អាថ៌កំបាំងថែរក្សាសម្រស់ របស់នារីថៃ ដែលពេញនិយមប្រើ

ហេតុអ្វីបានជាត្រូវចាប់អារម្មណ៍ លើស្បែករបស់នារីៗជនជាតិថៃ? ប្រាកដណាស់ យើងតែងតែសង្កេតឃើញថា នារីប្រទេសថៃមានស្បែកស ភ្លឺថ្លាម៉ត់រលោង ថែមទាំងមានសក់ទន់រលោងគួរអោយទាក់ទាញ។

តើមានអ្វីជាអាថ៍កំបាំង ដែលធ្វើឲ្យស្បែកនៅក្មេងខ្ចីបែបនេះ? វាប្រាកដជាមានអ្វីពិសេសហើយ ដែលយើងនឹងរៀបរាបនូវ អាថ៌កំបាំង៤ចំណុចដែលជួយថែរក្សាស្បែក និងការថែទាំសក់អោយទន់រលោង។

១.រមៀត

មិនខុសទេ ដែលយើងតែងតែលឺថា រមៀតធ្វើឲ្យស្បែកម៉ត់ខ្ចី ។ នៅប្រទេសថៃ រមៀតនេះគឺគ្រឿងផ្សំយ៉ាងសំខាន់នៃគន្លឹះថែរក្សាស្បែកដែលបានប្រើជាយូរលង់មកហើយ។ រមៀតប្រើប្រាស់សម្រាប់សម្អាតផ្ទៃមុខ អោយបានស្អាតល្អ។ 

របៀបអនុវត្ត គឺលោកអ្នក គ្រាន់តែ លាយទឹកជាមួយម្សៅរមៀតរួចកូរឲ្យខាប់និងស្អិតចូលគ្នា។  រួច លាបវាទៅលើផ្ទៃមុខឲ្យសព្វ ទុក ៥នាទី ទើបធ្វើការលាងសម្អាតផ្ទៃមុខ។ ការធ្វើបែបនេះវានឹងធ្វើឲ្យស្បែកអ្នកមានពន្លឺថែមទាំងធ្វើឲ្យស្បែកមើលទាំងស្រស់ថ្លាពេញមួយថ្ងៃនិងអាចព្យាបាលស្បែកដែលរលាក។

២.ផ្លែល្ហុង

យើងបានរៀបរាប់ពីមុនៗខ្លះហើយពី ផលប្រយោជន៍នៃ ផ្លែល្ហុង។ ផ្លែល្ហុង ធ្វើឲ្យស្បែកមានភាពភ្លឺរលោងស្រស់ស្អាត។ អ្វីដែលអ្នកត្រូវមាននោះគឺ ផ្លែល្ហុងទុំ ដួស២ស្លាបព្រាបាយកិនឬពៀតវាឲ្យម៉ត់ស្អិតចូលគ្នា។  រួចអ្នកអាចបិទវាលើផ្ទៃមុខដោយទុកចោល ១០នាទី រួចធ្វើការលាងសម្អាតមុខ ជាមួយទឹកត្រជាក់ជាការស្រេច។ 

៣. អំពិល

ជាទូទៅ អំពិលប្រើសម្រាប់ដុសខាត់ស្បែក រីឯគុណសម្បត្តិរបស់វា គឺជួយឲ្យស្បែកភ្លឺ។ លោកអ្នកគ្រាន់តែ ត្រាំអំពិលជាមួយទឹកអោយសើម ឬអាចលាយអំពិលជាមួយនឹងទឹកដោះគោជូរ ហើយកិនឲ្យម៉ត់រួចយកអំពិលដែលកិនម៉ត់ ទៅលាបលើស្បែកមុខនិងខ្លួន ជាការស្រេច។  

៤.ប្រេងដូង

ផលប្រយោជន៍នៃ ប្រេងដូង ធ្វើអោយស្បែកអ្នកទន់ និងមានសំណើមបានពេញមួយថ្ងៃ។ វាជាគ្រឿផ្សំដែលល្បីល្បាញជាងគេនារីថៃនិយមប្រើប្រាស់ដើម្បីថែរក្សាស្បែក។ វិធីងាយងាយៗ គឺ លោកអ្នកគ្រាន់តែយកប្រេងដូងលាបទៅលើស្បែកនិងក្រោមភ្នែក មុនពេលលោកអ្នកងូតទឹក ជាការស្រេច៕