រឿង «ក្មេងវត្តសម័យបារាំង» នេះជាសៀវភៅបែបយុវវ័យទេ តែបើមកស្គាល់អ្នកនិពន្ធវិញ បច្ចុប្បន្នគាត់មានអាយុ៨០ឆ្នាំហើយ ក្នុងឆ្នាំ ២០២០នេះ។ សៀវភៅរឿងតូចនេះ សរសេរអំពីដំណើរជីវិតកុមារភាពនិងយុវវ័យរបស់អ្នកនិពន្ធផ្ទាល់។
ត្បិតតែជារឿងផ្ទាល់ខ្លួន តែការរៀបរាប់ដំណើររឿង និងបទវិភាគខ្លះក្នុងការសរសេរ ពិតជាឆ្លុះឱ្យអ្នកអានសៀវភៅនេះរៀនសូត្របានជាច្រើននូវជីវិតពិតនិងការប្រព្រឹត្តជីវិតតរបស់ខ្លួនក្នុងសម័យកាលរបស់ខ្លួនបែបណាឱ្យប្រកដប្រជានិងគាប់ប្រសើរ។
សំណើចនឹងផ្ទុះឡើងបើអ្នកបានអានសៀវភៅ «ក្មេងវត្តសម័យបារាំង» ដល់វគ្គកុងប៉ាង ពេលដែលកុមារខៃ វិះបានលុយពីកុងប៉ាង ព្រោះតែឆ្លើយសំនួរខុសបន្តិច។អ្នកអានក៏កាន់តែសើចយ៉ាងខ្លាំង ពេលដែលអានបន្តទៀតព្រោះសាច់រឿងហួសចិត្តនិងហេតុការណ៍ជាច្រើនក្នុងសៀវភៅតូចនេះ។ ក៏ប៉ុន្តែសៀវភៅតូចនេះ មិនបានប្រាប់អ្នកអាន ឱ្យអស់ពីដំណើរឆ្លងកាត់ដ៏វែងឆ្ងាយអស់ឡើយទុកលំបាក និងបទពិសោធន៍វ័យចំណាស់ម្នាក់ គឺអាចនិយាយបានថាជា “Legendary”។
មកស្គាល់ប្រវត្តិអ្នកនិព្ធ ជុត ខៃ ៖
អ្នកនិពន្ធ ជុត ខៃ កើតនៅថ្ងៃទី៣០ខែតុលា ឆ្នាំ១៩៤០ នៅក្នុងខេត្តកំពង់ចាម។ លោកបានរៀនសូត្រនៅសាលាបឋមសិក្សានិងមធ្យមសិក្សានៅទីរួមខេត្តកំណើតរបស់លោក។បើអានសៀវភៅ «ក្មេងវត្តសម័យបារាំង» យើងនឹងស្គាល់ទីកន្លែងកំណើតការធ្វើដំណើរតាមដងទន្លេ ជីវភាពក្នុងវត្តរបស់ក្មេងវត្តសម័យបារាំងនិងទស្សនៈមនុស្សសម័យនោះកាន់តែច្រើន។
នៅឆ្នាំ១៩៦៦ លោក ជុត ខៃ បានបញ្ចប់ការសិក្សានៅសាលាគរុវិជ្ជាជាន់ខ្ពស់ហើយបានក្លាយជា សាស្ត្រាចារ្យនៅអនុវិទ្យាល័យឈូកក្នុងខេត្តកំពត។ ទន្ទឹមនឹងមុខងារជាសាស្ត្រាចារ្យ លោកឆ្លៀតបន្តការសិក្សានៅមហាវិទ្យាល័យនីតិសាស្ត្ររហូតដល់ទទួលបរិញ្ញាបត្រនៅឆ្នាំ១៩៦៨។ ក្នុងឆ្នាំដដែលនេះ លោកបានផ្លាស់ទៅវិទ្យាល័យសន្តិភាពនៅក្នុងខេត្តកំពង់ស្ពឺវិញ។
