ប្រជាជនខ្មែរគួរងាកមកមើលសក្តានុពលកសិកម្ម ខណៈដីជាច្រើនហិកតានៅទំនេរ

ទោះបីជាបច្ចុប្បន្ននេះ ជាសម័យបច្ចេកវិទ្យា ដែលមនុស្សរស់នៅក្នុងភាពទំនើបមានធនធានសំបូរបែប និង​មាន​ផលិតផលឧស្សាហកម្ម​ច្រើនប្រភេទក៏ដោយ ក៏​កសិកម្ម​នៅតែរក្សាបានភាពសំខាន់​ជាប់ជានិច្ច។ 

កន្លងមក​ ដោយសារតែទស្សនៈនៃការផ្តល់តម្លៃលើភាពទំនើបខ្លាំងពេកលើឧស្សាហកម្ម និងមិនបាន​មើលពីការធ្វើទំនើបកម្ម​កសិកម្ម បានធ្វើឱ្យប្រជាជនខ្មែរយើងជាច្រើន ​បានចាកចេញពីផ្នែកដ៏មានសក្តានុពលមួយនេះ ដើម្បីមករស់នៅទីក្រុង និងធ្វើការងារលើវិស័យផ្សេងៗទៀត។ ដោយសារតែមើលលើ ជ្រុងឧស្សាហកម្មខ្លាំងជ្រុលមានមនុស្សខ្លះលើកឡើងថា៖ «បច្ចុប្បន្ននេះ យើងខំធ្វើស្រែពេញមួយឆ្នាំ លក់ស្រូវ៣តោន មិនអាចទិញ iphoneថ្មីមួយគ្រឿង» ទាំងភ្លេចថា​ នៅលើពិភពលោក​សេដ្ឋីកសិកម្ម មិនតិច ទេដែលបានអភិវឌ្ឍសមត្ថភាពផ្ទាល់ខ្លួននិងរុញសង្គមជាតិឱ្យរីកចម្រើនតាមរយៈវិស័យដ៏មានសក្តានុពល មួយនេះ។

បច្ចុប្បន្ននេះ ដោយសារតែវិបត្តនៃជំងឺ Covid-19 បានធ្វើឱ្យមនុស្សមើលឃើញកាន់តែច្បាស់ពីពន្លឺដ៏ភ្លឺចិញ្ចាចរបស់វិស័យកសិកម្ម ដែលជាកំណប់មិនចេះរីងស្ងួតនេះ ព្រោះ​មនុស្សអាចមិនប្រើរបស់ទំនើប អាចមិនបង្អួតសម្ភារៈនិយម តែមិនអាច​អត់អាហារបាននោះទេ។

មិនបាច់ងាកទៅណាឆ្ងាយ យើងឃើញថា អ្នករកស៊ីលើវិស័យកសិកម្ម​កាន់តែច្រើនឡើងនាពេលបច្ចុប្បន្នក្នុងប្រទេសរបស់យើងនេះ ​បានចាប់ផ្តើម​អភិវឌ្ឍខ្លួនពី​ម្ចាស់ដីស្រែ ទៅជាកសិករគម្រូ ឬទៅជាម្ចាស់ចំការធំៗដែលអាចរកលុយបានច្រើនម៉ឺនដុល្លារក្នុងមួយឆ្នាំ។ អ្នកធ្វើការងារ និងអ្នករកស៊ីមួយចំនួននៅទីក្រុង ក៏កំពុងចាប់ផ្តើមសន្សំលុយ ទិញចំការងាកមុខរបរមក​ធ្វើកសិកម្ម​តាមបច្ចេកទេសថ្មីវិញនិងធ្វើឱ្យ ពួកគាត់ទទួលប្រាក់ចំណេញ​ខ្ពស់ រហូតធ្វើឱ្យចរន្តថ្មីមួយនេះចាប់ផ្តើម​ក្លាយជាចំណាប់អារម្មណ៍របស់ប្រជាជនដទៃទៀត។

