ប្រជាជនខ្មែរយើងមួយចំនួន តែងតែប្រដៅកូនចៅថា «កុំរៀនច្រើនពេក ប្រយ័ត្នឆ្កួត» ដែលពាក្យនេះធ្វើឱ្យក្មេងមួយចំនួនផ្តេកផ្តួលជាមួយនឹងភាពងាយស្រួល ហើយបោះបង់ការសិក្សាថែមទៀតផង។ បញ្ហានេះបានជះឥទ្ធិពលដោយត្រង់ចំពោះក្មេងជំនាន់ក្រោយ ដែលមិនសូវមានចំណង់ខាងរៀនសូត្រ ហើយក៏ជាឧបសគ្គយ៉ាងធំសម្រាប់សិស្សដែលចង់រៀនសូត្រពិតប្រាកដផងដែរ។
បញ្ហាចំពោះសិស្សាដែលចង់សិក្សារៀនសូត្រពិតប្រាកដ គឺគាត់តែងតែត្រូវរំខានដោយអាណាព្យាបាល និងអ្នកជុំវិញខ្លួន ដោយពួកគេតែងតែបង្អាក់ការខិតខំប្រឹងប្រែងរៀនសូត្រ ដោយខ្លាចមានវិកលចរិតឬមានបញ្ហាខួរក្បាលជាដើម។
ពាក់ព័ន្ធនឹងបញ្ហានេះ ស្ថាប័ន Education World បានលើកឡើងថា អ្នករៀនច្រើនមិននាំឱ្យមានបញ្ហាខួរក្បាលនោះទេ តែអ្នកខំរៀនពិតជាមានភាគរយខ្លះ មានវិបត្តិផ្លូវចិត្តពិតប្រាកដមែន។ ស្ថាប័នខាងលើបានបញ្ជាក់ថា ការប្រើប្រាស់ខួរក្បាលកាន់តែច្រើន នោះនឹងធ្វើឱ្យយើងក្លាយជាមនុស្សសកម្ម និងមានភាពច្នៃប្រឌិតកាន់តែខ្ពស់។នៅពេលមនុស្សប្រើប្រាស់ខួរក្បាលលើការគិត ស៊ីជម្រៅ ដូចជា ការវិភាគបែបតក្កការសិក្សា វិទ្យាសាស្រ្ត ការរុករកគំហើញថ្មីៗ និងការដោះស្រាយលំហាត់នានាកាន់តែច្រើន នោះសរសៃខួរក្បាលរបស់ពួកគេកាន់តែតភ្ជាប់គ្នាល្អ ដែលធ្វើឱ្យគេក្លាយជាមនុស្សពូកែមានកម្រិតនៃភាពវ័យឆ្លាត (IQ) ខ្ពស់។ បុគ្គលប្រភេទនេះអាចញៀនជាមួយនឹងការរៀនសូត្រ ឬអាចរីករាយជាមួយនឹងការប្រើប្រាស់សមត្ថភាពខួរក្បាល ដើម្បីដោះស្រាយបញ្ហាគ្រប់បែបយ៉ាងដែលធ្វើឱ្យពួកគេក្លាយជាមនុស្សពូកែ។ បើមើលពីខាងក្រៅ មនុស្សប្រភេទនេះភាគច្រើនជាមនុស្សរីករាយ លេងសើចច្រើន និងខ្ជះខ្ជាយ តែពួកគេតែងតែមានសមត្ថភាពគិតលើសពីមនុស្សធម្មតាគិត។ អ្នកសិក្សាប្រភេទនេះមិនអាចមានបញ្ហាខួរក្បាល ឬវិកលចរិតបានទេ បើទោះបីជាគេពូកែឬរៀនច្រើនប៉ុណ្ណាក៏ដោយ ព្រោះកាន់តែរៀន គេកាន់តែរីករាយ។
