រាជធានីភ្នំពេញ៖ បទចម្រៀង «កណ្ដៀវអូនស្រួយ» និងបទ «ស្រណោះអង្រែ» ក្រោយពីមានការចេញផ្សាយតាមបណ្ដាញសង្គមនិងYoutube ក៏បានធ្វើឲ្យមហាជនរិះគន់ និងមានការមិនពេញចិត្តជាខ្លាំង។
ប្រតិកម្មខ្លាំងៗរបស់មហាជន និងចំណាត់ការរបស់ស្ថាប័នពាក់ព័ន្ធ បានធ្វើឲ្យ លោក អ៉ិច ចន្ថា ដែលជាម្ចាស់បទចម្រៀងនេះផ្ទាល់ ព្រមទទួលស្គាល់ថាបទចម្រៀងរបស់ខ្លួនពិតជាបាន ប្រើពាក្យពេចន៍អសុរស ធ្វើឲ្យប៉ះពាល់ដល់សីលធម៌សង្គមនិងធ្វើកិច្ចសន្យាកែខ្លួន។ នេះបើតាមកិច្ចសន្យាដែលមានឈ្មោះ និងស្នាមមេដៃរបស់លោក ក្នុងថ្ងៃ១០ មិថុនា ២០២០នេះ។
ក្នុងលិខិតកិច្ចសន្យាលោក បានសរសេរបញ្ជាក់ថា៖ ខ្ញុំបាទ សូមធ្វើការសុំទោសជាសាធារណៈ ដល់មហាជន និងសូមសន្យាថា មិនតែងនិពន្ធបទចម្រៀងដែលបង្កឲ្យមនការប៉ះពាល់ដល់ វប្បធម៌សង្គមជាតិតទៅទៀតទេ។
កិច្ចសន្យាកែខ្លួននេះ បានធ្វើនៅចំពោះមុខក្រុមប្រឹក្សាពិន័យនិងលើកសរសើរនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលបានហៅលោក ទៅអប់រំណែនាំ៕