ឧកញ៉ា ឌី ប៉ូ ក៏ធ្លាប់បានលើកឡើងផងដែរថា មូលហេតុដែលលោកជ្រើសរើស​យក​ការធ្វើស្រែឬមុខរបរកសិកម្មនេះ ព្រោះវាជាធនធានរ៉ែដែលមានសក្តានុពល​ខ្លាំងមិនចេះរីងស្ងួត។ ជាទូទៅកាលណាគេយកធនធានរ៉ែ រកប្រេងកាត ឬរកធនធាននានានៅក្នុងដី វាអាចទទួលបានផលត្រឹមរយៈពេលកំណត់ មួយប៉ុណ្ណោះមិនយូរមិនឆាប់វានឹងអស់ តែសម្រាប់កសិកម្មវិញ គឺយើងអាចយកផលពីវារាប់ជំនាន់ និងមិនចេះអស់។ ជាលទ្ធផល លោកបានក្លាយជាចលករយ៉ាងសំខាន់ក្នុងការជួយជំរុញការនាំចេញ ស្រូវអង្ករ និងជាអ្នកផលិតអង្ករប្រកបដោយសក្តានុពលនៅកម្ពុជា។

ឧកញ៉ា ចេង ខេង អគ្គនាយកក្រុមហ៊ុន CPL ក៏ធ្លាប់បានបញ្ជាក់ផងដែរថា កម្ពុជាគួរតែចាប់អារម្មណ៍ឱ្យបានច្រើនលើវិស័យកសិកម្ម ព្រោះយើងជាតំបន់ដែលមានសក្តានុពល​ខ្លាំងសម្រាប់វិស័យកសិកម្ម។ លោក ធ្លាប់ទៅកាន់ប្រទេសអ៊ីស្រ្តាអែល ដែលជាទំបន់ល្បីល្បាញបំផុតផ្នែកកសិកម្ម តែអ្វីដែលលោកមើលឃើញគឺគេមិនមានដីល្អដូចនៅកម្ពុជានោះទេ គេគ្រាន់តែមានបច្ចេកទេសល្អតែប៉ុណ្ណោះ។

ដូច្នេះហើយទើប សហគ្រិនរូបនេះ​យល់ថា កាលណាប្រជាជនកម្ពុជា​ចាប់អារម្មណ៍លើវិស័យកសិកម្មហើយ ព្យាយាមស្វែង រកជំនាញ និងបច្ចេកវិទ្យាកសិកម្ម​យកមកប្រើប្រាស់ ដើម្បីអភិវឌ្ឍ​នៅក្នុងប្រទេសនោះយើង នៅតែអាច​រក្សា កំណើនអភិវឌ្ឍបានយ៉ាងល្អប្រសើរ ហើយថែមទាំងអាចមាន​ផលិតផលកាន់តែច្រើនសម្រាប់ប្រកួតប្រជែង ក្នុងទីផ្សារពិភពលោក។ ហេតុនេះហើយទើបលោក​ផ្ទាល់ ក៏ចាប់ផ្តើមងាកមកអភិវឌ្ឍវិស័យកសិកម្មផងដែរ ដើម្បីជំរុញវិស័យកសិកម្មខ្នាតធំឱ្យកើតឡើងនៅកម្ពុជា និងប្រើប្រាស់ធនធានដ៏មានតម្លៃនេះដើម្បីចូលរួម ចំណែកអភិវឌ្ឍសង្គម។ 

