ប្រជាពលរដ្ឋទិញអណ្តើកហ្លួងចំនួន២ក្បាលពីឈ្មួញ ប្រគល់ឲ្យក្រសួងបរិស្ថានធ្វើការអភិរក្ស

អណ្តើកហ្លួង ចំនួន២ក្បាល ត្រូវបានប្រជាពលរដ្ឋប្រគល់ឱ្យក្រសួងបរិស្ថានធ្វើការអភិរក្ស ក្រោយពីបានទទួលទិញពីអ្នកនេសាទខុសច្បាប់ នៅក្នុងភូមិសាស្ត្រស្រុកស្រែអំបិលខេត្តកោះកុង។ ពិធីប្រគល់សត្វអណ្តើហ្លួងនេះធ្វើឡើងនៅ ព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន។ 

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានកោតសរសើរចំពោះការស្ម័គ្រចិត្តដោយលះបង់ថវិកាផ្ទាល់ខ្លួនក្នុងការចូលរួមសង្គ្រោះសត្វព្រៃ និងចូលរួមថែរក្សានិងអភិរក្សប្រភេទសត្វអណ្តើកកម្រនេះ របស់ក្រុមគ្រួសារលោកស្រី ឡាយ ផុនថេង។ 

លោក សោម ស៊ីថា ប្រធានគម្រោងអភិរក្សអណ្តើកហ្លួង នៃអង្គការសមាគមអភិរក្សសត្វព្រៃប្រចាំកម្ពុជា (WCS) មានប្រសាសន៍ថាអណ្តើកហ្លួងនឹងបញ្ជូនទៅមជ្ឈមណ្ឌលសង្គ្រោះ និងអភិរក្សសត្វល្មូនមួយកន្លែងនៅក្នុងស្រុក ស្រែអំបិល ខេត្តកោះកុង តាំងពីឆ្នាំ២០០៦មក។ អ្នកជំនាញរូបនេះ បានសន្និដ្ឋានថា អណ្តើកហ្លួងទាំងពីរក្បាលនេះមានអាយុប្រហែល១៤ឆ្នាំ ខណៈអាយុកាលរស់របស់វាត្រូវបានប៉ាន់ស្មានថា មានជាង១០០ឆ្នាំឡើងទៅ។ លោកឱ្យដឹងថាអណ្ដើកហ្លួងញីអាច មានទំហំរហូតដល់៦០សង្ទីម៉ែត្រ និងអាចបន្តពូជនៅអាយុ២០ឆ្នាំខណៈឈ្មោលអាចមានទំហំ៤៩សង្ទីម៉ែត្រ។

អណ្ដើកហ្លួង ធ្លាប់ត្រូវបានគេគិតថា ផុតពូជពីកម្ពុជាទៅហើយ រហូតដល់ឆ្នាំ២០០០ នៅពេលរដ្ឋបាលជលផលនិងអង្គការWCS បានសិក្សាស្រាវជ្រាវ និងរកឃើញចំនួនសេសសល់តិចតួច នៅតាមប្រព័ន្ធព្រែកស្រែអំបិលក្នុងប្រទេសកម្ពុជា។

មន្ត្រីគម្រោងអភិរក្សអណ្តើកហ្លួងនៃអង្គការ WCS បានឱ្យដឹងថា បច្ចុប្បន្នកូនអណ្តើកហ្លួង ចំនួន៤៥០ក្បាល បានស្ថិតក្នុងចិញ្ចឹមក្នុងមជ្ឈមណ្ឌលសង្គ្រោះ និងអភិរក្សសត្វល្មូនក្នុងស្រុក ស្រែអំបិល ខណៈពូជអណ្តើកប្រភេទនេះស្ថិតក្នុងវ័យជំទង់ចំនួន៨៦ក្បាលទៀត ត្រូវបានព្រលែងឱ្យទៅរស់នៅតាមបែបធម្មជាតិ។

អណ្តើកហ្លួង ជាប្រភេទល្មូនដែលស្ថិតក្នុងបញ្ជីក្រហមរបស់អង្គការសហភាពអន្តរជាតិ ដើម្បីការអភិរក្សធម្មជាតិហៅកាត់ IUCN ជាប្រភេទរងគ្រោះថ្នាក់ជិតផុតពូជ ក្នុងចំណោមអណ្តើកទាំង២៥ប្រភេទ ដែលកំពុងរងគ្រោះថ្នាក់ខ្លាំងជាងគេនៅលើភពលោក៕

ប្រភព៖ក្រសួងបរិស្ថាន