ហេតុអ្វីមនុស្សត្រូវគិតពីការប្រកួតប្រជែងជាមួយម៉ាស៊ីន

នៅក្នុងពិភពលោកដែលពោរពេញដោយភាពប្រែប្រួលនៃបច្ចេកវិទ្យានេះមនុស្សគ្រប់គ្នាចាំបាច់ត្រូវតែ​អភិវឌ្ឍ​ជាប់ជាប្រចាំទើបអាចរក្សាបាននូវភាពសំខាន់និង​រស់នៅប្រកបដោយសេចក្តីសុខ។

អង្គការវេទិកាសេដ្ឋកិច្ចពិភលោក(WEF-World Economic Forum) បានបញ្ជាក់ថាការងារជាច្រើនប្រភេទរបស់មនុស្សនាពេលបច្ចុប្បន្ននេះនឹងត្រូវជំនួសដោយម៉ាស៊ីននាពេលអនាគត។ ហេតុនេះមនុស្សចាំបាច់ត្រូវតែត្រៀមខ្លួនក្នុងការអភិវឌ្ឍសមត្ថភាពដើម្បីដើរឱ្យស្របជាមួយនឹងចរន្តនៃរបត់បច្ចេកវិទ្យានាពេលអនាគត។

តើនឹងមានរឿងអ្វីកើតឡើងប្រសិនបើមនុស្សមិនព្រមអភិវឌ្ឍសមត្ថភាព?

អ្នកជំនាញបច្ចេកវិទ្យាជាច្រើនបានបញ្ជាក់ពីចរន្តអវិជ្ជមានមួយចំនួនដែល​កើតឡើងដោយការរីករាលដាលលឿនខ្លាំងពេកនៃបញ្ញាសិប្បនិម្មិត(AI)និងបច្ចេកវិទ្យាជាច្រើនទៀតដែលកំពុងតែដើរតួនាទីជំនួសមនុស្សនៅគ្រប់វិស័យ។បច្ចុប្បន្ននេះ បច្ចេកវិទ្យា AI និងម៉ាស៊ីនស្វ័យប្រវត្តិ (robot)បានចូលខ្លួនមកជំនួសមនុស្សកាន់តែច្រើនឡើងៗក្នុងវិស័យឧស្សាហកម្មកម្មន្តសាល និងវិស័យ​ភស្តុភាកម្មជាដើម។ បន្ថែមពីលើនេះ វាក៏កំពុងតែវាយលុកវិស័យធនាគារវិស័យទេសចរណ៍ ការដឹកជញ្ជូន គណនេយ្យ និងសេវាកម្មមួយចំនួនធំនៃពិភពលោកដែលបង្ខំមនុស្សឱ្យត្រូវតែប្រឹងប្រែងលើជំនាញដែលខ្លាំងជាងមុនដើម្បីរក្សាតុល្យភាពនៃការងារ​របស់ខ្លួន។

នៅក្នុងឧស្សាហកម្មវត្តមានរបស់បច្ចេកវិទ្យាបានធ្វើឱ្យមនុស្សដែលមានជំនាញទាបត្រូវបាត់បង់ការងារព្រោះការងារលីសែងនិងការងារនៅក្នុងឃ្លាំងជាដើមត្រូវជំនួសដោយម៉ាស៊ីនដែលធ្វើការមិនចេះហត់និងមិនចេះត្អូញត្អែ។ បន្ថែមពីលើនេះ ការងារដដែលៗដូចជាការងារតម្លើងគ្រឿងម៉ាស៊ីននិងការងារក្នុងរោងចក្រក៏នឹងត្រូវជំនួសដោយម៉ាស៊ីនស្វ័យប្រវត្តិផងដែរព្រោះវាអាចធ្វើឱ្យម្ចាស់ចង្វាក់ផលិតកម្មទាំងមូល​ចំណាយកាន់តែតិច ហើយចំណេញច្រើន។

ចំពោះវិស័យទេសចរណ៍វិញក៏យើងបានឃើញហើយថា ការងារមួយចំនួនដូចជាអ្នកកក់សំបុត្រយន្តហោះ ការងារ​មគ្គទេសក៍រួមទាំងការងារមួយចំនួនផ្សេងទៀតក៏ត្រូវបានជំនួសដោយបច្ចេកវិទ្យាផងដែរ ខណៈវិស័យធនាគារនិង​គណនេយ្យក៏ត្រូវបានម៉ាស៊ីនដណ្តើមលើផ្នែកខ្លះៗហើយ។ ការងារជាស្មៀនគណនេយ្យឬអ្នកប្រមូលទិន្នន័យគណនេយ្យនឹងត្រូវកាត់បន្ថយ ខណៈ​ការធ្វើស្វ័យប្រវត្តិកម្ម​ទិន្នន័យនឹងធ្វើឱ្យការរៀបចំរបាយការណ៍ហិរញ្ញវត្ថុមានល្បឿនកាន់តែលឿនហើយការគណនាទៀតសោតក៏ត្រូវជំនួសដោយប្រព័ន្ធគ្រប់គ្រងគណនេយ្យដែលមានសមត្ថភាពផ្ទុកទិន្នន័យធំជាងមុន។

