លោក Tadashi Yanai
លោកមហាសេដ្ឋី តាដាស្ស៊ី យ៉ាណៃ (Tadashi Yanai) មានអាយុ៧១ឆ្នាំទៅហើយនោះ ជាសហគ្រិនដែលមានទ្រព្យសម្បត្តិដល់ទៅ២ ៨.៩ពាន់លានដុល្លារអាមេរិក ត្រឹមថ្ងៃទី១ខែ កក្កដា ឆ្នាំ ២០២០។ លោកបានឈរនៅលំដាប់លេខ១ ជាសេដ្ឋីដែលមានជាងគេបំផុតនៅប្រទេសជប៉ុន។
បើនិយាយពីមុខរបស់របស់គាត់វិញ គាត់បានបង្កើតនិងគ្រប់គ្រងចក្រភពនៃការលក់រាយ ផ្នែកសំលៀកបំពាក់ និងបានចុះបញ្ជីក្នុងផ្សារហ៊ុននៅទីក្រុងតូក្យូផងដែរ។ នោះគឺក្រុមហ៊ុន Fast Retailing ដែលជាអាណាព្យាបាលនៃខ្សែសង្វាក់របស់ក្រុមហ៊ុនលក់សំលៀកបំពាក់ Uniqlo (នៅស្រុកខ្មែរមិនទាន់មានសាខានេះទេ)។
ក្រុមហ៊ុន Fast Retail របស់លោក យ៉ាណៃ មានយីហោផ្សេងទៀតដូចជាTheory, Helmut Lang, J Brand and GUជាដើម។
ក្រុមហ៊ុនរបស់លោក បានរាយការណ៍ពីប្រាក់ចំណេញសុទ្ធចំនួន២,៣ ពាន់លានដុល្លារ សម្រាប់ឆ្នាំសារពើពន្ធ គិតត្រឹមខែសីហាឆ្នាំ ២០១៩លើប្រាក់ចំណូល ២១,៣ ពាន់លានដុល្លារ។
លោកយ៉ាណៃ ចង់ឲ្យក្រុមហ៊ុនរបស់លោក ក្លាយជាក្រុមហ៊ុនលក់រាយធំជាងគេបំផុតនៅលើពិភពលោក ដែលនេះមានន័យថា ក្រុមហ៊ុននឹងត្រូវយកឈ្នះក្រុមហ៊ុនធំៗ របស់ពិភពលោកដូចជា H&Mនិង Inditex ជាដើម៕