នៅជាមួយបណ្តាញសង្គមច្រើនធ្វើឱ្យមានវិបត្តិផ្លូវចិត្ត អាចដល់ការសម្លាប់ខ្លួន

ប្រជាជនលើពិភពលោកកាន់តែច្រើនឡើងៗ បានធ្លាក់ខ្លួនក្លាយជាមនុស្សដែលប្រើប្រាស់បណ្តាញសង្គម​លើសកម្រិត ដែលចំនួននេះអាចនឹងធ្វើឱ្យអ្នកមានវិបត្តិផ្លូវចិត្តកើនឡើងកាន់តែច្រើន។ 

ពាក់ព័ន្ធនឹងបញ្ហានេះ ព្រះតេជគុណ គូ សុភាព បានលើកឡើងថា ការប្រើប្រាស់បណ្តាញសង្គមច្រើនហួសកម្រិត អាចនឹងធ្វើឱ្យជីវិតរបស់យើងមានបញ្ហា ជាពិសេស​បញ្ហាផ្លូវចិត្ត។ ជាក់ស្តែង យុវវ័យយើងភាគច្រើន ​បានចំណាយពេលវេលាស្ទើរតែច្រើនហួសម៉ោងធ្វើអ្វីផ្សេងៗ នៅមុខបណ្តាញសង្គមក្នុងថ្ងៃនីមួយៗ។ មូលហេតុដែលធ្វើឱ្យមនុស្សត្រូវ​ចូលទៅកាន់បណ្តាញសង្គមច្រើនបែបនេះ គឺដោយសារតែ App នៃបណ្តាញសង្គមនីមួយៗ មាន Notification ដែលធ្វើឱ្យអ្នកប្រើប្រាស់វា ត្រូវតែនៅជាមួយវាជាប់ជានិច្ច។

ព្រះតេជគុណ គូ សុភាព បានមានសង្ឃដីកាថា៖ «​កាលណាយើងបណ្តោយឱ្យខ្លួនឯង ​ត្រូវបានបណ្តាញសង្គមគ្រប់គ្រងបាន ហើយចេះតែចូលមើល​ Notification ដែលវាលោតឡើងគ្រប់ពេលក្នុងថ្ងៃនីមួយៗ យើងនឹងចាប់ផ្តើមក្លាយជាមនុស្សញៀន ឬមនុស្សដែលអត់បណ្តាញសង្គមមិនបាន។ នៅពេលនោះ ជីវិតរបស់យើងអាចនឹងមានបញ្ហាប្រឈមជាច្រើន ជាពិសេ​ស​គឺ​វិបត្តិផ្លូវចិត្តតែម្តង»។

ព្រះតេជគុណបានបញ្ជាក់ផងដែរថា នៅក្នុងបណ្តាញសង្គម មានរឿងរ៉ាវជាច្រើនត្រូវបានចែករំលែក ដោយក្នុងនោះមានទាំងចំណេះដឹងល្អៗ សម្រាប់អភិវឌ្ឍជីវិតនិងមានរឿងរ៉ាវដែលបំផ្លាញជីវិត។ រឿងរ៉ាវអាក្រក់ៗ ឬជាសំរាមទាំងអស់នោះ ពេលខ្លះត្រូវបាន​ប្រជាជនយើង យកមកដាក់ក្នុងចិត្តដែលធ្វើឱ្យចិត្តរបស់យើងមានរោគ។ គំនិត និងព័ត៌មានអវិជ្ជមាននេះ បន្តិចម្តងៗ ធ្វើឱ្យយើងកើតជាជំងឺថប់អារម្មណ៍បាក់ទឹកចិត្ត ឬជាជំងឺផ្សេងៗដែលធ្វើឱ្យយើងធុញថប់ និងអ្នកខ្លះទៀត រហូតដល់សម្លាប់ខ្លួនថែមទៀតផង។

ជាដំណោះស្រាយ យុវជនគួរចេះគ្រប់គ្រងខ្លួនឯងឱ្យបានល្អ និងដាក់ប្រព័ន្ធការពារចិត្ត ដោយការឧស្សាហ៍គិតពីរឿងវិជ្ជមាន រស់នៅជាមួយមនុស្សវិជ្ជមាន និងជៀសឱ្យឆ្ងាយពីរឿងមិនល្អទាំងឡាយក្នុងបណ្តាញសង្គម។ យើងត្រូវចាំថាយើងជាអ្នកប្រើប្រាស់បណ្តាញសង្គម មិនមែនជាអ្នកដែលត្រូវបានបណ្តាញសង្គមប្រើប្រាស់នោះទេ ហេតុនេះមិនចាំបាច់ត្រូវតាមដាន Notification គ្រប់ពេលនោះទេ។ យើងអាចបើកវាមើលបាន នៅពេលណាដែលយើងត្រូវការវាតែប៉ុណ្ណោះ ហើយការបើមើលនោះទៀតសោត ក៏មើលតែរឿងណាដែលនាំឱ្យយើងរីកចម្រើនបាន ហើយកុំយកមេរោគអាក្រក់ៗពីក្នុងបណ្តាញសង្គម ឬយករឿងក្តៅក្រហាយពីខាងក្រៅមកដាក់ក្នុងចិត្ត ដែលនាំឱ្យជីវិតរបស់យើងបាត់បង់សេចក្តីសុខ៕