ផ្ទុយមកវិញ បុគ្គលមួយប្រភេទទៀត ដែលអាចនឹងមានវិបត្តិខួរក្បាល គឺអ្នករៀនដោយបង្ខំ។ ស្ថាប័នចិត្តសាស្រ្ត Psychology Today បានបញ្ជាក់ថា មនុស្សដែលធ្វើការគិតទាំងបង្ខំ រៀនតាមបែបប្រពៃណីជ្រុល តាមរយៈការទន្ទេញឬដាក់ទណ្ឌកម្មខ្លួនឯងឱ្យចងចាំ ទាំងមិនយល់ពីហេតុផលនៃបញ្ហា អាចនឹងក្លាយជាមនុស្សដែលមានស្ថានភាពផ្លូវចិត្តមិនល្អ។ មនុស្សប្រភេទនេះ បើមើលពីរូបភាពខាងក្រៅឃើញថា គាត់ជាមនុស្សខំរៀន និងចំណាយពេលច្រើនបំផុត លើការសិក្សាតែបើមើលឱ្យស៊ីជម្រៅ ពួកគេមិនមែនកំពុងអភិវឌ្ឍខ្លួនឯងនោះទេ តែគេកំពុងធ្វើបាបខ្លួនឯង។
កត្តាដែលធ្វើឱ្យគេមានវិបត្តិ គឺដោយសារតែគេមិនយល់ពីអត្ថន័យពិតប្រាកដនៃការអប់រំ។ ការអប់រំគឺជាវិធីសាស្រ្តក្នុងការបញ្ចូលព័ត៌មាន និងវិធីសាស្រ្តប្រកបដោយភាពឆ្លាតវៃ សម្រាប់ជំរុញការពិចារណាពីរឿងរ៉ាវនានាសម្រាប់ប្រើប្រាស់ក្នុងជីវិតនិងចំណេះដឹង ដើម្បីដោះស្រាយបញ្ហានានាក្នុងអាជីពការងារជាដើម។ វាមិនមែនេះជាអ្វីដែលត្រូវចាំរត់មាត់ដូចសេក តែមិនយល់ហេតុផលនោះទេ។ ក្រៅពីនេះ ពិន្ទុក្នុងសាលាក៏មិនមែនបង្ហាញដោយត្រង់ចំពោះសមត្ថភាពអនុវត្តដែរ។ ហេតុនេះ នៅពេលដែលគេយល់ខុស គេនឹងប្រើប្រាស់ពិន្ទុក្នុងសាលាទាំងស្រុងដើម្បីវាស់វែងពីភាពឆ្លាតវៃរបស់គេ ដោយខិតខំគ្រប់បែបយ៉ាងទាំងបង្ខំដើម្បីបានពិន្ទុល្អ។
បន្តិចម្តងៗ ពួកគេនឹងចាប់ផ្តើមមានសម្ពាធកាន់តែធ្ងន់ឡើងៗ ហើយភាពរញ៉េរញ៉ៃក៏ចាប់ផ្តើមចូលក្នុងជីវិតរបស់គេ ព្រោះមេរៀនកាន់តែច្រើន ចាប់ផ្តើមចូលក្នុងជីវិតរបស់គេពីមួយឆ្នាំទៅមួយឆ្នាំ។ បន្ថែមពីលើនេះ អ្នកទន្ទេញទោះខំយ៉ាងណា ក៏មិនអាចទទួលលទ្ធផលដូចអ្នកយល់ពីហេតុផលស៊ីជម្រៅបានដែរ ដែលធ្វើឱ្យចិត្តរបស់គេកាន់តែពុះកញ្ជ្រោល និងកាន់តែហត់នឿយ។ ពីមួយថ្ងៃទៅមួយថ្ងៃគេកាន់តែខំ អារម្មណ៍កាន់តែអស់សង្ឃឹម រហូតដល់អ្នកខ្លះមានគំនិតចង់បោះបង់ខណៈអ្នកខ្លះទៀតបង្ខំខ្លាំងពេករហូតមានបញ្ហាផ្លូវចិត្ត។
ជារួមរៀនច្រើនមិនឆ្កួតនោះទេ បើការសិក្សានោះមានហេតុ មានផល និងមានរបៀបរៀបរយតែការបង្ខំខ្លួនឯងឱ្យទន្ទេញ និងការរំពឹងទុកខ្ពស់ខ្លាំងពេកទៅវិញទេដែលបណ្តាលឱ្យមានបញ្ហា៕