ប្រជាជនខ្មែរមួយចំនួនធំគ្មានទម្លាប់អាន មិនចូលចិត្តអាន ហើយមិនព្រមបណ្តុះគំនិតការអានដល់កូនៗនៅក្នុងផ្ទះ ដែលធ្វើឱ្យគុណភាពនៃការគិតរបស់មនុស្សភាគច្រើន មានភាពទន់ខ្សោយហើយងាយជឿជាក់ការបោកប្រាស់ពីគ្រប់មជ្ឈដ្ឋាន។ ក្នុងផ្ទះនីមួយៗ គ្មានបណ្ណាល័យ ហើយក៏មិនព្រមទិញសៀវភៅឱ្យកូនអាន ដោយមើលងាយថាសៀវភៅគ្រាន់តែសម្រាប់រៀនក្នុងប្រព័ន្ធអប់រំរបស់រដ្ឋ មិនមែនសម្រាប់ទម្លាប់កម្សាន្តដែលវិជ្ជមាន ឬមិនមែនជារឿងដែលមានប្រយោជន៍ខ្លាំងសម្រាប់ការរស់នៅនោះទេ។
កូនខ្មែរមួយចំនួន ចូលចិត្តជឿជឿដោយគ្មានមូលដ្ឋាន ជឿដោយខ្វះការពិចារណា ហើយគិតថាអ្នកដែលអាចវិភាគរឿងរ៉ាវដែលគេកំពុងជឿនោះថាជាអ្នកខុសគេ ជាមនុស្សឆ្កួត មិនដូចគេមិនដូចឯង។ មនុស្សដែលចូលចិត្តអាននៅទីសាធារណៈ ត្រូវបានគេចោទថាជាមនុស្សជោរ ធ្វើឫកដូចឯងហ្នឹងខំរៀនសំបើមណាស់ ទាំមិនដឹងខ្លួនថា ខ្លួនឯងកំពុងបិទវាំងនននៃចំណេះដឹងសម្រាប់ជីវិត។
ជាធម្មតាខ្ញុំមិនចូលចិត្តប្រៀបធៀបនោះទេ ហើយក៏មិនចង់ឱ្យអ្នកណាប្រៀបធៀបខ្ញុំជាមួយនឹងអ្នកណាម្នាក់ដែរ តែថ្ងៃនេះខ្ញុំសូមធ្វើការបង្ហាញ ភាពខុសគ្នារវាងទម្លាប់ប្រជាជនរបស់ប្រទេសយើង និងប្រទេសជិតខាងដែលខ្ញុំធ្លាប់ឃើញជាក់ស្តែង។ មនុស្សនៅស្រុកគេចូលចិត្តអាន ជាពិសេសអាននៅទីសាធារណៈ ហើយគេគិតឱ្យតម្លៃលើការអាន តែនៅស្រុកយើងវិញ បើឃើញជនជាតិគេអាន យើងសរសើរថា «ប្រជាជនគេនោះល្អណាស់ គេមានទម្លាប់ល្អចង់ចេះចង់ដឹង» សម្រាប់ជនជាតិខ្មែរវិញ គេប្រាកដជាថា «អានេះជោរណាស់ ធ្វើមើលតែវាហ្នឹងជនជាតិគេ មកអានអីកណ្តាលវាល មិនចេះខ្មាសគេ»។
ងាកពីការនិយាយពីរឿងពិតទាំងនេះមកនិយាយសាច់ការវិញម្តង!
ព្រោះតែមនុស្សខ្មែរមិនចូលចិត្តអាន ធ្វើឱ្យបុគ្គលមួយចំនួន ដែលខ្លះបានអានសៀវភៅមិនដល់មួយរយក្បាលផងគ្រាន់តែមានវោហារបន្តិច ទាញលុយបានរាប់រយ រាប់ពាន់ដុល្លា។ អ្នកខ្លះអង្គុយស្តាប់ចំហរមាត់ ខណៈការស្តាប់ខ្លះមិនយកលុយ គេគិតថាមិនល្អទេទាល់តែចំណាយលុយច្រើនទើបមានតម្លៃ ហើយចាយលុយច្រើនទើបគេបង្ហាញរឿងសំខាន់ៗឱ្យស្តាប់។ មួយថ្ងៃៗ តាមរកកន្លែងទិញសំបុត្រឱ្យគេនិយាយឱ្យស្តាប់ ហើយមិនព្រមចំណាយពេលវេលាឱ្យច្រើនបំផុតដើម្បីអាន។
ជាស្ថានភាពជាក់ស្តែង ប្រទេសណាក៏ដូចប្រទេសណាដែរ ប្រសិនបើវាគ្មិនគេល្បីឈ្មោះ គេបង្កើតគំនិតបាន ឬរកឃើញមេរៀនជីវិតល្អប្រសើរណាមួយដែលប្លែកអស្ចារ្យ ហើយអនុវត្តបានពិតប្រាកដមនុស្សជាច្រើននឹងចូលស្តាប់ ហើយថែមទាំងសរសេរគំនិតនោះទុក សម្រាប់ផ្សព្វផ្សាយ និយាយរួមអ្នកធ្វើពិតប្រាកដ ប្រាកដជាត្រូវបានគេផ្តល់តម្លៃ មិនមែនគ្រាន់តែអ្នកនិយាយហើយមិនធ្លាប់ធ្វើនោះទេ។
ផ្ទុយទៅវិញ សម្រាប់ប្រទេសដែលមានប្រជាជនមិនសូវចេះដឹងវិញ គ្រាន់តែមនុស្សណាម្នាក់បានអានឯកសារដែលបានសរសេរពីគំនិតមនុស្សខ្លាំងៗមួយចំនួនមកនិយាយឱ្យស្តាប់បន្ត ក៏ប្រជាជននៃប្រទេសនោះគិតថាជាមនុស្សអស្ចារ្យដែរ។
ចុះបើស្តាប់គេនិយាយរឿងដែលគេធ្លាប់បានអាន ត្រូវចំណាយលុយច្រើនខ្លាំងជាងទិញសៀវភៅអានខ្លួនឯងដូចមេឃនឹងដី ម្តេចក៏មិនព្រមអានខ្លួនឯងទៅ!ចំណាយលុយតិច ទទួលបានចំណេះដឹងច្រើន ហើយថែមទាំងមិនឱ្យគេបោកបានលុយស្រួលៗថែមទៀត។ មែនទែនទៅកម្មវិធីបណ្តុះបណ្តាលនៅស្រុកយើងល្អៗច្រើនណាស់ គ្រាន់តែវាគ្មិនខ្លះក្រោមឆ័ត្រនិងវាគ្មិនខ្លះ Brand ពិតៗតែម្តង! ចាំរកមើលមនុស្សណាដែលគិតថាល្អពិតៗ មានគំនិតដែលអាចអនុវត្តបានហើយសំខាន់ពិតចាំចូលរួម! កុំថាតែអ្នកទាំងអស់គ្នា ខ្ញុំក៏ចូលរួមដែរ!គ្រាន់តែប៉ុណ្ណឹងរឿងអីយើងធ្វើមិនបាន.... យើងមិនមែនល្ងង់ឯណាយើងសុទ្ធតែឆ្លាតដែរហ្នឹង... មែនទេមិត្តអ្នកអាន?