លោក Sovan Heng អ្នកនិពន្ធសៀវភៅ វិថីសុភមង្គល ថតថដោយ Sunnywrt
គ្រាន់តែនៅភ្នំពេញតែមួយ មានការលែងលះជាង 1,200ករណីក្នុងមួយឆ្នាំ (របាយការណ៍សាលាដំបូងរាជធានីភ្នំពេញឆ្នាំ 2013) ចំនួននេះមិនបានរាប់បញ្ចូល អ្នកដែលលែងលះក្រៅផ្លូវតុលាការផង។
បញ្ហានេះ បានធ្វើឱ្យមានផលប៉ះពាល់យ៉ាងច្រើនដល់ក្រុមគ្រួសារ និងជាពិសេសអ្នកជំនាន់ក្រោយដែលមិនដឹងរឿង។ អំពើហិង្សា ការរំលោភបំពាន ឧក្រិដ្ឋកម្ម អត្តឃាតសកម្មភាពភ្ញាក់ផ្អើលក្នុងសង្គម និងបញ្ហាស្មុគស្មាញជាច្រើន បានកើតឡើងជារៀងរាល់ថ្ងៃ ដែលបង្កើតជារូបភាពអវិជ្ជមានក្នុងការរស់នៅ។
ម្តងម្កាលគេឃើញមានវីដេអូបង្ហោះពីអតីតប្តីបរិហារប្រពន្ធ ជួនកាលគេឃើញមានប្រពន្ធតាមទាន់ប្តី ក៏អុកឡុកវាយបែកកញ្ចក់ឡានកណ្តាលផ្លូវ។ ហើយពេលខ្លះទៀត គេឃើញមានករណីតាមវាយគ្នាបែកមុខបែកមាត់ដល់ផ្ទះ រឿងដណ្តើមស្វាមីគ្នាជាដើម។ លើសពីនេះទៅទៀត មានគ្រួសារខ្លះដេកឱបទ្រព្យ យកលុយជូតទឹកភ្នែកព្រោះមិនមានសិទ្ធ ឬអស់ផ្លូវនឹងកែដៃគូ ខណៈជីវិតអាពាហ៍ពិពាហ៍ល្អូកល្អើនជិត20ឆ្នាំមកហើយ ទើបតែប្រែប្រួលភ្លាមៗស្មានមិនដល់។
ឥទ្ធិពលនៃបញ្ហាទាំងអស់នេះ បានធ្វើឱ្យកូនៗ ត្រូវរងទុក្ខច្រើនជាងគេ ខណៈគ្នាមិនមានកំហុសសោះ តែត្រូវឈឺក្បាល បាក់ទឹកចិត្ត អស់សង្ឃឹម និងបាក់មុខក្នុងការរស់នៅក្នុងគ្រួសារដែលគ្មានភាពកក់ក្តៅ និងរឿងមិនចេះចប់មិនចេះហើយ។ វាជាបញ្ហារ៉ាំរ៉ែ ហើយបន្តកើតឡើងឥតឈប់ឈរក្នុងការរស់នៅ។
អ្វីជាបញ្ហា?
បញ្ហាគឺកើតមកពី មនុស្សជាច្រើនមើលរំលងចំណេះដឹងពីជីវិតអាពាហ៍ពិពាហ៍ និងភាពជាអាណាព្យាបាល (parenting skills)។ គាត់ពូកែរឿងរកស៊ី ពូកែធ្វើការ ឬពូកែទំនាក់ទំនង តែមិនពូកែដោះស្រាយបញ្ហាក្នុងជីវិត។ ទីបំផុត បញ្ហាជាច្រើនបានចាក់ស្រែះជាប់ទៅមុខមិនរួច ក៏អស់សង្ឃឹម និងចាប់ផ្តើមក្លាយជាមនុស្សអាត្មានិយម។
ហេតុនេះ សម្រាប់គ្រួសារថ្មីឬយុវវ័យមួយស្រទាប់ក្រោយ គួរពិចារណាយកចិត្តទុកដាក់បន្ថែមលើជំនាញដែលមិនមានបង្រៀនក្នុងសាលានេះ៕