បច្ចុប្បន្ននេះ មានប្រជាជនជាច្រើនបានបញ្ចេញសកម្មភាពលើបណ្តាញសង្គម ពាក់ព័ន្ធនឹងផ្អើលរៀនច្បាប់ស្រូបទាញដើម្បីក្លាយជាសេដ្ឋី និងទទួលបានអ្វីគ្រប់យ៉ាងក្នុងជីវិតដោយមិនបាច់ខំប្រឹង។ បន្ថែមពីលើនេះ វាបានក្លាយជាប្រព័ន្ធនៃការរកស៊ីលក់ផលិតផលឬសេវាណាមួយបន្តគ្នា ដោយក្រុមនីមួយៗ ជ្រើសរើសតំណាងចែកចាយរាប់សិបនាក់ ហើយប្រើច្បាប់ស្រូបទាញដើម្បីឱ្យអាជីវកម្មរបស់ខ្លួនជោគជ័យ។
ពាក់ព័ន្ធនឹងបញ្ហានេះ លោកស្រី ចេន សុភាព សហគ្រិនស្ត្រីនៅកម្ពុជា និងជាម្ចាស់ជ័យលាភីជជែកពីភាពជាអ្នកដឹកនាំ បានឱ្យដឹងថា ច្បាប់ស្រូបទាញកំពុងតែស្រូបលុយរបស់បងប្អូន ដែលយកច្បាប់នេះមកធ្វើជាជំនឿបែបអរូបិយហើយ។ ក្នុងនាមជាសហគ្រិន និងជាគ្រូម្នាក់ លោកស្រីគ្រាន់តែចង់ចែករំលែកដល់បងប្អូនមួយចំនួនថា ច្បាប់ស្រូបទាញ មិនមែនជាច្បាប់ដែលសូត្រហើយបានលុយ ដោយមិនមានការខិតខំប្រឹងប្រែងនោះទេ។ ដើម្បីសម្រេចជោគជ័យក្នុងជីវិតបាន យើងត្រូវព្យាយាម ក្នុងផ្លូវត្រូវរៀបផែនការឱ្យបានត្រឹមត្រូវ មានគោលដៅត្រូវ និងមានសកម្មភាពត្រូវ។
លោកស្រីលើកឡើងថា ច្បាប់នេះគឺជាគំនិតដែលបង្កើតសទៅជាសកម្មភាព បង្កើតទៅជាទម្លាប់ រហូតក្លាយជាឧបនិស្ស័យ មិនមែនគ្រាន់តែឃើញគេបង្ហាញពេជ្រចែងចាំង បង្ហាញឡានថ្លៃៗ បង្ហាញផ្ទះធំៗ តាមបណ្តាញសង្គម ហើយធ្វើតាមមាត់គេ ក៏ទទួលបានងាយៗនោះទេ។ លោកស្រីសង្កត់ធ្ងន់ថា អ្វីដែលមនុស្សភាគច្រើនឃើញនោះ មិនសុទ្ធតែជាការពិតទេ។ មនុស្សអាចបង្កើតអ្វីៗទាំងអស់បានដោយសារសកម្មភាព និងការខិតខំប្រឹងប្រែងយ៉ាងសកម្ម មិនមែនស្រួលៗបានលុយមកដោយឯកឯងនោះទេ។ សូមពិចារណា និងជឿដោយមានហេតុផល កុំខ្ចីលុយគេដើម្បីធ្វើតាមការជឿ ដោយសារចង់ស្រូបលុយនោះ ជារឿងខុសធំហើយ។
សហគ្រិនខាងលើធ្លាប់បានលើកឡើងក្នុងបណ្តាញសង្គមផងដែរថា លោកស្រីធ្លាប់អានសៀវភៅប្រភេទនេះយូរណាស់មកហើយ មិននឹកស្មានថា មានអ្នកចេះប្រើយកមកបង្រៀនបានលុយរាប់ម៉ឺនដុល្លារតាមអនឡាញ ហើយមានមនុស្សជឿភ្លូកទឹកភ្លូកដីដូច្នេះសោះ។ បងប្អូនអ្នកជឿ សូមធ្វើសកម្មភាពឱ្យបានលើសពីការជឿផង។ ច្បាប់ស្រូបទាញមិនអាចស្រូបមនុស្សឈឺឱ្យជាវិញបានទេ។ បើមិនមានការព្យាបាលឱ្យបានត្រឹមត្រូវពីពេទ្យជំនាញនោះទេ យើងនៅតែឈឺដដែល។ ច្បាប់ស្រូបទាញ ក៏មិនអាចស្រូបអ្នកក្រឱ្យក្លាយជាអ្នកមានបានដែរ បើមិនខំប្រឹងដោយបញ្ញា។
គួរបញ្ជាក់ថា កន្លងមកមានគេរៀបចំសិក្ខាសាលាធំៗជាច្រើនពាក់ព័ន្ធនឹងច្បាប់ស្រូបទាញ ដោយគេបានបង្ហាញឱ្យឃើញពីភាពស្តុកស្តម្ភ និងសកម្មភាពប្លែកៗជាច្រើន ដើម្បីអូសទាញឱ្យអ្នកប្រើប្រាស់បណ្តាញសង្គមបានឃើញហើយបោះលុយ ដើម្បីធ្វើជាតំណាងចែកចាយលក់ផលិតផល ដែលគេកំពុងផ្សព្វផ្សាយ។ មានអ្នកខ្លះបានលើកឡើងជាសំណួរថា បើតំណាងចែកចាយច្រើនម្លឹងៗ ដោយផលិតផលខ្លះ មានអ្នកលក់ច្រើនជាងអ្នកទិញទៅទៀតនោះតើរកអ្នកទិញឯណាមកទិញផលិតផលនោះប្រើ?