរួមមាន ការទទួលបានអាហារ និងអាហារូបត្ថម្ភ ការទទួលបានការ ថែទាំសុខភាព និងថ្នាំសង្កូវ ការទទួលបានការគាំពារខាងអនាម័យ និងសម្ភារៈអនាម័យ ព្រមទាំងបង្កឲ្យមានហានិភ័យធ្ងន់ធ្ងរដល់ការការពារកុមារ។
“អង្គការទស្សនៈពិភពលោក មានការព្រួយបារម្ភយ៉ាងខ្លំាងចំពោះផលប៉ះពាល់នៃជំងឺកូវីដ១៩ នឹងធ្វើឲ្យរាំងស្ទះដល់កិច្ចអភិវឌ្ឍរបស់កុមារងាយរងគ្រោះបំផុតនៅលើពិភពលោក។ ក្នុងនាមជាអង្គការដែលធ្វើការផ្ដោតលើកុមារ អង្គការទស្សនៈពិភពលោកចង់ឃើញកុមារ ទាំងអស់ទទួលបានការអប់រំទទួលបានអាហារមានជីវជាតិគ្រប់គ្រាន់ និងទទួលបានការការពារដ៏ប្រសើរក្នុងគ្រប់កាលៈទេសៈទាំងអស់” នេះគឺជា ការលើកឡើងរបស់លោក Daniel Selvanayagam នាយកជាតិនៃអង្គការ ទស្សនៈពិភពលោកប្រចាំកម្ពុជា។
គិតមកដល់ត្រឹមថ្ងៃទី២ ខែកក្កដា អង្គការទស្សនៈពិភពលោក បានឆ្លើយតបចំពោះសេចក្ដីត្រូវការរបស់ក្រុមគ្រួសារងាយរងគ្រោះដែល រងផលប៉ះពាល់អវិជ្ជមានដោយសារកូវីដ១៩ នៅក្នុងឃុំជាង ៥៥០ ទូទាំង១០ ខេត្ត និងរាជធានីភ្នំពេញ។ អង្គការទស្សនៈពិភពលោកបានធ្វើការជាមួយដៃគូសហគមន៍ និងអាជ្ញាធរមូលដ្ឋានដើម្បីជួយដល់ប្រជាជនជាង ៨៨០.០០០ នាក់ ក្នុងនោះមានកុមារ ៥៥០.០០០ នាក់ ផ្ដល់ជូនអង្ករជាង១៣៥ តោន និងសម្ភារៈស្បៀងអាហារដ៏ទៃទៀត។ អង្គការទស្សនៈពិភពលោកក៏បានជួយគាំទ្រមណ្ឌលសុខភាពចំនួន៧៤ និងគ្រួសារងាយរងគ្រោះនូវសម្ភារៈការពារផ្ទាល់ខ្លួននិងសម្ភារៈអនាម័យរួមមានដូចជា អាល់កុល ១០.០០០ លីត្រ ប្រអប់ម៉ាស់ចំនួន ៥.០០០ប្រអប់ ស្រោមដៃចំនួន ៩១៩ ប្រអប់ ចែកជូនដល់មណ្ឌលសុខភាពនិងគ្រួសារងាយរងគ្រោះ។ មិនតែប៉ុណ្ណោះរួមមានសៀវភៅអាន និងសម្ភារៈសិក្សាសម្រាប់កុមារជាង ៤៥.០០០សម្រាប់ ត្រូវបានចែកជូនដល់កុមារផងដែរ។
អង្គការទស្សនៈពិភពលោកធ្វើការដោយផ្ទាល់ជាមួយមនុស្សរាប់សិបលាននាក់នៅតាមភូមិ និងសហគមន៍ ទីក្រុងរាប់ពាន់ នៅជុំវិញពិភពលោក។ បណ្តាញមូលដ្ឋានរបស់យើងរួមមានបណ្តាញធំៗនៃអ្នកដឹកនាំជំនឿ បុគ្គលិកសុខភាពសហគមន៍ ក្រុមសន្សំ និងក្លឹបកុមារ និងស្ថាប័នរដ្ឋាភិបាលថ្នាក់ភូមិនិងស្រុក។ តាមរយៈបណ្តាញផ្សារភ្ជាប់ទាំងនេះកំពុងត្រូវ បានកេណ្ឌប្រមូល ដើម្បីទប់ស្កាត់ការរីករាលដាលនិងផលប៉ះពាល់នៃជំងឺកូវីដ១៩ ។
កំណត់សម្គាល់
តាមរយៈកិច្ចការរបស់អង្គការទស្សនៈពិភពលោក នៅរៀងរាល់៦០វិនាទី មានគ្រួសារមួយទទួលបានទឹកស្អាតប្រើប្រាស់ កុមារដែលអត់អាហារម្នាក់ទទួលបានអាហារបរិភោគ គ្រួសារមួយទទួលបានជំនួយសម្រាប់ជំនះនឹងភាពទីទាល់ក្រ។ការចូលរួមចំណែក និងការបរិច្ចាគរបស់លោកអ្នកមកកាន់អង្គការទស្សនៈពិភពលោកគឺជាផ្នែកមួយដ៏សំខាន់ ដើម្បីជួយ យើងលុបបំបាត់ភាពទីទាល់ក្រ។ យើងជឿជាក់ថាតាមរយៈការចូលរួមរបស់លោកអ្នក យើងអាចផ្លាស់ប្តូរជីវិតរបស់កុមារ ងាយរងគ្រោះបំផុត៕