កីឡាឡើងជញ្ជាំងភ្នំ និងសំរ៉ូតខ្សែពួរ គឺជាប្រភេទកីឡា ដែលយើងមើលដោយភ្នែកទទេ គឺមិនគួរឲ្យអ្នកលេងប្រថុយកជិវិតទៅប្តូរនោះទេ ជាពិសេសគឺស្រ្តីៗ តែម្តង។ តែហេតុអ្វីបានជាស្រ្តីខ្មែរមួយចំនួន នាពេលបច្ចុប្បន្ននេះ ពេញនិយមលេងកីឡាបែបគ្រោះថ្នាក់ឡើងជញ្ជាំងភ្នំ និងសំរ៉ូតខ្សែពួរនេះទៅវិញ។
យោងតាមលោក ម៉ម សុថារិន្ទ ជាស្ថាបនិករបស់ Khmer Climbing Community និងជាគ្រូបង្វឹកកីឡាឡើងជញ្ជាំងភ្នំ និងសំរ៉ូតខ្សែពួរ បានប្រាប់ឲ្យដឹងថា លោកបានចាប់ផ្តើមរៀបចំលេងកីឡានេះតាំងពីឆ្នាំ២០១៦ គិតមកដល់ពេលនេះគឺមានរយៈពេល ៥ឆ្នាំមកហើយ។ លោកសង្គេតឃើញថា ៨០ភាគរយនៃស្រ្តី គឺមានចំណងចំណូលចិត្តលេងកីឡាប្រភេទគ្រោះថ្នាក់នេះ ហើយជាពិសេសគឺពួកគាត់ក្លាហានជាងប្រុសៗ។
លោក ម៉ម សុថារិន្ទ៖ «មានក្មេងស្រីៗ ប្រហែល ៨០ភាគរយ ចូលរួមលេងកីឡានេះ ពួកគាត់ក្លាហានជាងក្មេងប្រុសៗណាស់»។
លោកបានបន្តការចែករំលែកបទពិសោធន៍ចំពោះអ្នកដែលមានបំណងចង់សាកល្បងលេងកីឡាមួយប្រភេទនេះថា ប្រសិនបើមានបំណងចង់លេង ត្រូវតែជឿជាក់លើខ្លួនឯង សាងទំនុកចិត្ត ជំនះភាពភ័យខ្លាច និងជាពិសេសយល់ដឹងពីសុវត្ថិភាពនៃការឡើងភ្នំ តាមរយៈការចូលរួមវគ្គបណ្តុះបណ្តាលពី Sport Climbing ដែលរៀបចំដោយសហព័ន្ធកីឡាឡើងភ្នំកម្ពុជា។
លោក ម៉ម សុថារិន្ទ បានបន្តទៀតថា៖ «មុននឹងទៅលេងនៅភ្នំជាក់ស្តែង ខ្ញុំសំណូមពរឲ្យចូលរៀនវគ្គ Sport Climbing Level 1 សម្រាប់កីឡាឡើងជញ្ជាំងភ្នំ (Rock Climbing) និងចូលរៀនវគ្គ Abseiling Level 1 សម្រាប់អ្នកត្រៀមទៅលេងកីឡាសំរូតខ្សែពួរ (Abseiling) ដោយសារតែវគ្គនេះនឹងមានបង្ហាញពីឧបករណ៍ និងពីរបៀបប្រើប្រាស់ប្រកបដោយសុវត្ថិភាព»។
លោក ម៉ម សុថារិន្ទ ជាស្ថាបនិករបស់ Khmer Climbing Community និងជាគ្រូបង្វឹកកីឡាឡើងជញ្ជាំងភ្នំ និងសំរ៉ូតខ្សែពួរ
(រូបថតដោយ៖ Bayon Unique-បាយ័នយូនីគ Photography & Adventure)
