មេស្រុកបន្ទាយស្រី៖ មេភូមិទាំង៣៦ នឹងចំណាយពេល ”មួយថ្ងៃក្នុងមួយខែម្តង”ដើម្បីធ្វើការងារបរិស្ថាន

ស្រុកបន្ទាយស្រី៖ ចាប់ពីពេលនេះតទៅ មេភូមិទាំងអស់នៅក្នុងស្រុកបន្ទាយស្រី នឹងចំណាយពេលយ៉ាងហោចណាស់”មួយថ្ងៃក្នុងមួយខែម្តង” ដឹកនាំប្រជាពលរដ្ឋ ប្រជាការពារ យុវជន និងសិស្សានុសិស្ស ដើររើសសំរាមនិងធ្វើការងារបរិស្ថាននៅក្នុងភូមិរបស់ខ្លួនជារៀងរាល់ខែ។ នេះបើតាមការរៀបរាប់ឲ្យដឹងពី លោកអភិបាលស្រុកបន្ទាយស្រី ឃឹម​ ហ្វីណង់។

ក្រោយពីទទួលបានការឯកភាពជារួមមួយ នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពស្រុក កាលពីថ្ងៃ ២២មិថុនា រដ្ឋបាលស្រុកបន្ទាយស្រី នឹងសម្របសម្រួលតាមដានការងារនេះជាប្រចាំ ដើម្បីធានាអោយបាននូវយន្តការអចិន្ត្រៃយ៍ថ្នាក់ភូមិមួយ ដើម្បីដោះស្រាយបញ្ហាបរិស្ថាននៅតាមទីសាធារណៈនៅក្នុងភូមិឃុំ និងប្រែក្លាយបន្ទាយស្រីអោយស័ក្តិសមជាស្រុកទេសចរណ៍មួយ។

សកម្មភាពនេះ នឹងបំពេញអោយការផ្តល់សេវាប្រមូលសំរាមនៅក្នុងស្រុក ដែលនឹងចាប់ផ្តើមក្នុងពេលទន្ទឹមគ្នានៅក្នុងខែកក្កដានេះ ហើយក៏ជាផ្នែកមួយនៃយុទ្ធនាការ "២០២០ បន្ទាយស្រីស្អាត" ផងដែរ។

បន្ថែមពីនេះ រដ្ឋបាលស្រុកបន្ទាយស្រី ក៏នឹងរៀបចំអោយមានការប្រលងប្រណាំង និងផ្តល់រង្វាន់លើកទឹកចិត្តជូនដល់“ភូមិស្អាត ភូមិគំរូ” ក្នុងចំណោមភូមិទាំង៣៦ ដើម្បីជម្រុញអោយមានការខិតខំប្រឹងប្រែង របស់ភូមិនីមួយៗរឹតតែខ្លាំងផងដែរ៕