ផលិតភាពការងារ ជាកត្តាសំខាន់មួយដែលប្រជាជនខ្មែរចាំបាច់ត្រូវយកចិត្តទុកដាក់ ព្រោះវាជាកត្តាកំណត់យ៉ាងសំខាន់ដល់ការអភិវឌ្ឍន៍ទាំងជីវិតឯកជន និងសង្គមទាំងមូល។
ឯកឧត្តម ពេជ សោភ័ន រដ្ឋលេខាធិការប្រចាំការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា ផលិតភាពការងារ ជាចំណុចសំខាន់ខ្លាំងណាស់ ដែលប្រជាជនខ្មែរយើងគ្រប់រូបចាំបាច់ត្រូវតែយកចិត្តទុកដាក់ ព្រោះមុនពេលអ្នកវិនិយោគផ្តល់ទំនុកចិត្ត និងផ្តល់ឱកាសអភិវឌ្ឍដល់យើង គេតែងតែមើលពីផលិតភាពការងាររបស់យើងជាមុនសិន។ កាលណាយើងមានផលិតភាពការងារខ្ពស់ អ្នកវិនិយោគគេអាចចំណេញបានច្រើន ព្រោះពេលយើងមានផលិតភាពការងារខ្ពស់មានន័យថា គេចំណាយធនធានតិចតែទទួលបានលទ្ធផលច្រើន។ តែទោះជាយ៉ាងនេះក្តី ប្រជាជនខ្មែរយើងជាច្រើន នៅមានបញ្ហាប្រឈមមួយចំនួនពាក់ព័ន្ធនឹងកម្រិតផលិតភាពការងារនេះ។
ជាក់ស្តែង នៅពេលឯកឧត្តមមើលទៅលើរបៀបធ្វើការងារក្នុងរោងចក្រមួយ ដែលមានក្រុមបុគ្គលិកខ្មែរ និងក្រុមបុគ្គលិកបរទេសធ្វើការងារដូចគ្នា ឯកឧត្តមបានឃើញពីភាពខុសគ្នា។ ក្រុមបុគ្គលិកខ្មែរយើងមួយចំនួន នៅពេលមានថៅកែ ឬមេរបស់គាត់នៅក្បែរ គាត់ខិតខំធ្វើការងារធម្មតា តែនៅពេលមេចេញពីកន្លែងភ្លាម គាត់ងាកមកលេងទូរស័ព្ទឬធ្វើការងារផ្សេងៗ ដែលមិនពាក់ព័ន្ធនឹងការងារបស់គាត់ ខុសពីក្រុមការងារបរទេស ដែលទោះបីជាមានមេនៅជិតឬមិននៅជិត គាត់នៅតែធ្វើការងាររបស់គាត់ទៅតាមតួនាទីរបស់គាត់រៀងៗខ្លួន។
ឯកឧត្តម ពេជ សោភ័ន មានប្រសាសន៍ថា៖ « កត្តាផលិតភាពនេះហើយ ដែលជាកត្តាធ្វើឱ្យយើងនៅតែក្រ ដើម្បីសម្រេចគោលដៅចាកផុតពីភាពក្រីក្របាន លុះត្រាតែយើងធ្វើឱ្យមានកំណើនផលិតភាព។ សម្រាប់បុគ្គលិកនៅប្រទេសយើង នៅពេលដែលគេនិយាយពីបញ្ហាផលិតភាព គាត់យល់ថា គេកំពុងបង្ខំឱ្យគាត់ធ្វើការងារកាន់តែច្រើន ឬកាន់តែធ្ងន់ធ្ងរ»។
ឯកឧត្តម បានលើកឡើងផងដែរថា ការគិតបែបនេះ គឺជាការយល់ច្រឡំ ព្រោះផលិតភាពការងារមិនផ្តោតលើការធ្វើការងារច្រើនម៉ោងជាងមុន ឬលំបាកជាងមុននោះទេ (Hard Work) តែផ្តោតសំខាន់លើការធ្វើការងារដោយភាពឆ្លាតវៃជាងមុន(Smart Work)។ ដូច្នេះទាំងមន្ត្រីរាជការ បុគ្គលិកឯកជន និងអ្នកផ្សេងៗទៀត គួរចាប់ផ្តើមផ្លាស់ប្តូរផ្នត់គំនិតអវិជ្ជមានរបស់ខ្លួន ហើយងាកមកខិតខំប្រឹងប្រែងអភិវឌ្ឍខ្លួនឱ្យមានផលិតភាពខ្ពស់វិញ។
កត្តាផលិតភាពការងារនេះមានសារៈសំខាន់ខ្លាំងណាស់សម្រាប់សង្គម ព្រោះកាលណាបុគ្គលិកយើងធ្វើបានត្រឹមតែ 5 ខណៈដែលគេធ្វើបានដល់ទៅ20 តើយើងអាចចាកផុតពីភាពក្រីក្របានដោយវិធីណា? ពីមុនកម្ពុជាយើងទើបនឹងចេញពីសង្គ្រាម ជាប្រទេសក្រីក្រហើយមិនងាយទេ ទើបខិតខំប្រឹងប្រែងឈានជើងមកដល់ពេលនេះ។ ការដែលអាចឈានជើងមកដូចបច្ចុប្បន្ននេះ គឺដោយសារតែរាជរដ្ឋាភិបាលបានជំរុញឱ្យមានការអប់រំនៅគ្រប់ទីកន្លែង និងព្យាយាមទាក់ទាញការវិនិយោគ ដើម្បីធ្វើយ៉ាងណាឱ្យប្រជាជនមានការងារធ្វើ ហើយចំណូលមានការកើនឡើងដែលអាចកាត់បន្ថយភាពក្រីក្រ តែយើងនៅតែមានកត្តាប្រឈមដោយសារតែ ប្រជាជនយើងមួយចំនួនមិនទាន់ខិតខំប្រឹងប្រែងឱ្យអស់ពីសក្តានុពល ឬមិនទាន់មានផលិតភាពខ្ពស់ដើម្បីចាកចេញពីភាពក្រីក្រ៕
រូបតំណាង