លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម
ក្រុងកែប៖ បន្ទាប់ពីក្រុមការងារបច្ចេកទេសបញ្ចប់ដោយជោគជ័យ លើកិច្ចចរចាពាណិជ្ជកម្មសេរីរវាងកម្ពុជា-ចិន កាលពីពេលថ្មីៗ កម្ពុជារំពឹងថា នឹងមានកំណើននៃការនាំចេញ ទៅកាន់ទីផ្សារប្រទេសចិន ប្រមាណជា ២០ភាគរយ។ នេះបើតាមប្រសាសន៍របស់លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នាថ្ងៃទី១៩ ខែមិថុនា ឆ្នាំ ២០២០នៅខេត្តកែប។
ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា បន្ទាប់ពីទទួលបានជោគជ័យលើកិច្ចចរចានេះរួចមក ក្រុមការងារនឹងស្នើសុំគោលការណ៍ពីរដ្ឋាភិបាលទាំងសងខាង ដើម្បីផ្តល់ការយល់ព្រមលើអត្ថបទកិច្ចព្រមព្រៀង និងសំណើបើកច្រកទីផ្សារនិងឈានទៅចុះហត្ថលេខា លើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី នៅចុងឆ្នាំ២០២០នេះ ហើយវានឹងក្លាយជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីលើកដំបូងសម្រាប់កម្ពុជា៕