ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ជួបពិភាក្សាការងារជាមួយឯកឧត្តម Tibor Baloghdi ឯកអគ្គរដ្ឋទូតហុងគ្រី ប្រចាំកម្ពុជា

នារសៀលថ្ងៃព្រហស្បតិ៍ ៦រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូហុងគ្រី ដឹកនាំដោយឯកឧត្តម Tibor Baloghdi ឯកអគ្គរដ្ឋទូតហុងគ្រី ប្រចាំព្រះរាជាណាចក្រកម្ពុជាដែលមានមូលដ្ឋានក្នុងទីក្រុងហាណូយ។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ឯកឧត្តម Tibor Baloghdi ឯកអគ្គរដ្ឋទូតហុងគ្រី ប្រចាំកម្ពុជា និងគណៈប្រតិភូ ដែលបានឆ្លៀតពេលដ៏មមាញឹក ដើម្បីជួបសម្តែងការគួរសម និងពិភាក្សាការងារមួយចំនួនសម្រាប់កិច្ចសហប្រតិបត្តិការរបស់ប្រទេសទាំងពីរលើវិស័យធនធានទឹក។

ជាមួយគ្នានោះដែរ ឯកឧត្តម ឯកអគ្គរដ្ឋទូតបានធ្វើការវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការនាពេលកន្លងមក និងសម្តែងនូវការកោតសរសើរដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសថ្នាក់ដឹកនាំនៃក្រសួងធនធានទឹក និងឧតុនិយម ដែលបានផ្តល់នូវកិច្ចសហការយ៉ាងល្អ និងប្រកបដោយប្រសិទ្ធភាពខ្ពស់។

ក្នុងជំនួបពិភាក្សា ភាគីទាំងពីរបានឯកភាពគ្នា ក្នុងការកែសម្រួលឡើងវិញក្រុមអ្នកជំនាញការរួម (Joint Expert Group) តាមខចែងក្នុងអនុស្សរណៈយោគយល់គ្នា សម្រាប់អាណត្តិថ្មីនេះ ដោយមានចំនួនតំណាងចូលរួមស្មើគ្នា (ភាគីហុងគ្រី៦រូប និងភាគីកម្ពុជា ៦រូប) ដើម្បីប្រជុំដោះស្រាយបញ្ហានានា និងនៅពេលត្រូវការធ្វើសេចក្តីសម្រេចចិត្តរួមគ្នារវាងភាគីទាំងពីរ។

ជំនួបពិភាក្សាបានបញ្ចប់ក្រោមបរិយាកាសរីករាយ និងប្រកបដោយភាពស្និទ្ធស្នាល ខណៈភាគីទាំងពីរបានបង្ហាញនូវសុច្ឆន្ទៈបន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យធនធានទឹកឱ្យកាន់តែមានការអភិវឌ្ឍរីកចម្រើនបន្ថែមទៀត។

គួរបញ្ជាក់ថា ក្រសួងធនធានទឹក និងឧតុនិយម នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ បានចុះហត្ថលេខា​លើ​អនុស្សរណៈយោគយល់គ្នា ស្ដីពីកិច្ចសហប្រតិបត្តិការគ្រប់គ្រងធនធានទឹកជាមួយក្រសួងមហាផ្ទៃនៃប្រទេសហុងគ្រី ដែលផ្តោតជាសំខាន់លើវិស័យធនធានទឹកចំនួន៣ គឺ៖ ទី១) ការគ្រប់គ្រងធនធានទឹកចម្រុះ ទី២) ការគ្រប់គ្រងទឹក និងទឹកកខ្វក់ ទី៣) ការអប់រំស្រាវជ្រាវ និងអភិវឌ្ឍន៍ទាក់ទងនឹងទឹក៕