រូបភាពពី The Safari Resort
ខេត្តកំពត៖ រមណីយដ្ឋានទំនប់ម្លេច គឺជាឋានសួគ៌ដ៏អាថ៌កំបាំង ដែលរុំព័ទ្ធទៅដោយជួរភ្នំមានរាងដូចកងមួយជុំ ស្ថិតនៅព្រំប្រទល់រវាងខេត្តតាកែវនិងខេត្តកំពត ក្នុងស្រុកជុំគិរី ដែលមានចម្ងាយប្រមាណជាង ១០៣គីឡូម៉ែត្រពីរាជធានីភ្នំពេញ និងប្រមាណជាង៥៨គីឡូម៉ែត្រពីទីរួមខេត្តកំពត ដោយធ្វើដំណើរតាមផ្លូវជាតិលេខ៣។
រមណីយដ្ឋានទំនប់ម្លេច អមទៅដោយអាងស្តុបទឹកដ៏ធំថ្លាឆ្វេងមួយ ដែលបានបន្សល់ទុកតាំងពីជំនាន់ខ្មែរក្រហមនៅជុំវិញទំនប់មានតូបជាច្រើន ដែលបានសាងសងឡើងដើម្បីបម្រើសសេវាកម្មទេសចរណ៍។ ភ្ញៀវទេសចរអាចរីករាយជាមួយនឹងការដើរលើខ្សែពួរ ជិះកៃយ៉ាក និងជិះទូកកម្សាន្តលើផ្ទៃទឹក ជាពិសេសភ្ញៀវទេសចរអាចគយគន់សត្វស្លាបជាច្រើនប្រភេទ។
អ្វីដែលកាន់តែពិសេសជាងនេះទៅទៀត នៅទីនោះមានរីសតបែបទំនើបមួយហៅថា ឌឹ សាហ្វារី (The Safari ) កំពុងតែមម៉ាញឹកក្នុងការរៀបចំទទួលភ្ញៀវស្ទើរតែរៀងរាល់ថ្ងៃ។ រីសតបែបទំនើបនេះ បានរចនាឡើងតាមបែបលោកខាងលិច ដោយមានការរៀបចំបន្ទប់ស្នាក់នៅជាតង់ខ្នាតធំៗពណ៌ស ដែលនៅលោកខាងលិចគេនិយមហៅថា Glamping អមទៅដោយអំពូលភ្លើងតិចតួចនៅពេលរាត្រីភ្ញៀវទេសចរអាចមើលព្រះច័ន្ទ មើលផ្កាយរាប់រយ បង្កាត់ភ្នក់ភ្លើងរីករាយជាមួយនឹងថ្ងៃលិច និងថ្ងៃរះដ៏ស្រស់ស្អាតនៅបរិវេណ ឌឹ សាហ្វារី។
លោក វីរៈ ច័ន្ទតារា ជាម្ចាស់រីសត ឌឹ សាហ្វារី បានប្រាប់ឲ្យដឹងខ្លះៗ ពីមូលហេតុដែលគាត់បានជ្រើសរើសតំបន់នេះជាទីកន្លែងបង្កើតរីសតនេះឡើង គឺដោយសារតែគាត់យល់ឃើញថា វាជាទីកន្លែងដែលពិសេសជាងគេនៅពេលដែលក្រលេកទៅឃើញមានភ្នំជាច្រើនហ៊ុមព័ន្ធជុំវិញ ម្យ៉ាងវិញទៀត វាគឺតំបន់មិនសូវមានអ្នកស្គាល់ ដូច្នេះគាត់មានបំណងចង់ចូលរួមផ្សព្វផ្សាយតំបន់នេះ ឲ្យក្លាយជាតំបន់ទេសចរណ៍ដែលមានសក្តានុពលបំផុតនៅពេលអនាគត។ គាត់បានប្រាប់ឲ្យដឹងទៀតថា គោលដៅដ៏ទាក់ទាញរបស់ ឌឹសាហ្វារី ដោយសារតែទំនប់ម្លេច ជាទីកន្លែងប្រវត្តិសាស្រ្តមួយដែលបានបន្សល់ទុកតាំងពីជំនាន់ខ្មែរក្រហម មួយវិញទៀតគឺដោយសារ ឌឹ សាហ្វារី ជារីសតដែលមានលក្ខណៈខុសដាច់ពីនៅគេនៅក្នុងប្រទេសយើង។
