មានតំណាលតគ្នាថា នៅក្នុងភូមិចាស់របស់ប្រទេសជប៉ុន មានបុរសឆ្លាតម្នាក់ជាម្ចាស់អណ្តូងទឹក ប៉ុន្តែគាត់មិនបានប្រើប្រាស់វា ទើបគាត់សម្រេចចិត្តលក់វាទៅឱ្យកសិករនៅក្បែរនោះ។ ថ្ងៃមួយ ពេលគាត់ដើរកាត់ក៏ឃើញកសិករនោះកំពុងបូមទឹកពីអណ្តូងសម្រាប់ធ្វើម្ហូប ស្រោចផ្កា ចិញ្ចឹមសត្វ។ល។ បុរសឆ្លាត បានឃាត់គាត់ភ្លាមៗ ដោយមិនអនុញ្ញាតឱ្យគាត់បូមទឹកពីអណ្តូងនោះទេ។
បុរសឆ្លាតនិយាយថា៖ "ខ្ញុំលក់តែអណ្តូងឱ្យអ្នក ខ្ញុំមិនលក់ទឹកឱ្យអ្នកទេ ដូច្នេះអ្នកមិនអាចយកទឹកពីអណ្តូងនេះបានទេ"។
កសិករនោះសោកស្តាយយ៉ាងខ្លាំង ហើយមិនដឹងធ្វើយ៉ាងណា។ គាត់បានទិញអណ្តូង ប៉ុន្តែគាត់មិនបានបង់ថ្លៃទឹកពីអណ្តូងនោះទេ។ ឥឡូវនេះអណ្តូងនោះមានទឹកពេញ ប៉ុន្តែគាត់មិនអាចប្រើប្រាស់វាបានទេ។
មិនដឹងធ្វើយ៉ាងណា កសិកររូបនេះបានសម្រេចចិត្តនាំ បុរសឆ្លាតទៅជួបមេភូមិ ដោយសង្ឃឹមថានឹងមានដំណោះស្រាយឲ្យគាត់។ នៅមុខមេភូមិ កសិករបាននិទានរឿងពីដើមដល់ចប់។
មេភូមិហៅបុរសឆ្លាតមកសួរថា ម៉េចមិនឲ្យគាត់ប្រើទឹកក្នុងអណ្ដូង?
"បាទលោកមេភូមិ ខ្ញុំលក់តែអណ្តូងឱ្យកសិករនេះ ខ្ញុំមិនបានលក់ទឹកឱ្យគាត់ទេ ដូច្នេះគាត់គ្មានសិទ្ធិយកទឹកប្រើទេ។ ប្រសិនបើគាត់ចង់យកទឹក គាត់មានតែចំណាយលុយច្រើនដើម្បីទិញទឹកពីខ្ញុំ” បុរសឆ្លាតឆ្លើយយ៉ាងជឿជាក់លើអំណះអំណាងរបស់គាត់។
មេភូមិមើលទៅបុរសឆ្លាត ញញឹមតិចៗ ហើយឆ្លើយថា «អូ ឯងលើកចំនុចបានល្អណាស់។ បើឯងលក់អណ្ដូងឲ្យកសិករនេះ អណ្ដូងក៏ក្លាយជាទ្រព្យរបស់កសិករ រីឯទឹកក្នុងអណ្ដូងក៏នៅជារបស់ឯង ដូច្នេះ បុរសឆ្លាតឯង គ្មានសិទ្ធិស្តុកទឹកក្នុងអណ្ដូងរបស់កសិករទៀតទេ»។
"ឥឡូវនេះមានជម្រើសពីរប៉ុណ្ណោះ៖ មួយគឺ បុរសឆ្លាតត្រូវបង់ប្រាក់ឱ្យកសិករ ដោយឯងត្រូវជួលអណ្តូងសម្រាប់ស្តុកទឹក។ ទីពីរគឺឯងត្រូវ ដងទឹកទាំងអស់ចេញពីអណ្តូងភ្លាមៗ"
បុរសឆ្លាតអោនក្បាលយ៉ាងក្រៀមក្រំដោយមិនដឹងថាត្រូវធ្វើយ៉ាងណា។ គាត់បានទទួលគ្រោះថ្នាក់ដោយសារភាពវៃឆ្លាតរបស់គាត់ នេះហៅថាតម្រិះជិះកឯង។
មេរៀនពីរឿងនេះ៖ ក្នុងជីវិតមិនថាអ្នកឆ្លាតប៉ុណ្ណាទេ តែងតែមានអ្នកដទៃដែលឆ្លាតជាងអ្នក។ ហេតុដូច្នេះហើយបានជាមនុស្សកើតមក ត្រូវរៀនឥតឈប់ឈរ ទោះបីជាមានវ័យចំណាស់ក៏ដោយ។