អាល្លឺម៉ង់ថា ការបោះឆ្នោតនៅកម្ពុជា មានសន្តិភាព តែមិនទាន់ស្របច្បាប់

ផ្ទុយ​ពី​ការលើកឡើង​របស់​បណ្ដា​ប្រទេស​អឺរ៉ុប ដែល​ចេញមុខ​រិះគន់​លើ​ការបោះឆ្នោត​កម្ពុជា​នោះ អាល្លឺម៉ង់ ឯណេះ​វិញ បែរជាមកសរសើរការរៀបចំការបោះឆ្នោត​នៅ​កម្ពុជា ។

ភ្នំពេញ​៖ ផ្ទុយ​ពី​ការលើកឡើង​របស់​បណ្ដា​ប្រទេស​អឺរ៉ុប ដែល​ចេញមុខ​រិះគន់​លើ​ការបោះឆ្នោត​កម្ពុជា​នោះ អាល្លឺម៉ង់ ឯណេះ​វិញ បែរជាមកសរសើរការរៀបចំការបោះឆ្នោត​នៅ​កម្ពុជា ។

 

​ក្នុង​ក្រសែភ្នែក​អាល្លឺម៉ង ការបោះឆ្នោត​នៅ​កម្ពុជា ប្រព្រឹត្តទៅ​ពោរពេញ​ដោយ​សន្តិភាព ប៉ុន្តែ​មិនទាន់មាន​ភាពស្របច្បាប់​ឡើយ​។ នោះ​ក៏​ព្រោះតែ​ការបោះឆ្នោត​នេះ ដំណើរការ​ក្នុង​បរិយាកាស​ចាប់ខ្លួន មេដឹកនាំ​គណបក្សប្រឆាំង​ដ៏​ធំ និង​ការរំលាយ​បក្ស រួមទាំង​ការហាម​អ្នកនយោបាយ​១១៨នាក់ ធ្វើ​នយោបាយ​រយៈពេល​៥​ឆ្នាំ​ជាដើម​។ នេះ​បើតាម​សេចក្តីថ្លែងការណ៍​របស់​អាល្លឺម៉ង់​។​

 

​អាល្លឺម៉ង បានបញ្ជាក់​ដូច្នេះ​ថា​៖«​រដ្ឋាភិបាល​អាល្លឺម៉ង បាន​កត់សម្គាល់ថា ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​រដ្ឋសភា នៅ​កម្ពុ​ជាមាន​សន្តិភាព​។ តែ​យ៉ាងណា​ការបោះឆ្នោត​នេះ នៅ​មិនទាន់​គ្រប់គ្រាន់​ជួយ​ដល់​លទ្ធផល​បោះឆ្នោត​ស្របច្បាប់​នោះទេ​»​។​

 

​ជាមួយគ្នានេះ​រដ្ឋាភិបាល​អាល្លឺម៉ង់ ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា វិលត្រឡប់​ទៅរក​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ ដែលមាន​ចែង​នៅក្នុង​រដ្ឋធម្មនុញ្ញ និង​សន្ធិសញ្ញា​ទីក្រុង​ប៉ារីស ដើម្បី​បង្ហាញ​ពី​ឆន្ទៈ ដែល​រដ្ឋាភិបាល​គាំពារ​ប្រទេស​ខ្លួន ឲ្យ​ធ្វើដំណើរ​លើផ្លូវ​ប្រជាធិបតេយ្យ​នេះ​។