រោងចក្ររថយន្តហុងដា កំពុងរងគ្រោះដល់បិទទ្វារ តែមិនមែនមកពីមូលហេតុកូវីដ-១៩ឡើយ

បច្ចុប្បន្ននេះ ទន្ទឹមនឹងពិភពលោកមានវិបត្តិសេដ្ឋកិច្ច បណ្តាក្រុមហ៊ុនជាច្រើន ក៏ទទួលរងនូវ​ឧបសគ្គជាច្រើន​ដែលរំខានដល់ការធ្វើអាជីវកម្ម​។ ក្រុមហ៊ុនខ្លះ ត្រូវរងផលប៉ះពាល់ដោយផ្ទាល់ពីមេរោគកូវីដ-១៩ ក្រុមហ៊ុនខ្លះរងគ្រោះដោយប្រយោល ខណៈក្នុងពេលដំណាលគ្នានេះ​ ក្រុមវាយប្រហារតាម​អនឡាញ (hacker) ក៏កំពុងធ្វើព្យុះភ្លៀងខ្លាំងផងដែរលើពិភពលោក ដែលធ្វើឱ្យអាជីវកម្មខ្លះត្រូវគាំងនៅដំណាក់កាលនេះ។

ថ្មីៗនេះ ​មានព័ត៌មានអន្តរជាតិជាច្រើន បានរាយការណ៍ពីផលប៉ះពាល់របស់ក្រុមហ៊ុនហុងដា ដែលជាក្រុមហ៊ុន​ផលិតគ្រឿងយន្ត និងមានផលិតកម្ម​ក្នុងប្រទេសជាច្រើនលើសកលលោក។

បើតាមលើកឡើង របស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា (Anti CyberCrime Department) នៃក្រសួងមហាផ្ទៃនាពេលថ្មីៗនេះបានឱ្យដឹងថា រោងចក្រផលិតរថយន្តរបស់ក្រុមហ៊ុន​រថយន្តយក្សរបស់ជប៉ុននេះ ត្រូវបានផ្អាកដំណើរការក្នុងប្រទេសជាច្រើនលើពិភពលោក ឬអាចនិយាយបានថា​ស្ទើរតែទូទាំងពិភពលោកទៅហើយ ដោយសារតែក្រុមវាយប្រហារ​បច្ចេកវិទ្យាពី Hacker។ ស្ថាប័នខាងលើបញ្ជាក់ថា អាជីវកម្មជាច្រើន បានជួបឧបសគ្គដោយសារតែការរាតត្បាត​នៃជំងឺកូវីដ-១៩តែសម្រាប់រោងចក្រហុងដា បែរជាត្រូវរងគ្រោះ ដោយសារតែការវាយប្រហារពីក្រុមជនអនាមិក​ (Hacker)ទៅវិញ។

នាយកដ្ឋាន​ប្រឆាំងបទល្មើសបច្ចេកវិទ្យាបាន​បញ្ជាក់ផងដែរថា ប្រព័ន្ធបណ្ដាញ (Network System) របស់ក្រុមហ៊ុនហុងដាត្រូវបានវាយប្រហារ ដែលធ្វើឱ្យក្រុមហ៊ុនមិនអាចចូលប្រើកុំព្យូទ័រសឺវ័រអ៊ីម៉ែល និងប្រព័ន្ធផ្សេងៗទៀតបាន នេះបើតាមការផ្សព្វផ្សាយរបស់សារព័ត៌មាន BBC។ រោងចក្រដែលត្រូវបានបិទទាំងនោះមាននៅបណ្តារប្រទេសដូចជាចក្រភពអង់គ្លេស ទួកគី អ៊ីតាលី ជប៉ុន និងតំបន់អាមេរិកខាងជើង។

បើយោងតាមក្រុមអ្នកស្រាវជ្រាវផ្នែកសុវត្ថិភាពបានឱ្យដឹងថា នេះអាចជាការវាយប្រហារប្រភេទ Snake Ransomware ដែលក្រុមអ្នកវាយប្រហារបានបំប្លែង (encrypt) ទិន្នន័យរបស់ក្រុមហ៊ុន ឬបិទមិនឱ្យក្រុមហ៊ុនអាចចូលប្រើប្រព័ន្ធកុំព្យូទ័របាន ប៉ុន្តែក្រុមហ៊ុនហុងដាបានអះអាងថា ទិន្នន័យទាំងអស់ពុំមានការប៉ះពាល់នៅឡើយទេរហូតមកដល់ពេលនេះ។ បច្ចុប្បន្នគេពុំបានដឹងទេថា តើក្រុមអ្នកវាយប្រហារចូលទៅក្នុងប្រព័ន្ធ Network តាមរបៀបណានោះទេ ប៉ុន្តែវាប្រហែលអាចចូលតាមការទាញយកឯកសារផ្សេងៗ ដែលមានភ្ជាប់មកជាមួយមេរោគទាំងនោះ។

នេះជាការក្រើនរំឭកមួយដែលទាំងក្រុមហ៊ុន ក៏ដូចជាអ្នកប្រើប្រាស់ត្រូវតែមានការប្រុងប្រយ័ត្ន ជាមួយប្រព័ន្ធសុវត្ថិភាពដើម្បីជៀសវាងពីការវាយប្រហារនានា ជាពិសេសសម្រាប់ក្រុមហ៊ុនផលិតរថយន្តនេះតែម្ដង ព្រោះថាបច្ចេកវិទ្យានាពេលបច្ចុប្បន្ននេះ គឺមានយ៉ាងច្រើនដែលត្រូវបានប្រើបាស់នៅក្នុងប្រព័ន្ធដំណើរការរបស់រថយន្តដូចជា ប្រព័ន្ធហ្វ្រាំងប្រព័ន្ធគ្រប់គ្រងល្បឿន ហើយនៅថ្ងៃអនាគតក៏នឹងមានប្រព័ន្ធដែលអាចឱ្យរថយន្តបើកបានដោយខ្លួនឯងផងដែរ៕