សម្ដេចតេជោ នាយករដ្ឋមន្រ្តី (រូបភាព ពីទំព័រហ្វេសប៊ុកផ្លូវការរបស់សម្ដេច)
រាជធានីភ្នំពេញ៖ បន្ទាប់ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានចុះហត្ថលេខាជាមួយស្ថានទូតចិនប្រចាំកម្ពុជា លើកិច្ចព្រមព្រៀងផ្លូវការលើ “លក្ខខណ្ឌតម្រូវភូតគាមអនាម័យ សម្រាប់ការនាំចេញផ្លែស្វាយស្រស់ពីកម្ពុជាទៅកាន់ប្រទេសចិនដោយក្នុងមួយឆ្នាំ ជាង៥០ម៉ឺនតោន កាលពីថ្ងៃទី៩ ខែ មិថុនា ២០២០ សម្ដេចហ៊ុនសែន បានសរសេរសារលើបណ្ដាញសង្គមសរសើរពីកិច្ចខិតខំប្រឹងប្រែងនេះ ដែលជួយដោះស្រាយទីផ្សារផលិតកម្មស្វាយជូនប្រជាពលរដ្ឋអោយកាន់តែទូលំទូលាយ។
យោងតាមហ្វេសប៊ុនផ្លូវការរបស់សម្តេចតេជោ នាយករដ្ឋមន្រ្តីបានមានប្រសាសន៍ថា ការបើក ទីផ្សាយស្វាយស្រស់កម្ពុជា ទៅកាន់ប្រទេសចិននេះ គឺជាដំណឹងល្អសម្រាប់បងប្អូនប្រជាកសិករ ម្ចាស់ចំការនិងពាណិជ្ជករដែលកំពុងវិនិយោគ លើដំណាំស្វាយដែលកំពុងមានក្តីកង្វល់ព្រោះមានចំការជាច្រើនដែលមានស្វាយទុំជ្រុះចោលហើយតម្លៃស្វាយបានធ្លាក់ចុះយ៉ាងច្រើន។
សម្តេចតេជោបញ្ជាក់ថា បើតាមព័ត៌មានទទួលបាន គឺមានអាជីវករបានដាក់ពាក្យស្នើសុំចុះបញ្ជីចម្ការស្វាយនិងទីតាំងវេចខ្ចប់សម្រាប់នាំចេញផ្លែស្វាយស្រស់ទៅកាន់ប្រទេសចិន ចំនួន២០កន្លែង លើផ្ទៃដី២១,២៨៦ហិកតា។
សម្តេចតេជោហ៊ុនសែនបានអំពាវនាវ ដល់បងប្អូនប្រជាកសិករនិងពាណិជ្ជករ ពង្រឹងបច្ចេកទេសដាំដុះអោយមានគុណភាពកាន់តែខ្ពស់ និងបង្កើតរោងចក្រវេចខ្ចប់អោយបានត្រឹមត្រូវ ដើម្បីយើងអាចមានលទ្ធភាពកែឆ្នៃផ្លែស្វាយដើម្បីទទួលបានផលប្រយោជន៍កាន់តែច្រើន ហើយអ្វីដែលសំខាន់បំផុតក្នុងការនាំផ្លែស្វាយកម្ពុជាទៅកាន់ប្រទេសចិនគឺត្រូវតែមានអនាម័យ និងភូតគាមអនាម័យ(SPS) អោយបានល្អដែលអាចទទួលយកបាននៅក្រៅប្រទេស៕