កសិកម្មជាចំណុចខ្លាំងរបស់កម្ពុជា​ដែលអាចជួយទ្រទ្រង់ដល់ដំណើរការសេដ្ឋកិច្ចឱ្យបន្តទៅមុខ​

រាជធានីភ្នំពេញ៖ ឯកឧត្តម វង្សី វិស្សុត បានលើកឡើងអំពីវិស័យកសិកម្មកម្ពុជា ដែលមិនបានរងការប៉ះពាល់ពីកូវីដ១៩ ហើយថែមទាំងផ្តល់នូវសក្តានុពលជួយទៅដល់សេដ្ឋកិច្ចជាតិមួយកម្រិតទៀតផងដែរជាក់ស្តែង វិស័យកសិកម្មមានចំណែក ២៥% នៃកំណើនផលទុនជាតិសរុប (GDP) ហើយគ្របដណ្តប់ ៤០% នៃកម្លាំងពលកម្មសរុបផងដែរ។ 

ឯកឧត្តមមានប្រសាសន៍ថា“កសិកម្មជាចំណុចខ្លាំងរបស់កម្ពុជាដែលអាចជួយទ្រទ្រង់ដល់ដំណើរការសេដ្ឋកិច្ចកម្ពុជាឱ្យបន្តទៅមុខទៀតបាន”។ នេះបើតាមការលើកឡើងក្នុងសន្និសីទសារព័ត៌មាន ស្តីពី “វិធានការរបស់រដ្ឋាភិបាល ដែលបានដាក់ចេញកន្លងមកក្នុងការឆ្លើយតបទៅនឹងវិបត្តិកូវីដ១៩” បានរៀបចំឡើងនៅព្រឹកថ្ងៃទី៨ ខែកក្កដា។

សន្និសីទសារព័ត៌មាននេះត្រូវបានរៀបចំឡើង ដើម្បីជាការផ្សព្វផ្សាយ ពន្យល់បន្ថែមនិងឆ្លើយតបទៅនឹងសំណួរពាក់ព័ន្ធលើវិធានការដែលបានដាក់ចេញដោយ រាជរដ្ឋាភិបាលកន្លងមក ជូនដល់វិស័យឯកជនដៃគូអភិវឌ្ឍន៍ និងសាធារណជនទូទៅ អំពីការដាក់ចេញរបស់រាជរដ្ឋាភិបាលក្នុងរយៈកាលកន្លងមកនូវវិធានសំដៅជួយដល់វិស័យឯកជន និងកម្មករ-និយោជិត វិធានការស្តារ និងជំរុញកំណើនសេដ្ឋកិច្ចចំនួន៤ជុំនិងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលជំងឺកូវីដ១៩៕