រាជធានីភ្នំពេញ៖ ក្នុងកិច្ចប្រជុំពិក្សាការងារ ដើម្បីឆ្លងផែនការសាងសង់សួនសមិទ្ធផលក្នុងវិមានឈ្នះ ឈ្នះ សម្តេចពិជ័យសេនា ទៀ បាញ់ បានណែនាំឲ្យ កសាងសួនធំៗចំនួន៤ ដើម្បីបានសម្ពោធនៅថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ២០២០ ខាងមុខនេះ។
សម្ដេចពិជ័យសេនា បានលើកឡើងថា សួនសមិទ្ធផលថ្មីចំនួន ៤ នឹងត្រូវសាងសង់នៅវិមានឈ្នះ ឈ្នះ នេះ ដើម្បីអបអរសាទរទិវានយោបាយឈ្នះឈ្នះ ២៩ ធ្នូ នោះ ដោយមានរចនាបទលក្ខណៈវប្បធម៌ខ្មែរ ពិសេសត្រូវរំលេចនូវអត្តសញ្ញាណនយោបាយឈ្នះ ឈ្នះ ដែលជានិមិត្តរូបនៃសន្តិភាព ហើយរាល់វត្ថុធាតុដើមសាងសង់ត្រូវធានាឲ្យបាននូវភាពរឹងមាំបានយូរអង្វែង។
សួនសមិទ្ធផលតេជោទាំង៤ដែលនឹងត្រូវសម្រេចឲ្យបាននោះរួមមាន ៖
ទី១ «សួនប្រវត្តិកាលស្ថាបត្យកម្មវិមានឈ្នះឈ្នះ» ដែលបានរៀបចំសាងសង់ដោយក្រុមការងារវិមានឈ្នះ ឈ្នះ ។
ទី២ «សួនការពារជាតិនៃកងយោធពលខេមរៈភូមិន្ទ» ដែលរៀបចំសាងសង់ដោយ អគ្គបញ្ជាការ នៃ កងយោធពលខេមរៈភូមិន្ទ ។
ទី៣ «សួនសន្តិសុខសុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គម» ដែលរៀបចំកសាងដោយ កងរាជអាវុធហត្ថលើផ្ទៃប្រទេស រួមសហការជាមួយអគ្គស្នងការនគរបាលជាតិ។
ទី៤ «សួនរក្សាសន្តិភាព និងបោសសំអាតមីននៅកម្ពុជា»ដែលត្រូវរៀបចំកសាងដោយ មជ្ឈមណ្ឌលរក្សាសន្តិភាពអិនភីម៉ិក និងមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជាស៊ីម៉ាក់៕