ការសងសឹកជាប្រភពរបស់ទុក្ខ ឬអាចនិយាយបានថា ជាមេរោគដ៏សាហាវដែលបំផ្លាញសុភមង្គល តែមនុស្សនៅតែចូលចិត្តធ្វើការសងសឹកគ្នាទៅវិញទៅមក ដើម្បីស្វែងរកយុត្តិធម៌ក្នុងផ្លូវខុសឆ្គង។ តាមពិត ការសងសឹកមិនមែនជាអ្វីដែលមនុស្សត្រូវធ្វើដើម្បីស្វែងរកចំណុចស្មើភាពលើដំណោះស្រាយបញ្ហានោះឡើយ តែវាជាចំណុចចាប់ផ្តើមនៃទង្វើខុសឆ្គង ដែលបន្តគ្នាមិនចេះចប់មិនចេះហើយ។
កាលណាមនុស្សណាម្នាក់បានធ្វើខុសទៅលើជនណាម្នាក់ គេតែងតែមានភាពភ័យខ្លាច ហើយមិនអាចរស់នៅដោយសេចក្តីស្ងប់សុខបានឡើយ ព្រោះគេដឹងយ៉ាងច្បាស់ថា ពួកគេប្រាកដជាត្រូវទទួលរងនូវ ការសងសឹកពីជនរងគ្រោះ ដែលកើតចេញពីទង្វើអាក្រក់របស់គេវិញ។ ចំណែកឯអ្នកដែលមាន បំណងចង់សងសឹកវិញ គឺរឹតតែមានសេចក្តីទុក្ខខ្លាំងជាងអ្នកដែលត្រូវគេសងសឹកនោះទៅទៀតព្រោះថា មុនពេលសងសឹកចិត្តរបស់បុគ្គលនោះពោរពេញទៅដោយកំហឹង ដែលជាកត្តានាំឱ្យមានសេចក្តីទុក្ខរួចមក ហើយ។ បន្ទាប់ពីសងសឹកបានសម្រេច គេក៏នៅតែមិនស្ងប់ចិត្តដដែលព្រោះពេលនេះ ជាពេលដែលគេត្រូវភ័យព្រួយចំពោះការសងសឹកពីភាគីម្ខាងទៀតទៅវិញ។
ស្របជាមួយគ្នានេះដែរ សូក្រាត (Socrates) ទស្សនវិទូក្រិចដ៏ល្បីល្បាញ បានបង្ហាញទស្សនទានដ៏ប្រពៃ មួយស្តីពីការសងសឹកថា “អ្នកដែលទទួលរងរបួសឬការឈឺចាប់ មិនគួរសងសឹកដោយធ្វើឱ្យគេរងរបួសឬឈឺចាប់វិញទេ ពីព្រោះវាគ្មានហេតុផលត្រឹមត្រូវនឹងធ្វើអំពើអយុត្តិធម៌ ហើយវាក៏មិនត្រូវដែរ ដែលអ្នកធ្វើឱ្យគេរបួសវិញ ឬក៏ធ្វើអំពើអាក្រក់ដាក់នរណាម្នាក់ទោះជាយើងទទួលរងគ្រោះច្រើនពីគេក្តី”។
ត្រង់ចំណុចនេះសូក្រាត ចង់បញ្ជាក់ថា ការសងសឹក គឺមិនមែនជាហេតុផលសមស្របបំផុតក្នុងការ ដោះស្រាយបញ្ហា ឬស្វែងរកយុត្តិធម៌នោះឡើយ។ ការសងសឹក មិននាំឱ្យមានសេចក្តីសុខដល់មនុស្សឡើយ ហើយការសងសឹកក៏មិនអាចជួយអ្វីដល់មនុស្សបានដែរ ព្រោះថា ប្រសិនបើបុគ្គលម្នាក់ធ្វើខុសមកលើយើង ហើយយើងប្រព្រឹត្តអំពើខុសដែលគេធ្វើដាក់យើងនោះទៅគេវិញ ក៏វាគ្មានអ្វីជាប្រយោជន៍សម្រាប់យើងសោះឡើយ។ ផ្ទុយទៅវិញវាបែរជានាំយើងឱ្យធ្លាក់ទៅក្នុងសេចក្តីខុសឆ្គងម្តងហើយម្តងទៀត រហូតក្លាយ ទៅជាទម្លាប់នៃការសងសឹកឬក្លាយទៅជាជម្លោះដ៏ធំធេងមួយ ទោះបីជាវាជារឿងតិចតួចក៏ដោយ។
ការនិយាយបែបនេះ មិនមែនមានន័យថាសុខចិត្តឱនក្បាលឱ្យគេជាន់នោះទេ តែប្រសិនបើយើងសងសឹក ទៅវិញទៅមកក៏គ្មានថ្ងៃណាចប់ដែរ។ អ្វីដែលសំខាន់គឺយើងចេះមើលបញ្ហា ឬស្វែងរកចន្លោះប្រហោងនៃបញ្ហាទាំងអស់នោះទើបជាការប្រសើររ។ ប្រសិនបើគេធ្វើខុសចំពោះយើង ក្នុងកាលៈទេសៈដែល យើងទន់ខ្សោយយើងអាចព្យាយាមពង្រឹងសមត្ថភាពឱ្យកាន់តែខ្លាំង នោះវានឹងធ្វើឱ្យយើងប្រើភាព ឈឺចាប់ដើម្បីអភិវឌ្ឍជីវិតបានកាន់តែល្អ។
ប្រសិនបើគេធ្វើខុសមកលើយើងដោយចរិតថោកទាប ឃោរឃៅ និងអវិជ្ជា នោះយើងមានតែអាណិតទៅវិញ ព្រោះគ្មានហេតុផលទេដែលត្រូវប្រព្រឹត្តិអំពើថោកទាបតបទៅគេវិញនោះ។ ប្រសិនបើយើងធ្វើបែបនេះមែន មានន័យថា យើងបណ្តោយជីវិតយើងឱ្យក្លាយជាមនុស្សថោកទាប ដោយសារតែទទួល រងសកម្មភាពមិនល្អណាមួយមកលើខ្លួន។ម្យ៉ាងវិញទៀត មនុស្សដែលធ្វើមិនល្អមកលើយើង ទោះបី ជាយើងមិនតបត ក៏គាត់គង់តែជួបបញ្ហានៅថ្ងៃណាមួយទេ។បើគាត់មិនឈ្លោះជាមួយអ្នកដទៃ ក៏គាត់ឈ្លោះជាមួយខ្លួនឯងដែរ។ មនុស្សដែលគ្មានមេត្តាចំពោះអ្នកដទៃក៏មិនប្រាកដថាមានមេត្តាចំពោះ ខ្លួនឯងដែរ កុំទៅតបជាមួយមនុស្សធននោះនាំតែអន់ជាមួយទេ៕