លោក វីរៈ ច័ន្ទតារាបានលើកឡើងថា៖ «តង់ទាំងនេះ គឺភាគច្រើនមាននៅតែអឺរ៉ុបប៉ុណ្ណោះ ការរៀបចំតង់លក្ខណៈពាក់កណ្តាលរង្វង់ គឺជាភាពទាក់ទាញបំផុតប្រសិនបើថតពីខាងលើនឹងឃើញវាជារង្វង់ និងជាជួរដ៏ស្រស់ស្អាតមែនទែន។ ដោយសារតែមានផ្ទៃទឹកបូករួមទាំងភ្នំនៅពីខាងមុខ ភ្ញៀវភាគច្រើនស្ទើរតែមិនជឿរថា ឌឹ សាហ្វារីគឺជារីសតដែលមាននៅស្រុកខ្មែរនោះទេ»។
លោក វីរៈ ច័ន្ទតារា បានលើកឡើងទៀតថា៖ «ឌឹ សាហ្វារី គឺជាកន្លែងផ្តល់ជូននូវបទពិសោធន៍នៃការបោះតង់ ជាជាងការមកគេង ដោយវាមានលក្ខណៈខុសពីការដែលភ្ញៀវទៅសម្រាកនៅរីសតផ្កាយ៤ ឬក៏ផ្កាយ៥ តែសម្រាប់ ឌឹសាហ្វារី បានផ្តល់បទពិសោធន៍គេងតង់ បរិភោគអាហារក្រៅ ជាមួយមិត្តភក្តិ ក្រុមគ្រួសារនិងក្រុមការងារ ខ្ញុំតែងតែជម្រាបថាបោះតង់វាមិនមានផាសុខភាពនោះទេ ប៉ុន្តែវាតែងតែបញ្ជាប់ឡើងដោយការចង់ចាំដ៏ល្អមួយ»។
ចក្ខុវិស័យរបស់ ឌឹសាហ្វារី គឺជាការមើលឃើញវិស័យទេសចរណ៍នៅមានការខ្វះចន្លោះ តំបន់ទេសចរណ៍មានច្រើន ប៉ុន្តែវិស័យស្នាក់នៅ និងការផ្តល់ជូននៅមានកម្រិតដូច្នេះ ឌឹ សាហ្វារី មិនត្រឹមតែជាការបោះតង់នោះទេគឺ ឌឹសាហ្វារី មានបំណងចង់ក្លាយជារីសតដែលធំជាងនេះនៅពេលអនាគត។ បច្ចុប្បន្ន ឌឹ សាហ្វារី មានផ្តល់សេវាកម្មបោះតង់ហើយក៏កំពុងតែវិវត្តន៍ពីការបោះតង់ធម្មតាទៅជា Glamping ដូចនៅអឺរ៉ុបតែម្តង ដោយកែសម្រួលបរិស្ថានជុំវិញទីតាំងឲ្យកាន់តែស្រស់ស្អាត សេវាកម្មកាន់តែល្អកាន់តែមានស្តង់ដា ដើម្បីប្រកួតប្រជែងជាមួយនឹងរីសតផ្សែងៗទៀត។ ឌឹ សាហ្វារី មានបំណងចង់ក្លាយជា Glamping ដែលល្អដាច់គេនៅក្នុងប្រទេសកម្ពុជា និងមិនត្រឹមតែមាននៅជុំគិរីតែប៉ុណ្ណោះនោះទេ គឺអាចនឹងមាននៅកំពត កោះកុង ឳរ៉ាល់ មណ្ឌលគិរីនិងតំបន់ផ្សេងៗ ទៀតជាច្រើនដែលមានធម្មជាតិស្អាត៕
រូបភាពពី The Safari Resort
រូបភាពពី The Safari Resort