ក្រោយរដ្ឋប្រហាររបស់លោកសេនាប្រមុខ លន់ នល់ ១៨ មីនា ១៩៧០ អ្នកនិពន្ធ ជុត ខៃ បានចូលធ្វើទាហាន ដោយបានទទួលឋានន្តរស័ក្ដិជាអនុសេនីយ៍ឯក។ ក្រោយមកនៅឆ្នាំ១៩៧១ លោកបានផ្លាស់ទៅធ្វើជាប្រធានរដ្ឋបាលនៅក្នុងតុលាការសឹក (តុលាការយោធា)។លោកបានទទួលការតែងតាំងជាព្រឹទ្ធបុរសស្ដីទីនៃមហាវិទ្យាល័យនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ចនៅក្នុងឆ្នាំសិក្សា ១៩៧៣-១៩៧៤។
ភាពខ្ពង់ខ្ពស់បែបនេះ ទើបក្នុងរបបខ្មែរក្រហម លោករស់នៅយ៉ាងវេទនា(១៩៧៥-១៩៧៩) ប៉ុន្តែជាកុសលផលល្អ លោក ជិត ខៃ បានរួចផុតពីការសម្លាប់ក្នុងរបបវាលពិឃាដនេះ។ លោកបានភៀសខ្លួនជាមួយគ្រួសារមកដល់ជំរុំខាវអ៊ីដាង ប្រទេសថៃ នៅឆ្នាំ១៩៧៩។ បន្ទាប់មកលោកទទួលបានសិទ្ធិជ្រកកោននយោបាយនៅប្រទេសបារាំងក្នុងឆ្នាំ១៩៨០ ហើយសព្វថ្ងៃលោករស់នៅជាយក្រុងប៉ារីស។
នៅទីនោះ លោកបានទទួលសញ្ជាតិបារាំង ហើយប្ដូរឈ្មោះទៅជា Khay Chance។ លោកជាអតីតអ្នកនិពន្ធកាសែត "នគរធំ" ហើយលោកបានទុកស្នាដៃនានា ជាប្រលោមលោកផ្ទាល់ខ្លួន និងប្រលោមលោកបកប្រែ មានដូចជា៖
- រឿងខ្មោចព្រាយអសុរកាយ បោះពុម្ពនៅឆ្នាំ១៩៧៣
- រឿងមេម៉ាយប្ដីប្រាំ បោះពុម្ពនៅឆ្នាំ១៩៧៣
- អស្ដង្គតនៃប្រជាជាតិ ជីវប្រវត្តិផ្ទាល់
- បុត្រឆ្នើមនៃសង្គ្រាម បកប្រែ បោះពុម្ពនៅឆ្នាំ១៩៧១
- ជញ្ជាំង ស្នាដៃបកប្រែ បោះពុម្ពនៅឆ្នាំ១៩៧២
- លោកឯកអគ្គរដ្ឋទូត បោះពុម្ពនៅឆ្នាំ១៩៧៣
- ក្មេងវត្តសម័យបារាំង បោះពុម្ពនៅឆ្នាំ២០០៥
- វិប្បដិសារី បោះពុម្ពនៅឆ្នាំ២០០៨
- ក្មេងវត្តសាលាបារាំង បោះពុម្ពនៅឆ្នាំ២០១០
- កូនក្របីមនោសញ្ចេតនា បោះពុម្ពនៅឆ្នាំ២០១០
- ៣២ឆ្នាំក្រោយមក បោះពុម្ពនៅឆ្នាំ២០១៨ (សម្រង់ចាក"អក្សរសិល្ប៍ខ្មែរ សតវត្សទី២០ កវីនិពន្ធ និងកម្រងអត្ថបទ" របស់លោកបណ្ឌិតសភាចារ្យ ឃីង ហុកឌី ទំព័រទី ៣០៨-៣០៩និង"អក្សរសិល្ប៍ខ្មែរឆ្នាំ១៩៧០-១៩៧៥" របស់លោកបណ្ឌិត ហាក់ វ៉ាន់ដារ៉ា ទំព័រទី១៧៨-១៧៩) ជាដើម៕
ក្របសៀវភៅរឿង ដែលជាស្នាដៃខ្លះៗរបស់ អ្នកនិពន្ធ ជុត ខៃ