កញ្ញា ថៃ ស្រីរ័ត្ន ជាគណនេយ្យករប្រចាំនៅក្រុមហ៊ុន Rinco Trading Co., LTD ដែលជាស្រ្តីក្លាហានម្នាក់ ចូលចិត្តលេងកីឡាឡើងជញ្ជាំងភ្នំ និងសំរ៉ូតខ្សែពួរនេះ បានរៀបរាប់ប្រាប់ឲ្យដឹងថា កញ្ញាបានចាប់ផ្តើមលេងកីឡានេះចាប់តាំងពីឆ្នាំ២០១៨ មកម្លេះ។ កញ្ញាបានប្រាប់ឲ្យដឹងពីផលវិជ្ជមានថា កីឡានេះបានបង្រៀនឲ្យកញ្ញាចេះជំនះ និងព្យាយាមធ្វើវាឲ្យបានសម្រេចទៅដល់គោលដៅ ជាពិសេលកីឡានេះអាចធ្វើឲ្យកញ្ញាបានមើលឃើញធម្មជាតិពណ៌ប៉ៃតងស្រស់ស្អាតទៀតផង។
កញ្ញា ថៃ ស្រីរ័ត្នបាននិយាយថា៖ «មែនទែនទៅខ្ញុំចូលចិត្ត កីឡាដែលប្រថុយប្រថានអីបែបនេះ ហាហាហា(សើច) និយាយទៅខ្ញុំចូលចិត្ត ហើយការឡើងភ្នំនេះ គឺធ្វើឲ្យយើងយល់ពីហានិភ័យ និងការទទួលខុសត្រូវ»។
កញ្ញា ថៃ ស្រីរ័ត្ន បានលេងកីឡាឡើងជញ្ជាំងភ្នំបែកពាង
កញ្ញា អ៊ូ ស៊ីវជីញ ជាស្រ្តីម្នាក់ដែលមានចំណងចំណូលចិត្តចូលចិត្តសាកល្បងអ្វីថ្មីៗ និងប្លែកៗ បានប្រាប់ឲ្យដឹងថាកញ្ញាចាប់ផ្ដើមលេងកីឡានេះដំបូងនៅក្នុងឆ្នាំ២០១៩ ដែលមានការណែនាំពីមិត្តភក្តិ ហើយកញ្ញាបានបន្តលេងកីឡាឡើងជញ្ជាំងភ្នំ និងកីឡាសំរ៉ូតខ្សែពួរនេះរហូតមកដល់សព្វថ្ងៃ។ កញ្ញាបានបន្តទៀតថា កីឡានេះអាចធ្វើឲ្យកញ្ញាបំបាត់ការធុញធប់ និងមានអារម្មណ៍ល្អ។ កញ្ញាក៏បានប្រាប់ពីផលអវិជ្ជមានខ្លះៗ ដែលដូចជា មានរបួសតិចតួចពេលដែលខ្លួនប្រាណប៉ះនឹងដំថ្ម និងប៉ះជាមួយនឹងដើមឈើផ្សែងៗ។
កញ្ញា អ៊ូ ស៊ីវ ជីញ បាននិយាយថា៖ «ខ្ញុំចូលចិត្តអ្វីថ្មីៗ ចង់សាកឲ្យបានគ្រប់កីឡា ខ្ញុំតែងជឿថាការលែងកីឡានេះជួយឲ្យជីវិតស្គាល់អ្វីថ្មីៗ។ អ្នកនឹងមានអារម្មណ៍ល្អបន្ទាប់ពីបានលេងវា ហើយវានឹងជួយជម្រុញអ្នកឲ្យមានភាពក្លាហានជំនះនឹងឧបសគ្គ»។
កញ្ញា អ៊ូ ស៊ីវ ជីញ បានលេងកីឡាសំរ៉ូតខ្សែពួរនៅថ្មលយ គិរីរម្យ (រូបថតដោយ៖ Khmer Kun)
គួរបញ្ជាក់ថា កីឡាឡើងជញ្ជាំងភ្នំ និងសំរ៉ូតខ្សែពួរដែលភាសាអង់គ្លេសហៅថា «Rock Climbing និង Abseiling» ជាប្រភេទកីឡាដែលជនជាតិបរទេសពេញនិយមលេងបំផុតទៅតាមជញ្ជាំងភ្នំខ្ពស់ៗ។