រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ជួបពិភាក្សាការងារជាមួយឯកឧត្តម Jacques PELLET ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា និងលោកស្រី Sandrine Boucher នាយិកា AFD ប្រចាំកម្ពុជា

នៅទីស្តីការក្រសួង នារសៀលថ្ងៃពុធ ៦កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានទទួលជួបគណៈប្រតិភូបារាំងដឹកនាំដោយឯកឧត្ដម Jacques PELLET ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋបារាំង និងលោកស្រី Sandrine BOUCHER នាយិកាប្រចាំប្រទេសកម្ពុជារបស់ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) ដើម្បីសម្ដែងការគួរសម និងពិភាក្សាការងារ។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកឧត្តមឯកអគ្គរដ្ឋទូត Jacques PELLET លោកស្រី Sandrine Boucher នាយិកា AFD និងគណៈប្រតិភូ ដែលបានឆ្លៀតពេលដ៏មមាញឹក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារមួយចំនួនសម្រាប់កិច្ចសហប្រតិបត្តិការរបស់ប្រទេសទាំងពីរលើវិស័យធនធានទឹក និងឧតុនិយម។

ជាមួយគ្នានេះដែរ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងតាមរយៈឯកឧត្តមឯកអគ្គរដ្ឋទូត ក៏ដូចជាលោកស្រីនាយិកា ឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងនូវការដឹងគុណចំពោះសាធារណរដ្ឋបារាំង ជាពិសេស AFD ដែលក្នុងរយៈពេលជាង២ទសវត្សរ៍មកនេះ តែងតែផ្តល់នូវការឧបត្ថម្ភ និងគាំទ្រដល់ប្រទេសកម្ពុជា ពលរដ្ឋកម្ពុជា ទាំងជំនួយបច្ចេកទេសនិងហិរញ្ញវត្ថុលើគ្រប់វិស័យ ជាពិសេសការស្តារនិងអភិវឌ្ឍន៍វិស័យធនធានទឹក និងឧតុនិយមនៅកម្ពុជា។

សូមជម្រាបថា ក្នុងរយៈពេល ១០ឆ្នាំចុងក្រោយនេះ ក្រសួងធនធានទឹក និងឧតុនិយមទទួលសមិទ្ធផលគម្រោងចំនួនពីរ ដែលគាំទ្រដោយហិរញ្ញប្បទានរបស់ AFD ក្នុងនោះមានគម្រោងមួយបានបញ្ចប់ និងគម្រោងមួយទៀតកំពុងអនុវត្តគឺ៖ ទី១.គម្រោង WASP (Water Agricultural Sector Project) រយៈពេល ៥ឆ្នាំ(២០១៥-២០១៩)ដែលបានបញ្ចប់ ស្ថិតនៅក្នុងខេត្តកណ្តាល ខេត្តកំពង់ធំ ខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យ។ ទី២.គម្រោង WAT4CAM ដំណាក់កាលទី១(កំពុងអនុវត្ត) ដែលបានចាប់ផ្តើមតាំងពីឆ្នាំ២០១៩ នៅក្នុងខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ។

បច្ចុប្បន្ននេះមានគម្រោងនិងកម្មវិធីចំនួនពីរ ដែលស្ថិតក្រោមកិច្ចសហប្រតិបត្តិការហិរញ្ញប្បទានរបស់ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ(AFD) ដែលក្នុងនោះមាន៖ ទី១.កម្មវិធី WAT4CAM ដំណាក់កាលទី១ កំពុងអនុវត្ត និងគ្រោងបញ្ចប់ក្នុងឆ្នាំ២០២៥ និងទី២.ការស្ដារអាងស្ទឹងស្វាយចេក បាននិងកំពុងសិក្សាអំពីសមិទ្ធលទ្ធភាព (Feasibility study) ដែលគ្រោងបញ្ចប់ក្នុងខែវិច្ឆិកា។

ថ្លែងក្នុងជំនួបពិភាក្សាការងារនេះ ឯកឧត្តមរដ្ឋមន្រ្តីបានជម្រាបភាគីបារាំងថា ឯកឧត្តមកំពុងពិចារណាអំពីលទ្ធភាពក្នុងការរៀបចំវេទិកាប្រចាំឆ្នាំរវាងដៃគូអភិវឌ្ឍន៍ជាមួយក្រសួងធនធានទឹក និងឧតុនិយម ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងការវិនិយោគលើវិស័យធនធានទឹក និងឧតុនិយមនៅកម្ពុជា។

ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានស្នើភាគីបារាំង ជាពិសេស AFD ជួយកៀរគរដៃគូអភិវឌ្ឍន៍ដទៃទៀតឱ្យចូលរួមចំណែកក្នុងការស្តារនិងពង្រឹងប្រព័ន្ធគ្រប់គ្រងធនធានទឹក និងឧតុនិយមនៅកម្ពុជាផងដែរ។

គួរបញ្ជាក់ថា កិច្ចពិភាក្សាបានផ្តោតលើគម្រោងដែលបាននិងកំពុងអនុវត្ត និងកិច្ចសហប្រតិបត្តិការ សក្តានុពលរវាងភាគីបារាំងនិងរាជរដ្ឋាភិបាលកម្ពុជា។ ដោយឡែកលើវិស័យគ្រប់គ្រង និងអភិវឌ្ឍន៍ធនធានទឹក និងឧតុនិយម ចាប់ពីឆ្នាំ១៩៩៣ រហូតដល់បច្ចុប្បន្ន ភាគីបារាំង ជាពិសេស AFD នៅតែជាដៃគូដ៏សំខាន់របស់ក្រសួងធនធានទឹក និងឧតុនិយមក្នុងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការកាត់បន្ថយភាពក្រីក្រ លើកកម្ពស់ជីវភាពប្រជាពលរដ្ឋ និងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។

ជំនួបពិភាក្សាបានបញ្ចប់ក្រោមបរិយាកាសរីករាយនិងស្និទ្ធស្នាល ហើយភាគីទាំងពីរបានបង្ហាញនូវសុច្ឆន្ទៈបន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យធនធានទឹក និងឧតុនិយមឱ្យកាន់តែមានការអភិវឌ្ឍរីកចម្រើនបន្ថែមទៀត៕