បើមើលពីផលចំណេញដោយផ្ទាល់ចំពោះសេដ្ឋកិច្ចវិញ លោក លី ឡាវីល ប្រធានក្រុមប្រឹក្សា​សមាគម អ្នកចិញ្ចឹមសត្វកម្ពុជា បានលើកឡើងថា ក្នុងមួយឆ្នាំកម្ពុជាចំណាយលុយប្រមាណ១ពាន់លានដុល្លារដើម្បីទិញបន្លែ និងសាច់ពីប្រទេសជិតខាង ខណៈយើងក៏មានសមត្ថភាពគ្រប់គ្រាន់ក្នុងការផលិតដោយខ្លួនឯងដែរ។ លោកថា ​គ្រាន់តែសាច់ជ្រូកយើងត្រូវចំណាយលុយទិញពីគេអស់ប្រមាណជិត ៤០០លានដុល្លារអាមេរិកក្នុងមួយឆ្នាំ ហើយ​ក្រៅពីនេះ​មានមាន់ ទា គោ ក្របី និងបន្លែ​យើងទិញពីប្រទេស ជិតខាងអស់ប្រហែល​ជាង ៩០០លានដុល្លារបន្ថែមទៀត។

ហេតុនេះយើងចំណាយច្រើនណាស់ លើការទិញពីប្រទេសជិតខាង ខណៈពេលដែលប្រជាជនយើង អាចមានសមត្ថភាពធ្វើដូចគ្នា តែយើងបែរជាកង្វះកម្លាំពលកម្មក៏ដូចជាខ្វះអ្នកធ្វើកសិកម្មទៅវិញ។

លោក ឡាវីល បានថ្លែងថា បើយើងយក​១ពាន់លានដុល្លារនេះ មកចែកចាយនៅក្នុងស្រុកវិញនោះ យើងនឹងទទួលបានផលចំណេញទាំងស្រុងក្នុងសេដ្ឋកិច្ចកម្ពុជា ហើយបើប្រជាជនយើងខិតខំធ្វើកសិកម្ម​ដោយខ្លួនឯងវិញ ទាំងខ្នាតតូច និងខ្នាតធំ យើងអាចស្រូបទាញកម្លាំងពលកម្មបានយ៉ាងច្រើន​។ លោកបានបញ្ជាក់ យ៉ាងច្បាស់ថា តាមពិតទៅ​បើយើងរឹតបន្តឹងការនាំចូល ហើយអ្នកនាំចូល ងាកមកប្រើទុនរបស់ខ្លួនដើម្បីចិញ្ចឹម និងដាំដំណាំក្នុងស្រុកវិញនោះ យើងនឹងមិនខ្វះមុខរបរនោះទេ ហើយថែមទាំងអាចចំណេញច្រើនថែមទៀតផង

ជារួម ​កម្ពុជាមានប្រជាជនភាគច្រើនជាកសិករ ហើយយើងក៏សល់ដីទំនេរជាច្រើននៅតាមតំបន់ជនបទ ព្រោះក្រៅពីការធ្វើស្រែ ដីរបស់យើង​រាប់ម៉ឺនរាប់ហិកតាត្រូវបានទុកចោល ខណៈដីធំៗជាច្រើន​ប្រជាជន មិនបានអភិវឌ្ឍឱ្យអស់ពីលទ្ធភាព ដោយសារតែការទិញបន្លែនាំចូលមានតម្លៃធូរថ្លៃ និងងាយស្រួលខ្លាំងពេក។

ហេតុនេះ ប្រសិនបើអ្នកមានធនធាន ​អាចប្រើប្រាស់សមត្ថភាពរបស់ខ្លួនមកអភិវឌ្ឍវិស័យកសិកម្ម ឱ្យក្លាយជាកសិកម្មទំនើប ហើយអ្នកមានចំណេះដឹងផ្នែកទីផ្សារ អាចចងក្រងសហគមន៍ ឬ​សហការជាមួយអាជ្ញាធរក្នុងការ​បង្កើតទីផ្សារក្នុងតំបន់ ដោយជំរុញឱ្យកសិករបង្កើនការដាំដុះ នោះយើងនឹងចំណេញច្រើន។ បន្ថែមពីលើនេះ ប្រជាជនក៏គួរតែ​ច្នៃដីជុំវិញផ្ទះដើម្បីប្រើប្រាស់ឱ្យអស់ពីលទ្ធភាព កុំឱ្យ​ដីវាល់វាលតែសូម្បីតែស្លឹកគ្រៃក៏ទិញពីគេដែរនោះ៕