ជីវិតផ្លាស់ប្រែ ហាក់វែងឆ្ងាយស្ទើរតែ ស្មានមិនដល់របស់យុវជនខ្មែរមួយរូប ដែលធ្លាប់ជាក្មេងលើ គំនរសំរាមស្ទឹងមានជ័យ មកកាន់ការងារផលិតភាពយន្តនិងវីដេអូរបស់ផលិតកម្ម រស្មីហង្សមាស និង ទូរទស្សន៍ហង្សមាស បច្ចុប្បន្ន។ យុវជនរូបនេះមានឈ្មោះថា ហូវ ញ៉ាញ ដែលមានឈ្មោះក្នុងសិល្បៈថា ព្រីកា មានតួនាទី ជាផលិតករភាពយន្ត និងអ្នកដឹកនាំរឿង។ យុវជនវ័យ២៤ឆ្នាំរូបនេះ ក៏មានជំនាញ ផ្សេងៗទៀតក្នុងការផលិតភាពយន្ត និងការតែងនិពន្ធសាច់រឿងថែមទៀតផង។
កាលពីឆ្នាំ២០០៥ ជាកុមារក្រីក្រ គ្រួសារព្រីកា រស់នៅលើគំនរសំរាមស្ទឹងមានជ័យ កកាយសំរាមរើសជ័រ និងដែក យកទៅលក់ដើម្បីចិញ្ចឹមជីវិត រៀងរាល់ថ្ងៃជាមួយការប្រឈមជាច្រើនដែលកុមារមិន គួរឡើយទៅប្រថុយ។ កាលនោះដែល ព្រីកា ក៏បានជួបជាមួយលោក Scott Neeson ប្រធានអង្គការមូនិធិកុមារកម្ពុជា CCF ជួយសង្គ្រោះ និងទទួលចិញ្ចឹមក្នុងអង្គការជាមួយនឹងការបណ្ដុះបណ្តាលជំនាញជីវិត និងអាហារូបករណ៍សិក្សា រហូតដល់ចប់បរិញ្ញាបត្រ ព្រមជាមួយជំនាញផលិតភាពយន្តនេះតែម្ដង។
យុវជន ព្រីកា បានលើកឡើងថា៖ « Scott ជាប៉ាចិញ្ចឹមរបស់ខ្ញុំ ហើយគាត់នេះហើយដែលជួយសង្គ្រោះខ្ញុំឱ្យរួចផុតពីការលំបាក និងភាពអវិជ្ជា ហើយមិនមែនតែខ្ញុំម្នាក់នោះទេ ដែលប៉ា Scott បានជួយ មានកុមារកម្ពុជារាប់ពាន់នាក់ដែលបានផ្លាស់ប្ដូរជីវិតរបស់របស់ពួកគេក្រោយពីបានទទួល ការឧបត្ថម្ភ និងការបណ្ដុះបណ្តាលឱ្យមានចំណេះជំនាញនេះ»។
ក្លាយខ្លួនជាផលិតករភាពយន្តអាចនិយាយបានថា ជារឿងស្មានមិនដល់ក្នុងជីវិតរបស់យុវជនម្នាក់នេះដែលកាលនោះអ្វីដែល ព្រីកា បានស្រមៃគឺការហូបគ្រប់គ្រាន់ បានទៅរៀនដូចកុមារដទៃតែប៉ុណ្ណោះ តែការជួយជ្រោមជ្រែងដោយទៀងត្រង់ត្រឹមត្រូវរបស់ លោក Scott Neeson ដោយផ្តោតលើការ អប់រំជាកត្តានាំមុខ រយៈពេលជាង១០ឆ្នាំមកនេះ កែប្រែជោគវាសនា កុមារកំព្រា អនាថា ខ្វះខាត់សព្វគ្រប់ឱ្យក្លាយជាធនធានមនុស្សខ្មែរដ៏មានតម្លៃនៅថ្ងៃនេះ។
ព្រីកា គ្មានអ្វីនិយាយផ្ដល់ជូនទៅកាន់ លោក Scott វិញទេ សម្រាប់រូបលោក មានតែការដឹងគុណនិងអរគុណ ពិសេសការរៀបចំជីវិតឱ្យកាន់តែរីកចម្រើន ព្រមទាំងជួយត្រឡប់មកវិញតាមលទ្ធភាពដែលខ្លួនមាន។ គួររំលឹកផងដែលថា ក្នុងកំឡុងខែ មិនា មុនការបិទរោងភាពយន្តភាពយន្តខ្នាតធំមួយ ដែលជាការរៀបចំផលិតរបស់ ព្រីកាឱ្យផលិតកម្មក្នុងស្រុកមួយបានចាក់បញ្ចាំងលើគ្រប់ រោងភាពយន្ត នៅក្នុងប្រទេស ពេលនោះដែលព័ត៌មានអំពីយុវជនព្រីកា ក៏មានផ្សព្វផ្សាយជាច្រើនផងដែរ៕