លោក ចាន់ យុត្ថា ចុះពិនិត្យស្ថានភាពទឹកសម្រាប់ការងារបង្កបង្កើនផលស្រូវវស្សា នៅក្នុងភូមិសាស្ត្រខេត្តព្រះវិហារ

ខេត្តព្រះវិហារ៖ ក្នុងថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៣ លោក ចាន់ យុត្ថា រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានក្រុមការងារសម្របសម្រួលការងារគ្រប់គ្រងធនធានទឹក និងឧតុនិយមប្រចាំខេត្តកំពង់ធំ ខេត្តព្រះវិហារ និងខេត្តសៀមរាប រួមជាមួយសហការី និងលោកប្រធានមន្ទីរខេត្ត បានចុះពិនិត្យស្ថានភាពទឹកសម្រាប់បង្កបង្កើនផលស្រូវវស្សានៅក្នុងភូមិសាស្ត្រខេត្តព្រះវិហារ។

លោក ចាប កុយ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមបានឱ្យដឹងថា ស្ថានភាពទូទៅនៃការងារបង្កបង្កើនផលស្រូវរដូវវស្សា មានការលូតលាស់ល្អ និងមានទឹកគ្រប់គ្រាន់ គឺពុំមានបញ្ហាប្រឈមនិងកង្វះទឹកនោះទេ។ គិតមកដល់ពេលនេះ បរិមាណទឹកភ្លៀងគឺ ១៤៧៥,៨មម នៅខេត្តព្រះវិហារ។

ក្នុងឱកាសនោះ លោករដ្ឋលេខាធិការ រួមជាមួយលោកប្រធានមន្ទីរ ក៏បានអញ្ជើញចុះពិនិត្យផ្ទាល់តំបន់ដែលលិចទឹកដោយសារជំនន់ទឹកភ្លៀងនៅភូមិក្រសាំង ភូមិឆែបលិច និង ភូមិឆែបកើត ឃុំឆែបមួយ ស្រុកឆែប ខេត្តព្រះវិហារ និងបានសិក្សាទៅលើទំនប់វាលធំ ទំនប់រកា និងទំនប់ថ្មសំលៀង ដែលស្ថិតនៅឃុំឆែបមួយ ស្រុកឆែប ដោយទំនប់ទាំងនេះបានធ្វើឱ្យមានជំនន់ទឹកភ្លៀងជារៀងរាល់ឆ្នាំ ហើយលិចភូមិចំនួន៣ ក្នុងឃុំឆែបមួយ មានភូមិក្រសាំង ភូមិឆែបលិច និងភូមិឆែបកើត ដោយសារអូរធម្មជាតិមានការគោករាក់ ។

បន្ទាប់ពីចុះពិនិត្យរួចរាល់ លោក ចាន់ យុត្ថា រដ្ឋលេខាធិការ បានផ្តល់អនុសាសន៍ឱ្យមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រះវិហារ រៀបចំរបាយការណ៍សំណើជូនលោក ហៀង ម៉េង ប្រធាននាយកដ្ឋានវិស្វកម្ម ដើម្បីចុះសិក្សាទំនប់ និងលើកគម្រោងសម្រាប់ឆ្នាំ២០២៤ ខាងមុខនេះ៕