ហេតុអ្វីមនុស្សរៀនពូកែស្មើគ្នាពីរនាក់ ចុងក្រោយម្នាក់ក្រីក្រ តែម្នាក់ទៀត​រីកចម្រើន

នាពេលបច្ចុប្បន្ននេះ មានមនុស្សជាច្រើនបានផ្តោតក្រសែភ្នែកលើមនុស្សរៀនពូកែ តែបរាជ័យក្នុងជីវិត ហើយបន្ទោសលើការអប់រំថា មិនអាចធ្វើឱ្យពួកគេក្លាយជាអ្នកមាន។ កត្តានេះបានបង្ករគ្រោះថ្នាក់យ៉ាងច្រើន សម្រាប់យុវជន និងប្រជាជនជំនាន់ថ្មីរបស់ខ្មែរយើង ដោយសារពួកគេបែរជាគិតថា ការអប់រំគ្មានតម្លៃ ធ្វើឱ្យគេក្លាយជាសេដ្ឋីឆាប់រហ័ស ឬមើលតែគំរូរបស់មនុស្សមួយភាគតូច ដែលបោះបង់ការសិក្សាហើយក្លាយជាសេដ្ឋីជាដើម។

ពាក់ព័ន្ធនឹងបញ្ហានេះ លោក Steven Covey អ្នកនិពន្ធសៀវភៅ 7 Habits of highly effective People បានលើកឡើងថា ការអប់រំពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់មនុស្ស។ វាជាមូលដ្ឋានគ្រឹះនៃភាពរីកចម្រើនហើយវាក៏ជាប្រភពដ៏សំខាន់ផងដែរ ដែលធ្វើឱ្យមនុស្សរឹងមាំពីខាងក្នុង តែមូលហេតុដែលធ្វើឱ្យមនុស្សរៀនពូកែមួយចំនួនមិនទទួលបានជោគជ័យ គឺអាស្រ័យលើវិធីដែលពួកគេមើលហេតុការណាមួយ ហើយបកប្រែឱ្យក្លាយជាអត្តចរិត(paradigm)។

ប្រសិនបើពួកគេមានផ្នត់គំនិត​ប្រកបដោយភាពច្នៃប្រឌិត មានភាពម្ចាស់ការ (proactive) នោះពួកគេ នឹងអាចបកប្រែ​របស់នៅជុំវិញខ្លួន ឱ្យក្លាយជា​រឿងល្អៗ សម្រាប់អភិវឌ្ឍជីវិតរបស់ពួកគេឱ្យក្លាយជាមនុស្សជោគជ័យលើទំនាក់ទំនង ការស្វែងរកទ្រព្យសម្បត្តិ និងក្នុងចំណងអាពាហ៍ពិពាហ៍ជាដើម។

ជាឧទាហរណ៍ ប្រសិនបើគេឱ្យមនុស្សបីនាក់ មើលលើវាលស្មៅដ៏ស្រស់ស្អាតមួយដូចគ្នា ប្រសិនបើពួកគេ មានផ្នត់គំនិត(paradigm) ខុសគ្នា នោះយើងនឹងឃើញ​ចម្លើយបីយ៉ាងខុសគ្នា។ បុគ្គលទីមួយ អាចនឹងមើលឃើញថា​វាស្មៅនេះជាកន្លែងល្អបំផុតសម្រាប់គោរបស់គាត់ ឬសម្រាប់សត្វចិញ្ចឹមរបស់គាត់។

បុគ្គលទីពីរ អាចនឹងមើលឃើញថា វាលស្មៅដ៏ធំល្វឹងល្វើយនេះ អាចនឹងក្លាយ​ជា​កន្លែង​ទាត់បាល់ ដ៏រីករាយ ​របស់ក្រុមគាត់កម្សាន្ត។ បុគ្គលទីបី អាចនឹងមើលឃើញ ថាវាលស្មៅដ៏ខៀវខ្ចីនេះ មានទីតាំងល្អ មាន ធម្មជាតិស្រស់ស្អាតអាចនឹងក្លាយជា resort ឬជាតំបន់ទេសចរណ៍ធម្មជាតិ ដែលមាន​សណ្ឋាគារ និង​ភោជនីយដ្ឋាន​ដែលមានសមត្ថភាពទាញប្រាក់រាប់ម៉ឺនរាប់លានដុល្លារសម្រាប់គាត់ និងអ្នកភូមិ។

ហេតុនេះ ​មនុស្សដែលមានសមត្ថភាពពូកែនៅក្នុងសាលា មិនប្រាកដ​ថា​សុទ្ធតែរីកចម្រើននោះទេ ប្រសិនបើគេមានផ្នត់គំនិតខុស តែទោះជាយ៉ាងនេះក្តីប្រសិនបើគ្មានការអប់រំ ទោះក្នុងប្រព័ន្ធក្តី ឬក្រៅប្រព័ន្ធក្តី ពួកគេនឹងមិនអាចអភិវឌ្ឍបានល្អនោះទេ បើទោះបីជាមានផ្នត់គំនិតល្អក៏ដោយ។ ការដែល មនុស្សម្នាក់ៗមានលទ្ធផលខុសគ្នាគឺមកពីប្រភពផ្នត់គំនិតនេះឯង ព្រោះកាលណាមនុស្សម្នាក់ៗ មានផ្នត់គំនិតបែបនេះ នោះសកម្មភាពរបស់គេក៏នឹងចេញជារួបរៀងបែបនេះដែរ។

ផ្នត់គំនិត និងចំណេះដឹង ត្រូវតែដើរឱ្យទន្ទឹមគ្នា ព្រោះបើយើងមានតែចំណេះដឹង ហើយផ្នត់គំនិតមិនល្អនោះ យើង​នៅតែអាចអភិវឌ្ឍបាន គ្រាន់តែការអភិវឌ្ឍនោះមានភាពយឺតយ៉ាវ ឬអាចប្រើចំណេះដឹងខុសជា រើយៗដែលធ្វើឱ្យយើងខាតបង់។ ជាក់ស្តែង ប្រសិនបើយើងប្រើចំណេះដឹងរបស់យើងខុស នោះមានន័យ ថាយើងខ្ជះខ្ជាយពេលវេលាក្នុងការរស់នៅ ព្រោះនៅពេលយើងធ្វើការងារបាន១ អ្នកដែលមានផ្នត់គំនិតត្រូវអាចធ្វើបានលទ្ធផល ១០០ក៏ថាបាន។ 

ងាកមកវិញ ប្រសិនបើយើងមានតែគំនិត មានតែផ្លូវ តែយើងគ្មាន​ចំណេះដឹងគ្រប់គ្រាន់ ដើម្បីបកប្រែអ្វីដែលយើងគិតនោះឱ្យទៅជាសកម្មភាពប្រកបដោយ​ភាពច្នៃប្រឌិតនិងប្រសិទ្ធភាពទេនោះ ជីវិតរបស់យើងនៅតែតឿដដែល ព្រោះយើងពូកែគិត តែមិនពូកែធ្វើ៕

រូបតំណាង (ថតដោយ SunnyWrt)