បន្ថែមពីលើនេះការងារសេវាកម្ម និងការងារ​គ្រប់គ្រង​ទ្រព្យសម្បត្តិតាមទីសាធារណៈឬ​ឯកជនក៏អាចនឹងត្រូវបាត់បង់ផងដែរដោយសារតែបច្ចេកវិទ្យា IOT (Internet of things) ដែលអាចធ្វើឱ្យម៉ាស៊ីនទំនាក់ទំនងដោយផ្ទាល់មកកាន់តែមនុស្សបាន។ជាឧទាហរណ៍ កាលពីមុនយើងត្រូវការមនុស្សមួយក្រុមដើម្បីពិនិត្យមើល​ភ្លើងស្តុបខូចគម្របលូបែកបាក់ ឬម៉ាស៊ីនត្រជាក់នៅតាមស្ថាប័ននានា​ជាដើម តែតាមរយៈបច្ចេកវិទ្យា IOTមនុស្សនឹងមិនចាំបាច់ត្រូវទៅដើរមើលដូចពីមុននោះទេ។រាល់ពេលឧបករណ៍ទាំងអស់នោះមានបញ្ហាវានឹងឱ្យសញ្ញាទៅបន្ទប់គ្រប់គ្រងដែលមានមនុស្សតិចបំផុតហើយអ្នកជំនាញអាចជួសជុលពីចម្ងាយ ឬប្រើមនុស្សតិចបំផុតដើម្បីទៅជួសជុលដល់កន្លែង។

ហេតុនេះប្រសិនបើមើលពីចរន្តទាំងអស់នេះយើងអាចនឹងព្រួយបារម្ភពីបញ្ហាដែលអាចនឹងកើតឡើងនាពេលអនាគតតែប្រសិនបើយើងគិតត្រឡប់មកវិញ យើងនឹងឃើញថា​ពិភពលោកមិនបិទផ្លូវមនុស្សនោះទេ។ទន្ទឹមនឹងការបង្កើតបច្ចេកវិទ្យា អ្នកប្រាជ្ញលើពិភពលោកក៏បានបញ្ជាក់ផងដែរពីផ្លូវដែលមនុស្សអាចធ្វើបានដើម្បី​រក្សាការងារនិងធ្វើឱ្យផលិតភាពនៃការរស់នៅកាន់តែខ្ពស់ជាងមុន។

តើមនុស្សត្រូវធ្វើបែបណាដើម្បីកុំឱ្យម៉ាស៊ីនជំនួសបាន?

អង្គការវេទិកាសេដ្ឋកិច្ចពិភពលោកបានបញ្ជាក់ថាដើម្បីរក្សាបាននូវ​ភាពសំខាន់ និងទីផ្សារការងារ​ដែលមានតម្លៃពេញមួយសតវត្សទី២១នេះមនុស្សត្រូវតែសិក្សាជំនាញសតវត្សទី២១ ដូចជាជំនាញក្នុងការដោះស្រាយបញ្ហាការគិតស៊ីជម្រៅ ការច្នៃប្រឌិត និងជំនាញភាពជាអ្នកដឹកនាំជាដើម។

ជាក់ស្តែងយើងឃើញហើយថាថ្វីត្បិតតែម៉ាស៊ីនមានភាពឆ្លាតវៃ និងធ្វើការងារបានច្រើនជាងមនុស្សនៅក្នុងរោងចក្រតែម៉ាស៊ីនជាផលិតផលនៃការគិតរបស់មនុស្ស។ វាអាចអនុវត្តសកម្មភាពឆ្លាតវៃបានលុះត្រាតែមនុស្សកំណត់ ឬបញ្ជារឱ្យវាធ្វើដោយការបញ្ចូលទិន្នន័យនិងកម្មវិធីឱ្យវាអនុវត្ត។ ហេតុនេះជំនាញនៃការច្នៃប្រឌិតនិងការគិតវិភាគមានតែមនុស្សទេដែលអាចធ្វើបាន។ បន្ថែមពីលើនេះ ម៉ាស៊ីនមិនអាចដោះស្រាយបញ្ហាជំនួសមនុស្សបាននោះទេហើយវាក៏មិនអាច​ដឹងនាំការងារគ្រប់គ្រងបានដែរ។

ហេតុនេះមនុស្សគួរស្វែងយល់ពីជំនាញសតវត្សទី២១ដើម្បីផ្លាស់ប្តូរឬកែប្រែជីវិតខ្លួនឯងពីអ្នកធ្វើការងារដដែលៗឱ្យក្លាយជាមនុស្សដែលមានសមត្ថភាពមិនចេះរីងស្ងួតហើយធានាថា​ម៉ាស៊ីនមិនអាចជំនួសបាន ទោះក្នុងកាលៈទេសៈណាក៏ដោយ៕