រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ដឹកនាំកិច្ចប្រជុំកំណត់របៀបរបបការងារអនុវត្តគម្រោង ជូនដល់ថ្នាក់ដឹកនាំក្រសួង

នៅទីស្តីការក្រសួង នាព្រឹកថ្ងៃពុធ ១៣កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំកិច្ចប្រជុំដើម្បីកំណត់អំពីរបៀបរបបនៃការអនុវត្តកិច្ចការងារប្រចាំថ្ងៃរបស់ថ្នាក់ដឹកនាំ និងការចុះសម្របសម្រួលការងារលើវិស័យធនធានទឹក និងឧតុនិយមនៅតាមបណ្តាខេត្តគោលដៅ។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក និងអគ្គាធិការ ដែលបានចូលរួមក្នុងកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ។

ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងពាក់ព័ន្ធនឹងការពង្រឹងសមត្ថភាព និងភារកិច្ចរបស់ថ្នាក់ដឹកនាំ ជាពិសេសការអនុវត្តកិច្ចការងារជាមួយដៃគូអភិវឌ្ឍន៍នានាដើម្បីធានាបាននូវសក្តានុពលភាព និងនិរន្តរភាពរបស់ប្រព័ន្ធធារាសាស្រ្ត ឆ្លើយតបនឹងតម្រូវការទឹកជាក់ស្តែង និងឆ្លើយតបទៅនឹងបរិបទនៃការប្រែប្រួលអាកាសធាតុសកល។

ជាចំណាប់អារម្មណ៍ និងដើម្បីសម្រួចការងារឱ្យកាន់តែល្អប្រសើរ និងទាន់ពេលវេលា ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំដល់ថ្នាក់ដឹកនាំគ្រប់រូបត្រូវយកចិត្តទុកដាក់ក្នុងការកៀរគររកប្រភពថវិកាពីគ្រប់ដៃគូ និងត្រូវធ្វើការឱ្យស្និទ្ធស្នាលជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងការជំរុញវិស័យធនធានទឹក និងឧតុនិយមឱ្យមានការរីកលូតលាស់ និងបង្ហាញជាសក្ខីភាពអំពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលអាណត្តិថ្មី ក្នុងការខិតខំប្រឹងប្រែងលើកស្ទួយជីវភាពរបស់ប្រជាពលរដ្ឋឱ្យមានភាពល្អប្រសើរ។

ពាក់ព័ន្ធនឹងការចុះតាមខេត្តគោលដៅ ឯកឧត្តមរដ្ឋមន្ត្រីបានស្នើដល់ថ្នាក់ដឹកនាំទាំងអស់ឱ្យអនុវត្តជាប្រចាំ និងមានជារបាយការណ៍ជាក់លាក់អំពីស្ថានភាពប្រចាំខេត្តនីមួយៗ។ ក្នុងករណីដែលមានហេតុការណ៍បន្ទាន់ ឬកិច្ចអន្តរាគមន៍ពេលមានគ្រោះមហន្តរាយ គ្រោះរាំងស្ងួត ឬទឹកជំនន់ ត្រូវមានការស្នើសុំយោបល់ប្រកបដោយភាពឈ្លាសវៃ និងមានស្មារតីទទួលខុសត្រូវខ្ពស់។

ជាចុងក្រោយ ឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងនូវអំណរអរគុណ និងដឹងគុណចំពោះស្ថាបនិក ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងទាំងអស់ដែលបានលះបង់កម្លាំងកាយ កម្លាំងចិត្ត ខិតខំបំពេញការងារកន្លងមក ដោយមិនខ្លាចនឿយហត់ និងសូមឱ្យអនុវត្តភារកិច្ចតាមការបែងចែក និងចុះតាមខេត្តគោលដៅឱ្យមានប្រសិទ្ធភាព មានយុទ្ធសាស្ត្រ និងមានដំណោះស្រាយលើបញ្ហាដែលកើតមានឡើង៕