កម្ពុជាស្វែងរកទីផ្សារលក់ ឥណទានកាបូនដែលសល់ ពីការបំភាយចេញរបស់គម្របព្រៃឈើ

កម្ពុជា បាននឹងកំពុងស្វះស្វែងរកដៃគូផ្សេងៗទៀត ដើម្បីបន្តទិញឥណទានកាបូន ដែលបានបំភាយចេញពីព្រៃឈើនៅតាមតំបន់ការពារធម្មជាតិនានា ដែលកម្ពុជាមាននៅសេសសល់បរិមាណច្រើន។ នេះបើតាមការលើកឡើងរបស់ លោក នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថាន បានថ្លែងប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃទី១០ខែកក្កដា។ 

លោក នេត្រ ភក្ត្រា បានរៀបរាប់ថា កម្ពុជាមានតំបន់ព្រៃឈើចំនួន៣កន្លែង ដែលអាចលក់កាបូនបានក្នុងនោះមាន ដែនជម្រកសត្វព្រៃកែវសីមា ឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូងនិងដែនជម្រកសត្វព្រៃតាតៃ ហើយក្រុមមន្ត្រីជំនាញកំពុងសិក្សាបន្ថែម ដើម្បីលក់កាបូនក្នុងដែនជម្រក សត្វព្រៃព្រៃឡង់ ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែងផងដែរ។

ចាប់ពីឆ្នាំ២០១៦មកដល់ឆ្នាំ២០២០នេះ កម្ពុជាបានលក់ឥណទានកាបូនបានថវិកាចំនួន១១,៦លានដុល្លារអាមេរិក។ ក្រុមហ៊ុនដែលបានទិញឥណទាន ការបូនក្នុងទីផ្សារស្ម័គ្រចិត្តមានក្រុមហ៊ុន Disney ក្រុមហ៊ុន Shell និងក្រុមហ៊ុន Gucci។ 

លោក មានប្រសាសន៍បញ្ជាក់ថា៖ «ថវិកាដែលបានមកពីការលក់ឥណទានកាបូន ត្រូវបានយកទៅប្រើប្រាស់គាំពារលើការងារអភិរក្ស និងការបង្កើតសេដ្ឋកិច្ចសម្រាប់ប្រជាសហគមន៍តំបន់ការពារ ធម្មជាតិនៅក្នុងតំបន់នោះ»៕