បុរសម្នាក់កាត់ស្មៅក្នុងចម្ការ ប៉ះចំមីនបណ្តាលឱ្យផ្ទុះស្ទើរដាច់ម្រាមជើង

(ពោធិ៍សាត់)៖ បុរសម្នាក់បានរងគ្រោះថ្នាក់ ខណៈដែលកំពុងកាន់ស្មៅក្នុងចម្ការ ក៏ប៉ះនឹងមីនបន្សល់ពីសម័យសង្គាម បណ្តាលឱ្យផ្ទុះរហែកមេជើង និងត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យបង្អែកពោធិ៍សាត់ ហើយនៅពេលនេះបានធូរស្រាលបន្តិចហើយ។

ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ០២៖២០នាទីរសៀល ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០ នៅចំណុចអូរកងឈ្លប ស្ថិតក្នុងភូមិសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។

សេចក្តីរាយការណ៍ពីសមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ កុង ប៊ុនធី ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរ កសិករ ស្នាក់នៅចំណុចអូរកងឈ្លប ភូមិសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។

សេចក្តីរាយការណ៍បន្តថា មុនពេលកើតហេតុ ជនរងគ្រោះ បានយកម៉ាស៉ីនកាត់ស្មៅ ទៅកាត់ស្មៅក្នុងចម្ការ។ ពេលកំពុងតែកាត់ ស្រាប់តែចំនឹងដែកម្យ៉ាង ដែលជាមីនសម័យសង្គ្រាម ក៏បែកផ្កាភ្លើងបណ្តាលឱ្យផ្ទុះ បែកម្រាមជើងខាងស្តាំរងរបួសធ្ងន់។ ក្រោយពេលកើតហេតុ ជនសង្ស័យត្រូវបានក្រុមគ្រួសារបញ្ជូនទៅកាន់មន្ទីរពេទ្យខេត្តពោធិ៍សាត់។

សមត្ថកិច្ចបានឱ្យដឹងផងដែរថា គ្រាប់មីនដែលផ្ទុះនេះ គឺបន្សល់ទុកតាំងពិសម័យសង្គ្រាមព្រំដែនមកម៉្លេះ៕