រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ជួបជាមួយប្រតិភូធនាគារពិភពលោកដឹកនាំដោយលោកស្រី Mariam Sherman

នារសៀលថ្ងៃអង្គារ ១២កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានទទួលជួបសំណេះសំណាល និងពិភាក្សាអំពីការអភិវឌ្ឍធនធានទឹកនៅកម្ពុជាជាមួយប្រតិភូធនាគារពិភពលោក ដឹកនាំដោយលោកស្រី Mariam Sherman នាយិកាប្រចាំប្រទេសមីយ៉ាន់ម៉ា កម្ពុជា និងឡាវ។

ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះប្រតិភូធនាគារពិភពលោក លោកស្រី Mariam Sherman នាយិកាប្រចាំប្រទេសមីយ៉ាន់ម៉ា កម្ពុជា និងឡាវ លោកស្រី Maryam Salim នាយិកា គ្រប់គ្រងប្រចាំប្រទេសកម្ពុជា និងសហការី ដែលបានឆ្លៀតពេលដ៏មានតម្លៃ ដើម្បីជួបពិភាក្សាអំពីការអភិវឌ្ឍធនធានទឹកនៅកម្ពុជា ក៏ដូចជាជួបសម្តែងការគួរសមឯកឧត្តមក្នុងតួនាទីថ្មីជារដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នៃរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។

នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការនានា និងបានទទួលស្គាល់នូវភាពជាដៃគូដ៏សំខាន់រវាងក្រសួងធនធានទឹក និងឧតុនិយម និងធនាគារពិភពលោកក្នុងការកសាង និងការអភិវឌ្ឍធនធានទឹករយៈពេលវែងនៅកម្ពុជា។ ឯកឧត្តមរដ្ឋមន្ត្រីក៏បានសម្តែងនូវអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះធនាគារពិភពលោកសម្រាប់ការគាំទ្រ និងកិច្ចសហការយ៉ាងរឹងមាំជាមួយរាជរដ្ឋាភិបាលកម្ពុជាលើគម្រោងអភិវឌ្ឍន៍ជាច្រើននាពេលកន្លងមក។

សូមជម្រាបថា ក្នុងពេលបច្ចុប្បន្ន ដោយមានការគាំទ្រ និងក្រោមកិច្ចសហប្រតិបត្តិការជាមួយធនាគារពិភពលោក ក្រសួងធនធានទឹក និងឧតុនិយម កំពុងដំណើរការគម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP) និងកំពុងរៀបចំ គម្រោងកែលម្អសន្តិសុខទឹកកម្ពុជា (CaWSIP) ផងដែរ។

ក្នុងជំនួបពិភាក្សានេះ ឯកឧត្តមរដ្ឋមន្ត្រីបានជម្រាបជូនគណៈប្រតិភូថា ការពង្រឹងស្ថាប័ន និងការអភិវឌ្ឍធនធានមនុស្សគឺជាអាទិភាពទីមួយ និងបានគូសបញ្ជាក់ថា ធនាគារពិភពលោកជាមជ្ឈមណ្ឌលចំណេះដឹងដើម្បីគាំទ្រដល់ក្រសួងធនធានទឹក និងឧតុនិយមឱ្យសម្រេចបាននូវចក្ខុវិស័យរបស់ខ្លួន។

ឯកឧត្តមរដ្ឋមន្ត្រី តំណាងភាគីកម្ពុជា បានស្នើដល់ធនាគារពិភពលោកជួយគាំទ្រគម្រោងមួយចំនួន ដូចខាងក្រោម៖

១. ជួយពង្រឹងគោលនយោបាយជាតិ និងការអភិវឌ្ឍសមត្ថភាពស្ថាប័ននៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។

២.ជួយស្តារ និងរៀបចំឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធធនធានទឹក និងប្រព័ន្ធធារាសាស្ត្រ និងការកែលម្អការគ្រប់គ្រងធនធានទឹកជាចម្បងលើដៃទន្លេ។

៣.ជួយគាំទ្រលើការបង្កើតផែនការគ្រប់គ្រងអាងទន្លេសម្រាប់អាងទន្លេសាប និងទន្លេមេគង្គ Detla ជាកម្មវិធីវិនិយោគយុទ្ធសាស្ត្រនៅតំបន់អាងទន្លេសាប និងដីសណ្ដទន្លេមេគង្គ ដើម្បីធានាធនធានទឹក កែលម្អការកាត់បន្ថយទឹកជំនន់ និងស្ដារទន្លេដែលងាយរងគ្រោះ។

ជាចុងក្រោយ ឯកឧត្តមរដ្ឋមន្ត្រីក៏បានណែនាំនូវក្រុមការងារថ្មីរបស់ក្រសួងធនធានទឹក និងឧតុនិយម ដែលប្រមូលផ្តុំពីនាយកដ្ឋានបច្ចេកទេស និងមានបទពិសោធន៍ក្នុងការគ្រប់គ្រងគម្រោងរបស់ដៃគូអភិវឌ្ឍន៍ និងស្នើឱ្យធនាគារពិភពលោកធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រុមការងារថ្មី និងពង្រឹងសមត្ថភាព PIUs ថ្មីរបស់ក្រសួងធនធានទឹក និងឧតុនិយម សម្រាប់ការអនុវត្តគម្រោង។

សូមបញ្ជាក់ថា ជំនួបពិភាក្សាការងារបានបញ្ចប់ក្រោមបរិយាកាសរីករាយ និងស្និទ្ធស្នាល ខណៈភាគីទាំងពីរបានបញ្ជាក់ពីការបន្តពង្រឹងនូវកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍធនធានទឹកនៅកម្ពុជាឱ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត៕