ឈប់ច្រឡំ!! ថ្ងៃចូលឆ្នាំថ្មីប្រពៃណីខ្មែរ មិនមែនជាថ្ងៃឆ្លង ពុទ្ធសករាជថ្មីនោះទេ

នៅមានការយល់ច្រឡំខ្លះ អំពីការ​កំណត់​ពុទ្ធសករាជ​ថ្មី ថារាប់ចាប់ពី “ថ្ងៃឆ្លងចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឬថ្ងៃឡើងស័ក (ដែលត្រូវជាថ្ងៃទី១៣ឬ១៤មេសា) ជាថ្ងៃ ឆ្លងពុទ្ធសករាជថ្មីដែរ ” តែពុំមែនដូច្នេះទេ។

ជាក់ស្ដែង ថ្ងៃឆ្លងបុណ្យចូលឆ្នាំថ្មី ប្រពៃណីខែ្មរ គឺមិនមែនជាថ្ងៃឆ្លង ពុទ្ធសករាជថ្មីនោះទេ។ មានន័យថា បើឆ្លងពី ឆ្នាំកុរ ព.ស ២៥៦៣ ចូលឆ្នាំជូត គឺស្ថិតក្នុងពុទ្ធសករាជតែមួយ (ឆ្នាំជូត ព.ស ២៥៦៣) ។ ខាងក្រោមនេះជាការបកស្រាយ៖

នេះជារឿងពីរដាច់ពីគ្នាដោយ “ថ្ងៃឆ្លងឆ្នាំថ្មីប្រពៃណីខ្មែរ” ជាកេរ្ដិ៍តំណែល ដែលមានតពីបុរាណកាល ដែលត្រូវធ្វើក្នុង ខែចេត្រ ជារៀងរាល់ឆ្នាំ។  ដោយឡែក “ថ្ងៃឆ្លងពុទ្ធសករាជថ្មី” គឺជារឿងមួយផ្សេងទៀត ដែលមានទំនាក់ទំនងជាមួយព្រះពុទ្ធ ដែលត្រូវកំណត់យកចាប់ពី ថ្ងៃ១រោច ខែពិសាខ (ក្រោយ១ថ្ងៃ ដែលព្រះពុទ្ធចូលបរិនិព្វាន ក្នុងថ្ងៃ១៥កើត ខែពិសាខ)។

តំណាងក្រសួងធម្មការនិងសាសនា ធ្លាប់បានបកស្រាយពីបញ្ហានេះកាលពីឆ្នាំ​២០១៨ ដោយលើកឡើងពីការកំណត់យកថ្ងៃ ១រោច ខែពិសាខ ផ្ដើមរាប់ជាពុទ្ធសករាជថ្មី។ នេះក៏សម្រេចលើថ្នាក់ដឹកនាំប្រទេស ជាអ្នកកំណត់យក ដោយប្រទេសថៃ ប្រទេសមីយ៉ាន់ម៉ា ក៏មានការកំណត់ខុសគ្នា។

ជាទម្ងន់បន្ថែមពីនេះ វចនានុក្រមសម្ដេចព្រះសង្ឃរាជជួនណាត ក៏បានរៀបរាប់ពីបញ្ហានេះផងដែរថា ពុទ្ធសករាជ ជាចំនួនថ្ងៃខែឆ្នាំ រាប់តាំងពីក្រោយថ្ងៃដែលព្រះពុទ្ធទ្រង់ចូលបរិនិព្វានទៅបានមួយថ្ងៃ។

វចនានុក្រមសម្ដេចសង្ឃជួនណាតបានបកស្រាយពេញថា៖ ៉ពុទ្ធសករាជ(-សៈកៈរ៉ាច, ឬ ត.ប ស្រ. -ស័ក-ក្រាច)ន. ចំនួនថ្ងៃខែឆ្នាំរាប់តាំងពីក្រោយថ្ងៃដែលព្រះពុទ្ធទ្រង់ចូលបរិនិព្វានទៅបានមួយថ្ងៃរៀងមក។ ព្រះសក្យមុនីគោតមទ្រង់ ចូលបរិនិព្វាននៅថ្ងៃ អង្គារ ១៥កើតខែពិសាខ ឆ្នាំម្សាញ់ រាប់ពីត្រឹមថ្ងៃ ១រោច ខែពិសាខនោះមកជា ពុទ្ធសករាជ។ ៉

អំណៈអំណាងខាងលើគឺអាចបង្ហាញបានថា ការសរសេរក្នុងលិខិតបទដ្ឋានផ្លូវការ នៅបន្តប្រើ ព.ស ២៥៦៣ “ថ្ងៃចន្ទ ៦រោច ខែចេត្រ ឆ្នាំជូត ព.ស ២៥៦៣” គឺជារឿងត្រឹមត្រូវជាង និងមានអំណះអំណាងជាង។ លុះដល់ថ្ងៃ ១រោចខែពិសាខ ឆ្នាំជូត (ដែលឆ្នាំ២០២០នេះត្រូវនឹងថ្ងៃទី ៧ ខែឧសភា) ទើបត្រូវដូរមកដាក់ ព.ស ២៥៦៤ វិញ៕